ដោយៈ គង់ហេង / កំពង់ចាមៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ជំនួយអគារ ជាទីចាត់ការ ចំនួន មួយខ្នង ដល់សាលា បឋមសិក្សាទក្សិណ ក្រុងកំពង់ចាម ដោយសារអគារចាស់មួយ ខ្នងនេះ មានអាយុកាល ប្រមាណមួយសតវត្សរ៍ ទៅហើយនោះ និងមានសំណូមពរ ពីគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ។
ឆ្លើយតបនឹងសំណូមពរនេះ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម្ចាស់ជំនួយ អមដំណើរដោយលោក លោកស្រី ជាអភិបាលរង ជាច្រើនរូប និងសហការី បានអញ្ជើញចូលរួម បញ្ចុះបឋមសិលា សាងសង់អគារ មួយខ្នងនេះ មានបណ្តោយ ១១ ម៉ែត្រ ទទឹង ៧,៧ ម៉ែត្រ និងកម្ពស់ ៥ ម៉ែត្រ សាងសង់អំពីថ្ម និងដំបូលប្រក់ក្បឿង។
គួរបញ្ជាក់ថា បច្ចុប្បន្ន សាលាបឋមសិក្សាទក្សិណ ដែលមានទីតាំង ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានអគារសិក្សា ចំនួន បីខ្នង ស្មើនឹង ១៥ បន្ទប់។ ក្នុងនោះ អគារចំនួន ពីរខ្នង កសាងតាំងពី សម័យអាណានិគមនិយមបារាំង ឆ្នាំ១៩៣៦ និងមួយខ្នង ត្រូវបានសហគមន៍អឺរ៉ុប ជួយសាងសង់ មានកម្ពស់ពីរជាន់ ក្នុងឆ្នាំ២០០១៕/V