ផ្លូវជាតិ​លេខ​៣​សម្រេចការ​សាងសង់​បាន​៩០% និង​គ្រោង​បញ្ចប់​មុន​កាលកំណត់​១​ឆ្នាំ​

ដោយៈ​សុផល​/​ភ្នំពេញ​: លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​បញ្ជាក់ថា គម្រោង​ពង្រីក និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៣​ពី​រង្វង់​មូល​ចោមចៅ​ដល់​ក្រុង​កំពត មាន​ប្រវែង​ប្រមាណ​១៣៤​គីឡូម៉ែត្រ ដោយ ក្រាល​បេតុង​កៅស៊ូ (AC) គិត​មកដល់ពេលនេះ​សម្រេចការ​សាងសង់​បាន​៩០%​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​២០២១​នេះ មុន​កាលកំណត់​ចំនួន​១​ឆ្នាំ​។​

​ក្នុងឱកាស​ដែល​លោក​ដឹកនាំ​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព​ផ្លូវ ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​៣​នា​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ការស្ថាបនា​ដែលថា​នឹង​បញ្ចប់​មុន​គម្រោង​នេះ គឺ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ម​ន្ត្រី​ជំនាញ​គ្រប់​ដំណាក់កាល​សាងសង់​ទាំងអស់ និង​បាន​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ដើម្បី​បញ្ជៀ​ស​ឱ្យបាន​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​បើកបរ​បត់​ត្រឡប់ក្រោយ​នៅលើ​ផ្លូវជាតិ​លេខ​៣​នេះ​និង​ក្រោយពី​ការស្នើ​របស់​ក្រសួង​ក្រុមហ៊ុន​សាងសង់​ក៏បាន​សម្រេច​ជួយ​សាងសង់​ផ្លូវ​ត្រឡប់ក្រោយ​ចំនួន​៥​កន្លែង នៅលើ​ផ្លូវជាតិ​លខ​៣​នេះ​ផងដែរ​។​

​ជាមួយគ្នា​ប​នេះដែរ លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា​ដើម្បី​បង្ការ​ការដឹក​លើស​ទម្ងន់ ដែល​ធ្វើឱ្យ​ផ្លូវថ្នល់​ងាយ​រង​ការខូចខាត ក្រសួង​នឹងដាក់​សាកល្បង​ដំណើរការ​ស្ថានីយ​ថ្លឹង​រថយន្ត​ក្រោម​ដី ចំនួន ២​កន្លែង​ដែល​ស្ថានីយ​ថ្លឹង​រថយន្ត​នោះ​មាន​ទាំង​កាំ​មេ​រ៉ា មើលឃើញ​ទាំងអស់ ឡាន​បើក​កាត់​ដឹង​ទម្ងន់​តែម្តង​។​

​គួរឱ្យ​ដឹងផង​ដែរ​ថា​៖ ការពង្រីក និង​លើក​កម្រិត​គុណភាព (​ពី DBST ទៅ AC) លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ មាន​ប្រវែង​សរុប​ជិត​១៣៥​គីឡូម៉ែត្រ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ក្រុង​កំពត ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ចិន​ជាង ២០០​លាន​ដុល្លារ​អាមេរិក​។​

​គម្រោង​នេះ​ចែកចេញជា​ពីរ​កំណាត់​៖ កំណាត់​ទី​១ ចាប់ពី​ភ្នំពេញ (​ចោមចៅ​)-​បែក​គូស មាន​ប្រវែង​ជិត​៧០​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤.៥​ម៉ែត្រ ជា​៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង ២១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ២៤.៥​ម៉ែត្រ​។ ដោយឡែក​កំណាត់​ទី​២ ចាប់ពី​បែក​គូស ដល់​ក្រុង​កំពត ប្រវែង​ជិត​៦៥​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២​ម៉ែត្រ ជា​២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៧​សង់ទីម៉ែត្រ ទទឹង ១១​ម៉ែត្រ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular