ដោយ: បាយ័ន/សៀមរាប: ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះលើរចនាសម្ព័ន្ធស្ពានថ្មបុរាណនៅចន្លោះប្រាសាទតាកែវ និងប្រាសាទធម្មនន្ទ លើស្ទឹងសៀមរាប ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ។ អាជ្ញាធរជាតិអប្សរាបញ្ជាក់យ៉ាងដូច្នេះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។
ការងារនេះ ធ្វើឡើងដើម្បីបង្ការ និងបញ្ជៀសគ្រោះថ្នាក់ទុកជាមុន កុំឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធរបស់ស្ពានថ្មបុរាណ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមកាងារអភិរក្ស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការសិក្សាប្លង់ស្ពាន និងរៀបចំជួសជុលស្ពាននេះឡើងវិញ។
ដើមឈើដែលប៉ះពាល់រចនាសម្ព័ន្ធរបស់ស្ពានថ្មបុរាណទាំងនោះ និងបានកាត់ក្រីមែកចំនួន២០មែកចេញបានរួចរាល់មាន ដើមស្រឡៅ ដើមស្វាយព្រៃ ដើមចាន់ ដើមបេង និងដើមឈើតូចៗ៤ដើមទៀត៕