ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រតិភូចម្រុះមួយ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភ ដល់កងទ័ពឈរជើង តាមបណ្តោយព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រស្រុក ក្រុង ៥ នៃខេត្តបន្ទាយមានជ័យ កាលពីព្រឹក រហូតដល់រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដែលកំពុងពង្រឹង ការបង្ការ ការពារជំងឺកូវីដ ១៩ ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភភូមិភាគទី៥ និងជាមេបញ្ជាការ ទិសតំបន់ទី១ បន្ទាយមានជ័យ បានអមដំណើរប្រតិភូ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សួន បវរ អនុរដ្ឋលេខាធិការ តំណាងក្រសួងការពារជាតិ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាលេខា និងចូលរួមដោយលោក ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ និងជាមេបញ្ជាការ កងរថក្រោះប្រចាំទិសភូមិភាគទី៥ – ព្រះនេត្រព្រះ លោក ម៉ាតាំង មុំាងឌីយោ ( Matin Maindiaeu ) ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គនាយក អង្គការកុមារមេគង្គ (Enfand Du Mekong) លោក អ៊ិន ជំនោរ នាយកអង្គការកម្ពុជា នៃក្តីសង្ឃឹម (Hope of Cambodia) លោក ទៀ ហ៊ុយម៉េង លោក ហួន សាំរឹទ្ធ ហៅ ជុត លោក តែ សុផល តំណាងអាជីវករក្នុងខេត្ត។
ប្រតិភូបានចុះសាកសួរសុខទុក្ច លើកទឹកទឹកចិត្ត ដល់កងកម្លាំង នៃកងឯកភាព ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដោយចូលរួមចំណែក អនុវត្តបទបញ្ជា ក៏ដូចជាអនុសាន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ក្នុងនោះ ប្រតិភូ បានអញ្ជើញទៅសំណេះសំណាលជាមួយកងទ័ព នៅក្នុងបន្ទាយផង និងទីតាំងឈរជើង នៅគោលដៅ នាខ្សែបន្ទាត់ព្រំដែនផង របស់កងឯកភាព នៃតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ , កងការពារព្រំដែនលេខ៥០៣ និងកងពលតូចថ្មើរជើងលេខ៥១ នៅក្នុងភូមិសាស្ត្រស្រុកថ្នពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ។
លោកឧត្តមសេនីយ៍ឯក សួន បវរ អនុរដ្ឋលេខាធិការ តំណាងក្រសួងការពារជាតិ និងជំនួសមុខអោយប្រតិភូ បានមានប្រសាសន៍ ពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីប្រមុខថ្នាក់ដឹកនាំ ក៏ដូចជា លើកទឹកចិត្ត និងណែនាំបន្ថែម ដល់កងទ័ពគ្រប់កងឯកភាព បន្តពង្រឹងការត្រួតពិនិត្យ ពលករខ្មែរត្រឡប់ ពីប្រទេសថៃ កុំអោយឆ្លងដែន តាមច្រករបៀង ដែលអាជ្ញាធរប្រទេសទាំង២ មិនបានកំណត់ ហើយជាការនាំអោយ មិនបានត្រួតពិនិត្យសុខភាព ពិសេសគឺ បើមានពលករ ត្រូវតែអន្តរាគមន៍ សហការដឹកជញ្ជូនពួកគាត់ ទៅមណ្ឌលធ្វើចត្តាឡីស័ក និងបើមិនប្រក្រតី ត្រូវតែយកវត្ថុសំណាក រកមេរោគកូវីដ១៩ ពោលគឺ បង្កើនកិច្ចបង្ការ ការពារអោយតឹងរឹង ជាទីបំផុត កុំឱ្យមានមនុស្សជ្រៀតចេញ ចូលឆ្លងដែនបាន ព្រោះព្រួយបារម្ភនឹងការផ្ទុះរីករាលដាលខ្លាំង នៃជំងឺកូវីដ ១៩ នៅសហគមន៍ ប្រទេសថៃ ។ ចំណែក ថៃបានបិទខេត្តជាច្រើន ក្នុងប្រទេស រាប់ទាំងបណ្តាខេត្ត ជាប់ជាមួយព្រំដែនកម្ពុជាយើងផង ។
បន្ថែមលើសនោះ កងកម្លាំង ត្រូវបន្តបង្កើនកិច្ចថែរក្សា ការពារសន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន ជូនពលរដ្ឋ ដែលបាននឹងកំពុងមមាញឹក ប្រមូលកសិផល ក៏ដូចជា ប្រកបរបររកស៊ី ធ្វើការ និងធ្វើដំណើរ ក្នុងបំណងផ្សេងៗ ។
សូមបញ្ជាក់ថា អំណោយរបស់ប្រតិភូចម្រុះ រួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកា៕/V