ដោយ: អង្គារ៍ហេង / ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្នុងសភាពស្អុយរលួយ ដោយពុំទាន់ដឹងថា ជាករណីអ្វីឲ្យពិតប្រាកដ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលបង្កឲ្យមានការភ្ញាក់ផ្អើលនេះឡើង បងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅលេងបោះប៊ូល នៅក្នុងដីឡូត៍ជាប់កន្លែងកើតហេតុ ជារៀងរាល់ថ្ងៃ តែអត់មាននាក់ចាប់អារម្មណ៍ថា មានមនុស្សស្លាប់នៅទីនោះទេ ស្រាប់តែនៅថ្ងៃកើតហេតុ មានក្មេងៗ បាននាំគ្នាយកក្លែងទៅបង្ហោះលេងនៅជិតកន្លែងសព ស្រាប់តែបណ្តាលឲ្យក្លែងដាច់ខ្សែធ្លាក់ចំពីលើសព ហើយក្មេងៗ បានទៅរើស ស្រាប់តែឃើញសពបុរសម្នាក់ដេកស្លាប់ មានសភាពស្អុយរលួយបាត់ទៅហើយ រួចបាននាំគ្នារត់ទៅប្រាប់អ្នកភូមិឲ្យរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗ រួចបានយកខ្សែហ៊ុមព័ទ្ធនៅជុំវិញសព ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ឲ្យចុះមកពិនិត្យ ហើយខាងជំនាញនៅមិនទាន់អាចបញ្ជាក់ថា សពស្លាប់ដោយសារអ្វីឲ្យពិតប្រាកដនៅឡើយ៕