ដោយៈ ច្រាយ ចំណាន/ភ្នំពេញៈ កម្ពុជាទទួលបានកំណើនទុនវិនិយោគ សរុបជាង៤ពាន់លានដុល្លារទៅលើគម្រោងចំនួន១៧៨ នៅទូទាំងប្រទេស ខណៈដែលទំហំនៃការនាំចេញមានការកើនឡើងរហូតដល់ប្រមាណ១៦ពាន់លានដុល្លារ។
សមិទ្ធផលដែលកើតចេញពីការវិនិយោគ(រូបឯកសារ)
ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ការកើនឡើងនៃចំនួនទុនវិនិយោគនៅក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ គឺបណ្តាលមកពីចលករសំខាន់ៗចំនួន២ គឺទី១កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ទី២ ការដាក់ចេញឱ្យអនុវត្តន៍៍ នូវគោលនយោបាយសេដ្ឋកិច្ចបើកទូលាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧកញ៉ាបន្តថា “គោលដៅនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិគឺវានៅតែបន្តកើនឡើងជាបន្តបន្ទាប់ ដែលក្នុងនោះមួយភាគធំទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយមហាអំណាចសេដ្ឋកិច្ចចិន ការទទួលបាន GSP ពីចក្រភពអង់គ្លេស ដែលអាចនាំទំនិញចូលទីផ្សារអឺរ៉ុបដោយការរួចពន្ធ ការអនុវត្តនៃកិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោករួមជាមួយនឹងការរៀបចំកំណែទម្រង់ច្បាប់វិនិយោគថ្មី”។
សមិទ្ធផលដែលកើតចេញពីការវិនិយោគ(រូបឯកសារ)
លោកឧកញ៉ាបានបន្តថា បន្ថែមពីនេះ ហេតុផលសំខាន់ដែលធ្វើឱ្យប្រទេសមួយ អាចទទួលបានកំណើនទុនវិនិយោគបន្ថែម គឺមានកត្តាសំខាន់ៗចំនួនយ៉ាងទី១សន្ដិភាពស្ថិរភាពនយោបាយ,ទី២ការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដ៏ល្អត្រឹមត្រូវដែលធុរជន នៅតាមបណ្តាប្រទេសនានា អាចមានជំនឿចិត្តយ៉ាងមុតមាំក្នុងការចូលមកបណ្តាក់ទុនវិនិយោគ ដែលអាចទទួលបានចំណេញ។ ដូច្នេះកត្តានៃគោលនយោបាយទាំង២នេះគឺមានសារសំខាន់បំផុត។
លោកឧកញ៉ាបានលើកឧទារហណ៍ថា “យើងធ្លាប់បានឃើញរួចមកហើយថា នៅតាមបណ្តាប្រទេសមួយចំនួន មានសន្ដិភាពពេញលេញ ប៉ុន្តែកត្តានៃគោលនយោបាយសេដ្ឋកិច្ចមិនល្អ មិនអំណោយផលដល់វិនិយោគិន”។លោកបន្តថា“ដូច្នេះសេដ្ឋកិច្ចនៃប្រទេសនោះមិនអាច រីកចម្រើនបាននោះទេ។ ផ្ទុយទៅវិញគោលនយោបាយទាំង២ ដូចដែលបានលើកឡើងខាងលើនេះ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រទេសជាតិទាំងមូល”។
ជាមួយនឹងការសាទរ ទៅនឹងការទទួលបានកំណើនទុនវិនិយោគបន្ថែម ក៏ដូចជាទំហំនៃការនាំចេញរបស់កម្ពុជា មានការកើនឡើងនៅក្នុងឆ្នាំ២០២០ លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ថ្វីត្បិតទំហំនៃការនាំចេញរបស់យើងបានកើនឡើង ប៉ុន្តែយើងត្រូវតែបង្កើនលទ្ធភាពផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។
សមិទ្ធផលដែលកើតចេញពីការវិនិយោគ(រូបឯកសារ)
លោកបន្តថា ការនាំចេញ និងមានទីផ្សារល្អរបស់កម្ពុជាមួយភាគធំ គឺផលិតផលវាយនភ័ណ កាត់ដេរ គ្រឿងបង្គុំ ជាពិសេស កង ដែលមានទីផ្សារទូលាយ ប៉ុន្តែសម្រាប់ប្រភេទផលិតផលកសិ-ឧស្សាហកម្មកម្ពុជានៅមានកម្រិតនៅឡើយ។ ដូច្នេះ កម្ពុជាត្រូវតែពង្រឹង និងពង្រីកលទ្ធភាពក្នុងផលិតប្រកបដោយគុណភាព សម្រាប់ការនាំចេញបន្ថែមទៀត ដើម្បីអាចទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀង និងការទទួលបានកិច្ចអនុគ្រោះពន្ធសំខាន់លើមុខទំនិញនៃការនាំចេញ៕សរន