ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងមន្ត្រីជាច្រើនរូប នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ បានជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដល់អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រា ដោយសារ មេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី ៧ ឃុំ ក្នុងស្រុកស្វាយទាប ចំនួន ២២ គ្រួសារ និង ៦ សង្កាត់ ក្នុងក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញ ចំនួន ២០ គ្រួសារ សរុបចំនួន ៤២ គ្រួសារ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយទាប និងនៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ។
នៅក្នុងឱកាសនោះ លោក ម៉ែន វិបុល បានពាំនាំនូវ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនា អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើ ឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាព ទាំងផ្លូវកាយ-ផ្លូវចិត្ត ឲ្យបានរឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជា ហើយទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ ដែលជាការគម្រាមកំហែង ដល់សុខភាពសាធារណៈ នៅឆ្នាំ ២០២៥ ។ លោកបាននាំមកនូវសារ អំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពង្រីកការអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ ឲ្យបានទូលំទូលាយ ។
អំណោយ និងសម្ភារដែលសាខា បានផ្តល់ជូនទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបានអង្ករ ៣០ គ.ក្រ គ្រឿងឧបភោគបរិភោគ ជាច្រើនមុខ មានដូចជា មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ សាប៊ូដុំ ទឹកដោះគោខាប់ មុង ភួយ សារុង ក្រមា អាវយឺត ថវិកា ៥០.០០០ រៀល ។ ដោយមានការ អាណិតស្រឡាញ់ បងប្អូនរងគ្រោះ លោកអភិបាលខេត្ត បានជួយឧបត្ថម្ភបន្ថែម ទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ៣០.០០០ រៀល៕/V.mara