Home ព័ត៌មានសំខាន់ៗ សាលារៀន​បិទ​ទ...

សាលារៀន​បិទ​ទូទាំងប្រទេស ហើយ​នាយក​រដ្ឋមន្ត្រី​ថៃ ប្រាប់​អោយ​ប្រជាជន​«​នៅផ្ទះ​»​បើ​មិន​ចង់​…

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ចន្ទ​ទី​០៤​មករា បាន​ប្រាប់​សាធារណជន​អោយ​នៅ​ក្នុងផ្ទះ​ដើម្បី​ជួយ​ទប់ស្កាត់​ការចម្លង​វីរុស​កូរ៉ូណាដ៏​ខ្លាំង​បំផុត​​មិន​ដែល​ធ្លាប់​មាន​នៅក្នុង​ប្រទេស​និង​ដើម្បី​ជៀសវាង​ការបិទ​ប្រទេស​ដ៏​តឹងរឹង​ណាមួយ​ដែល​អាច​កើនឡើង នៅពេល​អាជ្ញាធរ​បាន​អះអាង​អំពី​ការឆ្លង​ថ្មី​ដល់​ទៅ​៧៤៥​នាក់​នៅ​២៤​ម៉ោង​កន្លងមក​។​

​ប្រា​យុទ្ធ ប្រាប់​ប្រជាជន​អោយ​នៅ​ផ្ទះ​បើ​មិន​ចង់​ឃើញ​វិធានការ​តឹងរឹង​ឬ​ការបិទ​ប្រទេស​ទេ​

​រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ខេត្ត​២៨ រួម​ទាំង​ទីក្រុង​បាងកក​ជា​តំបន់​ប្រឈម​ការឆ្លង​ខ្ពស់​(​តំបន់​ក្រហម​) និង​បាន​ស្នើសុំ​ប្រជាជន​អោយ​ធ្វើការ​ចេញពីផ្ទះ និង​ជៀសវាង​ការជួបជុំ ឬ​ការធ្វើដំណើរ​ហួស​​ពី​ខេត្ត​របស់​ខ្លួន នៅពេល​ការឆ្លង​កើន​ខ្ពស់បំផុត​ក្រោយ​ការផ្ទុះកូ​វីដ​១៩​នៅ​ផ្សារ​បោះ​ដុំ​អាហារ​សមុទ្រ​នៅក្នុង​ខេត្ត​មួយ​ជិត​ក្រុង​បាងកក​កាលពី​ខែ​មុន​។​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​និយាយថា រដ្ឋាភិបាល​គិត​អំពី​ការខូចខាត​សេដ្ឋកិច្ច​បណ្តាលមកពី​ការដាក់ចេញ​វិធានការ​ទប់ស្កាត់​វីរុស​តឹងរឹង​ណាមួយ ដូច្នេះ​«​យើង​មិន​ចង់​បិទ​ប្រទេស​ទាំងមូល​ទេ ដោយ​​សារ​យើង​ដឹង​អំពី​បញ្ហា​កើត​មាន បើ​អ៊ីចឹង​តើ​លោក​អ្នក​អាច​បិទ​ខ្ទប់​ខ្លួនឯង​បាន​ទេ​?»​។​

​ប្រា​យុទ្ធ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​បន្តថា​« វា​អាស្រ័យ​លើ​អ្នក​រាល់គ្នា បើ​យើង​មិន​ចង់​ឆ្លង គ្រាន់តែ​នាំគ្នា​នៅផ្ទះ​១៤-១៥​ថ្ងៃ​។​បើ​អ្នក​ចូល​ចិត្ត​ធ្វើ​ដូច្នេះ នោះ​អ្វីៗ​នឹង​មាន​សុវត្ថិភាព »​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ ថៃ​ក៏​មាន​អ្នកជំងឺ​កូវី​ដស្លាប់​បន្ថែម​ម្នាក់​ទៀត នាំ​អោយ​ថៃ​មាន​អ្នកស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ឡើង​ដល់​៦៥​នាក់​និង​ចំនួន​ឆ្លង​ឡើងដល់​៨.៤៣៩​នាក់​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​ក្រុង​បាងកក​បាន​បញ្ជា​អោយ​ភោជ្ជ​នី​យដ្ឋា​ន​និង​អ្នកលក់​អាហារ​តាម​ដង​ផ្លូវត្រូវ​បញ្ឈប់​ការលក់ដូរ​ចាប់ពី​ម៉ោង​៧​យប់​ដល់​៦​ព្រឹក​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៥​មករា​ទៅ​ដើម្បី​កាត់​​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​វីរុស តែ​ការទិញ​យកទៅ​បរិភោគ​នៅ​កន្លែង​ផ្សេង​នឹង​ត្រូវ​អនុញ្ញាត​។​

​ការលក់​សុរា​នៅ​តាម​ហាង​ត្រូវបាន​ហាម និង​រង្គសាល ព្រម​ទាំង​កន្លែង​កម្សាន្ត​សប្បាយ​ផ្សេងៗ​ក៏​បិទ​នៅតាម​ខេត្ត​ដែល​ប្រឈម​ខ្ពស់ ហើយ​អភិបាលខេត្ត​ត្រូវបាន​ផ្តល់​អំណាច​ដើម្បី​ដាក់ចេញ​វិធានការ​ផ្ទាល់​​របស់គេ​។​

​បន្ថែម​លើ​បទបញ្ជា​បិទ​សាលារៀន​នៅ​ក្រុង​បាងកក​កាលពី​សប្តាហ៍​មុន ឥឡូវ​សាលារៀន​និង​មជ្ឈមណ្ឌល​សិក្សា​ត្រូវ​បិទ​មួយ​ខែ​នៅ​ទូទាំង​ប្រទេស​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular