ដោយៈសុផល/ភ្នំពេញ: កំពង់ផែទេសចរណ៍នៅខេត្តកំពត ដែលកំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាសាងសង់រួចរាល់បាន៤៥%ហើយៗគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១ នេះ។ កំពង់ផែនេះ នឹងជួយជំរុញការអភិវឌ្ឍលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងទេសចរណ៍ កាន់តែរីកចម្រើនបន្ថែមទៀត។
នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នេះ។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជិត១០លានដុល្លារអាមេរិក ដែលបានប្រកាស បើកដំណើរការសាងសង់កាលពីខែសីហា ឆ្នាំ២០១៨នោះ ត្រូវបានអាជ្ញាធរខេត្តកំពតអះអាង នាពេល ថ្មីៗនេះ ថា នឹងបើកដំណើរការពេញលេញ នៅ ដើមឆ្នាំ២០២១ ខាងមុខ។
បើតាមលោក ជាវ តាយ អភិបាល ខេត្តកំពត បានអះអាងកាលពីពេលថ្មីៗនេះថាកំពង់ផែទេសចរណ៍ អន្តរជាតិ មួយនេះ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញដល់កំណើនទេសចរណ៍នៅក្នុងខេត្តកំពត ពិសេសភ្ញៀវមកពីប្រទេសថៃ និងវៀតណាម ជាដើម។
លោកអភិបាល ខេត្តកំពតបានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពតមានកំពង់ផែ ចំនួន៤ដែលទី១ គឺកំពង់ផែវិញហួរ ដែលមានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ ដឹកជញ្ជូនទំនិញ តាមកប៉ាល់ធំៗ។ ទី២ គឺកំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ គឺកំពង់ផែរបស់ លោកស្រី កែវ ម៉ាលី សម្រាប់ដឹកជញ្ជូន នាំចេញស្រូវ និង ផលិតផល ផ្សេងៗចេញចូលប្រទេសថៃ និងទី៤ គឺគម្រោង កំពង់ផែ ទេសចរណ៍ អន្តរជាតិខេត្តកំពត ដែលបើក សម្រាប់ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមកប៉ាល់ពិសេសទេសចរ មកពីប្រទេសវៀតណាម និងថៃ អាចចូលចតបាន។
បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងកន្លងមកថា គម្រោងសាងសង់ កំពង់ផែ ទេសចរណ៍ អន្តរជាតិ ខេត្តកំពតនេះ គឺជាផ្នែកមួយនៃ គម្រោង គាំទ្រដោយ ហិរញ្ញប្បទាន សម្បទាន ពីធនាគារ អភិវឌ្ឍន៍ អាស៊ី ដែលមាន តម្លៃជាទឹកប្រាក់ជិត១០លានដុល្លារអាមេរិក សម្រាប់វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ពាក់ព័ន្ធនឹងខេត្តតំបន់ឆ្នេរសមុទ្រ ក្នុងនោះ មានខេត្តកែប កោះកុង និងខេត្តកំពត។
គម្រោងដែលត្រូវបាន គាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ ក្នុងគោលបំណង ធ្វើឱ្យប្រសើរ ឡើងនូវ ការតភ្ជាប់ ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀង ទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ក៏ដូចជា ការបង្កើត ផលិតផល ទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីក ហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍ សហគមន៍ ទេសចរណ៍ និងការអភិវឌ្ឍ ធនធាន មនុស្សផ្នែក ទេសចរណ៍ ផងដែរ៕srn