ប្រែសម្រួល : កញ្ញាដាលីស/ ៖ សមាគមកីឡាវាយសីនីបផុននិយាយថា កីឡាករលេខ ១ ពិភពលោក កេនតូ ម៉ូម៉ូតាបានធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណាកាលពីថ្ងៃអាទិត្យទី៣មករាជាហេតុនាំឱ្យកីឡាករជប៉ុនទាំងអស់ត្រូវដកខ្លួនចេញពីការប្រកួតនៅខែនេះក្នុងប្រទេសថៃ។
មន្ត្រីសមាគមបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ម៉ូម៉ូតាបានធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណា ហើយសមាគមបានសម្រេចចិត្តមិនបញ្ជូនកីឡាករណាម្នាក់ទៅប្រទេសថៃទេរួមទាំងម៉ូម៉ូតា”។
ម៉ូម៉ូតាបានព្យាយាមវិលត្រឡប់មករកការប្រកួតអន្តរជាតិវិញនៅទីក្រុងបាងកកបន្ទាប់ពីអវត្តមានជិតមួយឆ្នាំក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យគាត់រងរបួសធ្ងន់ធ្ងរ។
ទូរទស្សន៍ជាតិ NHK បាននិយាយថា ម៉ូម៉ូតាបានធ្វើតេស្តិ៍វិជ្ជមាននៅអាកាសយានដ្ឋានណារីតា មុនពេលក្រុមវាយសីរបស់ជប៉ុនចាកចេញទៅប្រទេសថៃ។ មន្ត្រីសមាគមម្នាក់បានបញ្ជាក់ថាកីឡាករជប៉ុនទាំង ២២ នាក់ផ្សេងទៀតពុំមានតេស្ត៍វិជ្ជមាននោះទេ ប៉ុន្តែ ក្រុមទាំងមូលនឹងត្រូវដកខ្លួនចេញ៕
កេនតូ ម៉ូម៉ូតា តេស្តិ៍វិជ្ជមានកូវីដ១៩