ដោយៈ ពៅនិមល / ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ បានឱ្យដឹងថាៈ ច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ នៅកម្ពុជា នឹងដាក់ឱ្យអនុវត្ត ពេញលេញ នៅខែមីនា ខាងមុខ ខណៈបច្ចុប្បន្ន ច្បាប់នេះស្ថិត ក្នុងការរៀបចំបន្ថែម ពីអន្តរក្រសួង។
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា ថាៈ “ច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់នេះ ពួកយើងរង់ចាំប្រកាស ពិន័យអន្តរកាល ដែលក្រសួងពាក់ព័ន្ធ បានប្រជុំជជែកគ្នាហើយ ប្រហែលអាចចប់ នៅដើមខែមករានេះ យើងនៅមានប្រកាស ២ ទៀត ដែលគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ នឹងសម្រេច នៅថ្ងៃទី១៣ ខែមករា ហើយនឹងមានប្រកាស ផ្សេងៗទៀត ដូច្នេះការអនុវត្តពេញលេញ យើងនឹងចាប់ផ្តើម នៅខែមីនា ដោយស្ថិតក្នុងកសាងឯកសារគតិយុត្ត នៅក្រោមច្បាប់បណ្តើរៗ ផែនការសកម្មភាព ឯកសារគតិយុត្តក្រោម គឺរយះពេលក្នុងឆ្នាំ២០២១នឹងត្រូវមានទាំងអស់”។
ដោយឡែក ទាក់ទងនឹងពាក្យបណ្តឹងនានា ពីសាធារណជន នាពេលកន្លងមក លោកបានឱ្យដឹងថាៈ មិនទាន់មានតួលេខទេ គ្រាន់តែដឹងថា មានពាក្យបណ្តឹង ទាំងតូច និងធំ ដែលភាគច្រើន ទាក់ទងម្សៅទឹកដោះគោ និងបណ្តឹងតូចៗផ្សេងទៀត ទាក់ទងខូស្មិចទិច និងបណ្តឹងស្ថានីយប្រេងឥន្ធនៈមួយចំនួន។
លោកបានបន្តទៀតថាៈ ក្រៅពីនេះ អគ្គនាយកដ្ឋាន មានចាត់វិធានការ ដាក់បណ្តឹងខ្លួនឯង ចំពោះអ្នកធ្វើធុរកិច្ចណា ដែលមិនសុច្ចរិត និងការអនុវត្តន៍ធុរកិច្ច មិនសុច្ចរិតតែម្តង។
ជុំវិញច្បាប់នេះ កាលពីពេលកន្លងមក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ បានលើកឡើងថាៈ ដោយសារប្រព័ន្ធ និងគោលនយោបាយ ក្នុងកិច្ចការពារ អ្នកប្រើប្រាស់របស់កម្ពុជា មានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេស ក្នុងតំបន់ ដូច្នេះហើយ ទើបតម្រូវឱ្យមានការងារ ចំពោះមុខជាច្រើន ត្រូវធ្វើ បូករួមទាំងការបំពេញ នូវសេចក្តីត្រូវផ្សេងៗទៀត។
សូមបញ្ជាក់ថាៈ ច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ត្រូវបានប្រកាសឲ្យប្រើប្រាស់ ដាក់ឱ្យអនុវត្តន៍ នាខែវិចិ្ឆកា ឆ្នាំ២០១៩ កន្លងទៅ ក្នុងនោះមាត្រា ៥ បានចែងអំពី ការបង្កើតនូវ គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិ ដែលត្រូវបានផ្តល់ឱ្យ ដោយច្បាប់ អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ ក៏ត្រូវទទួលបានការឯកភាព ពីប្រមុខរាជរដ្ឋាភិបាលផងដែរ ហើយសមាសភាពនៃ គណៈកម្មាធិការជាតិ តំណាងមកពីក្រសួង ស្ថាប័នចំនួន១២រូប៕/V.mara/srn