ដោយៈគ្រញូង/ប្រទេសថៃៈ ស្ត្រីខ្មែរម្នាក់ដែលជាពលករបម្រើការងារនៅខេត្តឈុនបុរីប្រទេសថៃត្រូវបានតម្រួតថៃចាប់ខ្លួនភ្លាមៗពីបទឃាតកម្មដោយចេតនាបន្ទាប់ពីស្ត្រីរូបនេះបានតាមដានប្រទះឃើញស្វាមីរបស់ខ្លួនទៅដេកក្នុងបន្ទប់ស្ត្រីម្នាក់ទៀតដែលជាពលករខ្មែរដូចគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៤កន្លះទៀបភ្លឺព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវពោធិសាន៨/១ ក្នុងឃុំណាក្លឿ ស្រុកបាងឡាក់មុង ខេត្តឈុនបុរី ប្រទេសថៃ ដែលកន្លែងកើតហេតុ គឺស្ថិតនៅលើអគារអាផាត់មែនជាន់ទី៣ ខាងមុខបន្ទប់លេខC6។
បុរសដែលស្លាប់នៅក្នុងថ្លុកឈាមមានឈ្មោះអានុន ភឿកឆាយ៉ា អាយុ២៧ឆ្នាំជាអ្នករស់នៅខេត្តនគររាជសីមាព្រមទាំងមានស្នាមចាក់១កាំបិតត្រង់ក្រោមដោះខាងឆ្វេងបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ រីឯជនបង្ក ដែល ជា ភរិយាមានឈ្មោះវ៉ាន់ លី អាយុ២៧ឆ្នាំ ជាពលករខ្មែររស់នៅប្រទេសថៃ។
តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះម៉ៃ សាវអុន អាយុ២៨ឆ្នាំ ជាពលករខ្មែរ និងជាម្ចាស់បន្ទប់កើតហេតុបាននិយាយថាកាលពីព្រលប់មុនពេលកើតហេតុគឺរូបនាងជាមួយនិងជនរងគ្រោះព្រមទាំងមានមិត្តភ័ក្តផ្សេង
ទៀតបាននាំគ្នាទៅផឹកលេងជុំគ្នា។ក្រោយពីកម្មវិធីត្រូវបានបញ្ចប់ពួកគេក៏បានជូនមិត្តភ័ក្ត្រត្រឡប់ទៅកាន់កន្លែងដេកដោយឡែកបុរសរងគ្រោះបាននិយាយថាគេមិនអាចធ្វើដំណើរទៅផ្ទះបានទេដោយសារស្រវឹងហើយនៅពេលនោះដែរនាងក៏បានក្រាលពូកនៅជ្រុងមួយនៃបន្ទប់របស់នាងដើម្បីអោយគេសម្រាកនៅទីនោះប៉ុន្តែជាចៃដន្យនាង វ៉ាន់ លីន ដែលជាភរិយាបានតាមដានមកឃើញក៏បានទាញកូនកាំបិតចាក់ទៅលើស្វាមីរបស់នាងបណ្តាលអោយស្លាប់តែម្តង។ ភ្លាមៗនោះដែរតម្រួតថៃបានចុះពិនិត្យទីតាំងកើតហេតុព្រមទាំងបានរក ឃើញវត្ថុតាង គឺកូនកាំបិតដែលប្រលាក់ឈាមប្រវែងប្រមាណ២០ សង់ទីម៉ែត្រទើបសមត្ថកិច្ចបាននាំខ្លួនស្ត្រីទាំង២រូបនេះយកទៅកាន់អធិការដ្ឋានតម្រួតស្រុកបាងឡាក់មុងដើម្បីធ្វើការសាកសួរ។ រីឯសពក៏ត្រូវបានយកទៅរក្សាទុកដើម្បីធ្វើកោសល្យវិច្ច័យផងដែរ៕