ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងល្បាតរបស់ កងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ចំនួនបីនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅត្រង់ចន្លោះស្ពាន ទី១១-១២ បណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌ បានឱ្យដឹងថាៈ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង រួមមានៈ ១.ឈ្មោះ រិន ចំណាប់ អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្មាត , ២.ឈ្មោះ ធឿន វិទ្ធី អាយុ២៥ឆ្នាំ មុខរបរ ជាងភ្លើង និង ៣.ឈ្មោះ សេង ម៉ាប់ អាយុ២៤ឆ្នាំ មុខរបរ កម្មករកាប់អំពៅ ។ យុវជនទាំងបីនាក់នេះ មានលំនៅ នៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាមួយគ្នា ។ សមត្ថកិច្ច បានដកហូតវត្ថុតាង ក្រាម ស ថ្លា ចំនួន ២កញ្ចប់តូច, IPad ១គ្រឿង, ទូរស័ព្ទ ២គ្រឿង, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, កាតគ្រីម៉ូតូ ១សន្លឹក , ប័ណ្ណសមាជិក ប.ស.ស ១សន្លឹក , ប្រាក់ ៥០០ រៀល និងម៉ូតូ១គ្រឿង ពណ៌លឿង ស្លាកលេខ ខេត្តកំពង់ចាម 1Y.0692។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានត្រូវបញ្ជូន ទៅការិយាល័យគ្រឿងញៀន នៃកងរាអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីបន្ត៕/V.mara