បញ្ជូនអ្នកបើករថយន្ត បុកបង្គោលភ្លើង ហើយបាញ់សមត្ថកិច្ច មកតុលាការ

ដោយៈ សរិទ្ធ/កណ្តាលៈ ជនសង្ស័យ ដែលបើករថយន្ត បុកបង្គោលភ្លើង ហើយបាញ់រះសមត្ថកិច្ចប៉ុស្តិ៍នគរបាលសំពៅពូន ចំនួន ៧ គ្រាប់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បញ្ជូនដល់អយ្យការ អមសាលាដំបូង ខេត្តកណ្តាល នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ច បានបញ្ជាក់ថាៈ ពេលនេះ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កំពុងសាកសួរជនសង្ស័យ។

គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំកម្លាំងដោយផ្ទាល់ សម្រុកចូលបង្ក្រាប ជនល្មើសម្នាក់ បានដោយជោគជ័យ បន្ទាប់ពីជនល្មើស បានចូលបន្ទប់សមត្ថកិច្ច ប៉ុស្តិ៍សំពៅពូន រួចបាញ់រះ មកលើសមត្ថកិច្ច ចំនួន ៧ គ្រាប់ តែមិនចំនរណាម្នាក់ បណ្តាលអោយរងរបួសនោះទេ ។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ ធ្វើឡើងកាលពីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចប៉ុស្តិ៍នគរបាល រដ្ឋបាលសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច បានអោយដឹងថា រឿងហេតុដំបូង ដែលឈានដល់ការបាញ់រះ មកលើសមត្ថកិច្ចនេះ គឺដោយសារមានករណី រថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត ។ ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួន អ្នកបើករថយន្ត មកដោះស្រាយគ្នា ។ ប៉ុន្តែ ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើស បានរត់ចូលទៅក្នុងបន្ទប់ នគរបាលប៉ុស្តិ៍ ហើយចាក់សោរ រួចក៏យកកាំភ្លើង ដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅ សំដៅមកលើកងកម្លាំងនគរបាល ចំនួន ៧ គ្រាប់ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់ រងរបួសនោះឡើយ។

ក្រោយមានហេតុការណ៍នេះ កើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំកម្លាំង ចុះទៅអន្តរាគមន៍ នៅកន្លែងនោះ និងបានឡោមព័ទ្ធ ដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើស បានតែម្តង ។

ជនបង្កមាន ឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបររថយន្ត ដឹកទំនិញ អោយក្រុមហ៊ុន ។ តាមការសួរនាំ និងធ្វើតេស្តទឹកនោម ឃើញថា ជននេះ មានប្រើប្រាស់គ្រឿងញៀន ផងដែរ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular