Home ព័ត៌មានជាតិ សន្តិសុខ អ្នកភូមិ​ប្រទ...

អ្នកភូមិ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ទើរ​លើ​មែកឈើ​ក្នុងព្រៃ​បង្ក​ការភ្ញាក់ផ្អើល​

ដោយ​: ស​រិ​ទ្ធ / ព្រៃវែង​: អ្នកភូមិ​បាន​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ ទើរ​លើ​មែកឈើ​ក្នុងព្រៃ​កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១​នៅ​ចំណុច​ក្នុងព្រៃ​មួយកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​អ្នកភូមិ​បាន​អះអាងថា​ស្ថានភាព​សព ក្បាល​បត់​ចុះទៅ​ក្រោម ជើង​ឡើងលើ រាងកាយ​មាន​របួស​បែកខ្ទេច​ផ្ទៃមុខ ចំណែក​សម្លៀកបំពាក់រ​ហែក​រញ៉េរញ៉ៃ ធ្វើអោយ​គេ​សង្ស័យថា អាចជា​ករណី​ឃាតកម្ម​ផ្តាច់ជីវិត​ស្ត្រី​រងគ្រោះ​រូបនេះ​។​

​សព​ស្ត្រី​រងគ្រោះ​ម្នាក់​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ ស្លៀកសំពត់​កៅស៊ូ​ពណ៌​ទឹកក្រូច​មាន​ផ្កា ពាក់អាវ​ផ្កា​ពណ៌​ទឹកក្រូច​។​

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល រហូត​មាន​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​នៅក្បែ​ទីតាំង​នោះ​នាំគ្នា​ចោមរោម​មើល​យ៉ាង​កកកុញ​នោះ​រួចមក សមត្ថកិច្ច​ស្រុក​និង​ខេត្ត​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​បាន​ហ៊ុំ​ព​ទ្ធ័ក​ន្លែ​ង​កើតហេតុ​ភ្លាមៗ​ផងដែរ ដើម្បី​រក្សា​ស្លាកស្នាម​វត្ថុតាង​នៅ​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។​

​ទោះបីជា​យ៉ាងណា រហូតមកដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ក្រោយពី​ធ្វើការ​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ និង​សព​រួចមក សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​ថា ស្ត្រី​រងគ្រោះ​បាត់បង់​ជីវិត​ដោយសារ​មូលហេតុ​អ្វី ហើយ​អត្តសញ្ញាណ​ក៏​មិនទាន់បាន​ស្គាល់​នៅឡើយ គឺ​បានត្រឹមតែ​បញ្ជាក់​អោយដឹងថា នឹង​យក​ស្នាម​ក្រ​យ៉ៅ​ដៃ​របស់​សព​ស្ត្រី​រងគ្រោះ​ទៅ​ស្គែ​ន​ម៉ាស៊ីន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កំណត់​អត្តសញ្ញាណ​។ ប៉ុន្តែ​ត្រង់​ថា ការបាត់​បង់ជីវិត​នេះ​គឺជា​ករណី​អ្វី​នោះ គឺ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។​

​លោក ពៅ ជីវី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានអោយដឹងថា ចំពោះ​ករណីនេះ ខាង​មន្ត្រី​ជំនាញ​របស់លោក ក៏ដូចជា​ខាង​ក្រុមគ្រូពេទ្យ នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ថា​ជា​ករណី​អ្វី​អោយ​ពិតប្រាកដ ដោយ​លោក​សុំ​ពេលវេលា​ស្រាវជ្រាវ​បន្ថែមទៀត ពិសេស​គឺ​ត្រូវ​ស្រាវជ្រាវ​រក​សាច់ញាតិ និង​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​សិន ដើម្បី​អោយដឹងថា នៅ​មុនពេល​កើតហេតុ តើ​ស្ត្រី​រងគ្រោះ​មកពីណា ទៅណា ជាមួយ​អ្នកណា ហើយ​មានរឿង​អ្វី​គួរអោយ​សង្ស័យ​ខ្លះ វា​ជា​ពន្លឺ​ងាយស្រួល​សម្រាប់​បំបែកសំណុំរឿង​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular