Home ព័ត៌មានជាតិ សេដ្ឋកិច្ច រថយន្ត​ដឹកឈើ​...

រថយន្ត​ដឹកឈើ​ក្រឡាប់​នៅ​ស្រុក​ស្ទឹងត្រង់ ក្អួត​ចេញ​ឈើ​លេខ​មួយ​ជាង​៣០​គូប​

ដោយ​: គង់​ហេង / កំពង់ចាម​: រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក មួយគ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ធ្លាយ​ចេញមកក្រៅ សុទ្ធតែ​ឈើ​ប្រភេទ​លេខ​១ ប្រមាណ​ជាង​៣០​ម៉ែត្រគូប កែច្នៃ​បួនៗ​ជ្រុង​ប្រវែង​បី​ទៅ​បួន​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១​។ ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹកឈើ​នេះ មានតែ​តៃកុង​រថយន្ត​របួស​ដៃ​ស្រាល​ម្នាក់​។​

​ខណៈដែល​នៅក្នុង​លិខិត​ច្បាប់​អនុញ្ញាតឱ្យ​ដឹក​ជ​ញ្ជួ​ន​ត្រឹមតែ​មួយគ្រឿង​ប្រមាណ​ជាង ១៧​ម៉ែត្រ​ប៉ុណ្ណោះ និង​ជា​ឈើ​ប្រភេទ​លេខ​៣ ចេញពី​ទឹកដី​ខេត្តក្រចេះ​ឆ្ពោះទៅកាន់​ខេត្តកណ្តាល​។ ប៉ុន្តែ​បើតាម​កត់សម្គាល់​ឈើ​ប្រភេទ​សុ​ក្រំ ស្រឡៅ កែច្នៃ​ជា​រាង​ជ្រុងៗ​បែបនេះ ជា​ប្រភេទ​ឈើ​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​ក្រឡាប់​រថយន្ត​ក្បែរផ្លូវ​ចូល​ភូមិ​គីឡូ​បី ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​បាន​និយាយថា មាន​រថយន្ត​ដឹកឈើ​ដូច​ក្រឡាប់​នេះ​ច្រើន​គ្រឿង​ណាស់​ក្នុង​មួយ​យប់ៗ ធ្វើ​សកម្មភាព​ច្រើន​ខែ​ហើយ គឺ​បើកបរ​លឿនៗ​ណាស់​គ្រប​តង់​បិទ​ជិត​ផ្នែក​ទ្រុង ឬ​រឺ​ម៉ក​។ ជាក់ស្តែង​រថយន្ត​ដែល​ក្រឡាប់​នេះ គឺ​គ្មាន​ឧបសគ្គ​នៅ​ខាង​នៅមុខ​ឡើយ គឺ​បណ្តាលមកពី​បើកបរ​លឿន ផ្លូវ​ចុះ​ចំណោត និង​ផ្លូវ​កោង​ទើប​ក្រឡាប់​តែម្តង​។​

​ជុំវិញ​ករណី​រថយន្ត​ដឹកឈើ​ក្រឡាប់​នេះ​លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម​បាន និយាយថា រថយន្ត​ដឹកឈើ​ក្រឡាប់​នេះ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ប៉ុន្តែ​បើ​ថា ដឹក​លើស​ច្បាប់​អនុញ្ញាត និង​ខុស​ប្រភេទ​ពី​លេខ​៣ មក​លេខ​១ នោះ​ខាង​លោក នឹង​ចុះទៅ​វាស់វែង​ពិនិត្យ​ជាក់ស្តែង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular