Home ព័ត៌មានសំខាន់ៗ ថ្ងៃ​ស្អែក ជា...

ថ្ងៃ​ស្អែក ជា​ខួបអាពាហ៍ពិពាហ៍​ ៤៥ ​ឆ្នាំ​ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ថ្ងៃស្អែក​ គឺជា​ខួប​លើក​ទី​ ៤៥ ឆ្នាំ (៥ មករា ១៩៧៦ – ៥ មករា ២០២១) នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចកិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​អាពាហ៍ពិពាហ៍មួយ ស្ថិតនៅ​ក្រោម​របប​អាវខ្មៅ ។ សម្តេច​​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត គឺជា​គូ​ទី១៣ ។

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​គូសបញ្ជាក់ថា​ ទោះបី​ចំណងអាពាហ៍ពិពាហ៍​ កើតឡើង​ ក្នុង​កាលៈទេសៈ​កម្សត់​យ៉ាងណាក៏ដោយ ​ឲ្យ​តែ​ចេះ​ថែរក្សា ​ចំណងអាពាហ៍ពិពាហ៍ នោះ​នឹង​ស្ថិតស្ថេរ​ជា​រៀងរហូត ។ ខាងក្រោម​នេះ ​ជា​ប្រវត្តិ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ផង​ និង​ជូរចត់​ផង​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​គ្រា​កល​យុគ​ ដែល​សម្តេច​តេ​ជោ​ ធ្លាប់បានទម្លាយ​ នាពេល​កន្លងមក​ ដោ​យស​ង្ខេ​ប ៖

​សម្តេច​បាន​រៀបរាប់ថា​៖ ​ថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​១៩៧៦​ ជា​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​ និង​ភរិយា ។ បើ​និយាយ​ពី​ជីវិត​ប្តី​ប្រពន្ ធ​វា​ជា​រឿង​ធម្មតា​ខ្លាំងណាស់​ សំរាប់​ជីវិត​មនុស្ស​ទូទៅ​ តែសំរាប់​ខ្ ញុំ​និង​ភរិយា​ វា​ជា​រឿង​មិនធម្មតា​ពេលខ្លះ ​ខ្ញុំ​គិតថា ​ចម្លែក​រហូត​ចាត់ទុកថា ​ទេវតា​ផ្សំផ្គុំ​ ឬ​គូព្រេង​ទៀតផង ។ ខ្ញុំ​គួរ​ចាប់ផ្តើម​ពី​ចំណុច​ថា​ តើ​ខ្ញុំ​និង​ភរិយា ​ស្គាល់គ្នា ​និង​ជួបគ្នា ដោយ​របៀប​ណា​? គ្រូ​ទស្ស​ទាយ​ តែងតែ​ទស្ស​ទាយ​ឱ្យ​ខ្ញុំ​ថា​ គូព្រេង​របស់ខ្ញុំ​នៅក្រោម​ខ្សែទឹក​ហូរ​ ជា​របៀប​និយាយ ​នៃ​អ្នក​ដែល​រស់នៅ​ តាម​ដង​ទន្លេមេគង្គ​ មានន័យថា​ ភរិយា​ខ្ញុំ នឹងមាន​ទីលំនៅ​ នៅក្រោម​ចរន្តទឹក​ហូរ​ តែ​ផ្ទុយទៅវិញ ​ភរិយា​ខ្ ញុំ​បែរ​ជាមាន​ទីលំនៅ ​លើ​ចរន្តទឹក​ហូរ​ទៅវិញ​។​ប្រៀបធៀប​ភូមិសាស្ត្រ ​នៃ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុកស្ទឹងត្រង់​ ដែលជា​ភូមិកំណើត​របស់ខ្ ញុំ​និង​ភូមិ​រកា​ខ្នុរ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មា ដែលជា​ភូមិកំណើត ​របស់​ភរិយា​ខ្ញុំ​ នៅ​ម្ខាង​ទន្លេ​ម្នាក់ ​ឃើញថា ​ភូមិ​ខ្ញុំ​នៅក្រោម​ខ្សែទឹក​ នៃ​ភូមិ​ភរិយាខ្ ញុំ​៣ ទៅ ៥ គីឡូម៉ែត្រ​ ឯណោះ​។​

​ពេលនេះ ​ខ្ញុំ​និយាយ​ដល់​រឿងរ៉ាវ ​ដែល​បានកើត ​ក្នុង​ទំនាក់ទំនង ​រវាង​ខ្ ញុំ​និង​ភរិយា​ខ្ញុំ​។ នៅ​ប្រមាណ​ដើមឆ្នាំ ១៩៧៣ អង្គភាព​របស់ខ្ញុំ​ ត្រូវបាន​បញ្ជូន​ចេញពី​ ស្រុក​មេមត់​ ទៅកាន់ ស្រុក​ត្បូងឃ្មុំ​ តាម​ដង​ទន្លេមេគង្គ មាន​ឃុំ​ជី​រោ ឃុំ​បឹង​ព្រួល ឃុំ​ពាមជីលាំង ឃុំ​ថ្ម​ពេជ្រ ឃុំ​ស្រែ​សៀម ។​ល​។ បន្ទាប់ពី​បាន​ប្រយុទ្ធ​ នៅលើ​សមរភូមិ​ជាច្រើន​តាមផ្លូវ​ជាតិ​លេខ​៧ ក្នុង​ចន្លោះ​ស្រុក​ស្នួល ខេត្តក្រចេះ មក​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ដែល​ពួក​ខ្ញុំ​ ប្រយុទ្ធ​ភាគច្រើន​ ជាមួយ​កងទ័ព​ឈ្លានពាន វៀតណាម​ខាងត្បូង​ និង​ពេលខ្លះ ​ជាមួយ​កងទ័ព​អាមេរិក ​និង​វៀតណាម​ខាងត្បូង​ សំខាន់​ក្នុង​ឆ្នាំ​១៩៧០ ដល់​ចុងឆ្នាំ​១៩៧១​។​

​ពេលនោះ ​ខ្ញុំ​ទើប​អាយុ​បាន ​២១​ឆ្នាំ​។ ឯ​ភរិយា​ខ្ញុំ​ ទើប​មាន​អាយុ ​១៩​ ឆ្នាំ​ប៉ុណ្ណោះ​។ ខ្ញុំ​និង​ភរិយា​របស់ខ្ញុំ​ មិនដែល​ស្គាល់គ្នា​ទាល់តែសោះ ​កុំថាឡើយ​មុខមាត់​ សូម្បីតែ​ឈ្មោះ​ ក៏​មិនដែល​ស្គាល់​ ឬឮ​ផង​។ ល្ងាច​ថ្ងៃមួយ​នៅពេលដែល​ខ្ញុំ​ កំពុង​ដាំបាយ ​ដែលជា​វេន​ដាំ​ស្ល​របស់ខ្ញុំ​ ស្រាប់តែ​យុទ្ធជន​របស់ខ្ញុំ​ម្នាក់​ ដែល​ទើបនឹង​ចេញពី​ព្យាបាល​ជម្ងឺ​ នៅ​មន្ទីរពេទ្យ​ស្រុកក្រូចឆ្មារ​ មក​ប្រាប់​ខ្ញុំ​ថា ​សោ​ផ្តាំ​សួរសុខទុក្ខ ។ អ្នកតា​មដង​ទន្លេ​ ពាក្យ​ (​សោ​គឺជា​បងថ្លៃ​ស្រី​)​ ខ្ញុំ​មិន​តបត​ ឬ​សួរនាំ​អ្វី​ទាំងអស់ និង​ឱ្យ​យុទ្ធជន​រូបនេះ ​ជួយ​ចិត​ផ្លែ​ចេក​ ព្រោះ​ត្រូវធ្វើ សម្លរ​ប្រហើរ​ផ្លែ​ចេក​។ ​ស្អែក​ឡើង​ មាន​យុទ្ធជន​ផ្សេង​ ដែល​ទើប​ចេញពី​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មារ ​និយាយ​រឿងនេះ​ដូចគ្នា និង​ជា​បន្តបន្ទាប់​ មាន​យុទ្ធជន កម្មាភិបាល ​កាន់តែច្រើន និយាយ​ពាក្យ​សោ​ផ្ដាំ​សួរសុខទុក្ខ​។ ចំណែក​ខាង​ភរិយា​ខ្ញុំ​ ក៏បាន​ទទួល​ពាក្ យ​ពី​យុទ្ធជន​របស់ខ្ញុំ​វិញ​ថា មេបញ្ជាការ​របស់ខ្ញុំ​ ផ្ដាំ​សួរសុខទុក្ខ​ អ្នកគ្រូ​ពេទ្យ​រហូត​យុទ្ធជន​ខ្លះ​ ហ៊ាន​ប្រើ ពាក្យ​សោ ​ឬ​បងថ្លៃ​ ដែល​ពាក្យ​នេះ​ បានធ្វើឱ្យ​អ្នកគ្រូ​ពេទ្យ​ក្រមុំ​ ខឹង​នឹង​ខ្ញុំ​យ៉ាងខ្លាំង​។​

​នេះ​ជា​ល្បែង​ផ្សំផ្គុំ​ ដ៏​មាន​គ្រោះថ្នាក់​ សំរាប់​វិន័យ​កងទ័ព​ នាពេលនោះ ​ប្រសិនបើ​យើង​ មិនមាន​ការយោគយល់​ពី​មេបញ្ជាការ​របស់​យើង​ទេនោះ​។​ ជា​កុសល​ល្អ​ ខ្ញុំ​តែងមាន​មេ​បញ្ជាការ​ ប្រកបដោយ​មេត្តាធម៌​ ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ សុក សារឿន បច្ចុប្បន្ ន​ជា​ឧ​ត្ត​ម​សេនីយ​ទោ​ និង​ជា​មេបញ្ជាការរង ​យោធភូមិភាគ​ទី៤ គាត់​ជាម​នុស្ស​សំខាន់​ម្នាក់​ ដែល​ដឹងរឿងរ៉ាវ ​ក្នុង​ទំនាក់ទំនង ​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​។ ឯខ្ញុំ​ក៏​ដឹង​រឿងរ៉ាវ​គាត់​ច្រើន​ដែរ ​ក្នុង​រឿង​គាត់ ​ជាក​ម្លោះ​ចាស់​ ចង់បាន​ប្រពន្ធ​ក្មេង​។​

​ថ្ងៃទី​២៣ ​ខែ​មីនា ​ឆ្នាំ​១៩៧៣ ​មានការ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣ ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ដឹកនាំ​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ ។​ ពួកយើង​បាន​វាយ​បន្ទាយ​ទន្លេ​បិទ​ ដែល​អង្គភាព​របស់ខ្ញុំ​ ក្រោម​បញ្ជា​របស់​បងប្រុស សុក សារឿន ត្រូវ​វាយ​ពី​ទិស​ខាងជើង ​ដែល​ពេលនេះ ​គឺជា​តំបន់​គល់ស្ពាន​គី​ហ្សូ​ណា ។ យើង​ចាញ់​ធ្ងន់ធ្ងរ​ រហូត​បាក់ទ័ព​។​ យុទ្ធជន​មួយចំនួន​ ពលី​ជីវិត​ មួយចំនួនទៀត​ ត្រូវរបួស​ ដែល​បងប្អូន​ទាំងនោះ ​ត្រូវ​បញ្ជូនមក​ព្យាបាល​របួស ​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មារ​ ដែលជា មន្ទីរពេទ្យ​កំពុងមាន​បញ្ហា ​ជាមួយ​ខ្ញុំ​។​

​សូមបញ្ជាក់ថា​ ការប្រយុទ្ធ​យប់​ថ្ងៃ ទី​២៣ ខែមីនា ឆ្នាំ ១៩៧៣ គឺជា​លើកដំបូង​ហើយ​ ដែល​ខ្ញុំ​វាយ​ជាមួយ​កងទ័ព​ខ្មែរ​គ្នាឯង​តាម​នយោបាយ​ខ្មែរ​រូបនីយកម្ម​សង្គ្រាម​នៅ​កម្ពុជា បន្ទាប់ពី​អាមេរិក​និង​វៀតណាម​ខាងត្បូង​ដក​កងទ័ព​ថ្មើរជើង​ចេញពី​កម្ពុជា​តែ​នៅ​បន្ត​វាយ​កម្ពុជា​តាម​កងទ័ព​ជើង​អាកាស​។ ការប្រយុទ្ធ​រាប់សិប​លើក​មុនៗ​គឺ​វាយ​ជា មួយ​កងទ័ព​ឈ្លានពាន​អាមេរិក​ពិសេស​គឺ​កងទ័ព​វៀតណាម​ខាងត្បូង​ដែល​បោះទ័ព​តាមផ្លូវ​ជាតិ​លេខ៧ម្ដុំ​ស្អំអំពុក​ក្រែក​។​ល​។​

​នៅពេល​កម្មាភិបាល​យុទ្ធជន​មួយចំនួន​កំពុង​សម្រាក​ព្យាបាល​របួស និង ជម្ងឺ​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មារ ក្នុងឋានៈ​ជា​មេបញ្ជាការ​របស់​ពួកគេ​ខ្ញុំ​ត្រូវ​ទៅសួរសុខទុក្ខ​ពួកគេ ។​ពេល​ចូលដល់​មន្ទីរពេទ្យ​ដែល​នៅជាប់​នឹង​មាត់​ទន្លេមេគង្គ​ខ្ញុំ​ដើរ​សួរសុខទុក្ខ​យុទ្ធ​មិត្ត​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ទាំងអស់​ដោយមាន​នំអន្សមចេក​ចែកជូន​២​ម្នាក់​ស្មើៗ​គ្នា​ដោយ​គ្មាន​ការរើសអើង​អង្គភាព​។ ចុងក្រោយ​ទើប​ខ្ញុំ​ទៅសួរសុខទុក្ខ​សំឡាញ់​ខ្ញុំ​ម្នាក់​ដែល​របួស​ជើង​ទាំងសងខាង​ដែល​ខ្ញុំ​បាន​អូស​ផង​លី​ផង​យក​ចេញពី​សមរភូមិ​នា​ព្រឹក​ថ្ងៃ ទី​២៣ ខែ​មិនា​ឆ្នាំ​១៩៧៣​។​សំឡាញ់​ម្នាក់នេះ​កំសត់កម្រ​ជាមួយគ្នា​តាំងពី​សមរភូមិ​ទី ១ វាយ​ទ័ព​អាមេរិក​និង​វៀតណាម​ខាងត្បូង​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៧០ ដែលជា​ថ្ងៃ​ដំបូង​នៃ​ការចូល​មកកាន់​កាប់​ផ្លូវជាតិ​លេខ​៧​ពី​សំណាក់​កងទ័ព​ឈ្លានពាន​។​

​គាត់​គឺជា​មនុស្ស​កំប្លែង​ស្ងួត​សំឡាញ់​ខ្ញុំ​មិន​ត្អូញត្អែរ​ជាមួយ​មុខរបួស​គាត់​ទេ​គាត់​បែរជា​និយាយ​មកកាន់​ខ្ញុំ​ថា បូ​ណា​ល់ (​ហ៊ុន បូ​ណា​ល់ ជា​ឈ្មោះ​ដើម​របស់ខ្ញុំ​និង​ហៅ​ក្រៅ​ថា “​សែន​”​ពេលនោះ​ខ្លះ​ហៅ “​សែន​”​ខ្លះ​ហៅ​“​បូ​ណា​ល់​”)​គ្រូពេទ្យ ”​រ៉ានី​” ពិតជា​ស្អាត​។ បើ​ឯង​មិនត្រូវ​ការ​ទេ​ទុកឱ្យ​អញ​ដណ្តឹង​យកតែ​ប្រហែលជា​ទៅ​មិន​រួច​ទេ បើ​អញ​ខ្មៅ​យ៉ាង នេះ​ដូច​ក្អែក​ពាំ​ពងមាន់​ហើយ​ព្រោះ រ៉ានី ស​ស្អាត​ណាស់ ។ ពេលឮ​ឈ្មោះ ”​រ៉ានី​” ខ្ញុំ​ក៏​សួរថា “​រ៉ានី​ហ្នឹង​ជា​អ្នកណា​គេ​? សំឡាញ់​ខ្ញុំ​ឆ្លើយ​ភ្លាម​ថា​ក្រែង​នារី​ដែល​ឯង​ស្រឡាញ់ នោះ​អី​បន្តិចទៀត​គាត់​មក​លាង​របួស​ឱ្យ​អញ​ហើយ​ចាំ​ជួបគ្នា​នៅ​ហ្នឹងហើយ ។ ខ្ញុំ​ជេរ​សំឡាញ់​ខ្ញុំ​ថា​អា​ឆ្កួត ។ ដោយ​ប្រញាប់​ឆ្លងទន្លេ​ពី​ឃុំ​ក្រូចឆ្មារ​ដែលជា​ទីតាំង​មន្ទីរពេទ្យ​ទៅ ឃុំ​ពាម​កោះ​ស្នា​ដើម្បី​សួរសុខទុក្ខ​ឪពុកម្តាយ​ក្រុមគ្រួសារ​ដែល​បែក​គ្នា​ជាង​៣​ឆ្នាំ​មកហើយ​នោះ​ខ្ញុំ​ក៏​ប្រញាប់​ចាក​ចេញពី​មន្ទីរពេទ្យ ដោយ​មិនទាន់​ស្គាល់មុខ រ៉ានី យ៉ាងណា​ផង ហើយក៏​មិន​ចង់​ស្គាល់​ដែរ​ព្រោះ​ខ្លាច​មានរឿង ។ នេះ​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​ស្គាល់ឈ្មោះ​នារី​ម្នាក់​ដែល​ក្រោយមក​បានក្លាយ​ជា​ភរិយា​ខ្ញុំ​រយៈពេល​៤០​កន្លងមកនេះ​។​

​ហេតុតែ​និស្ស័យ​ខំប្រឹង​គេចវេស​ទោះ​ខ្ញុំ​ត្រូវរបួស​ភ្លៅ​ដោយ​អំបែង​គ្រាប់ផ្លោង​ក្នុងអំឡុង​ខែ​វិច្ចិកា​ឆ្នាំ​១៩៧៣​ក៏​ខ្ញុំ​មិន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មារ​ដែរ​ខ្លាច​ជួប​មុខ​រ៉ានី នេះ​។ តែ​ពាក្យ​ចចាមអារ៉ាម​កាន់តែ​ធំ​ទៅៗ​ធ្វើឱយ​ខ្ញុំ​រង​ក្តី​អាម៉ាស់​ប្រឈម​នឹង​បញ្ហា​វិន័យ​កាន់តែខ្លាំង​។​ចំណែក​ខាង​រ៉ានី វិញ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ខ្ញុំ​ទៅទៀត​ព្រោះ​នាង​ជាម​នុស្ស ស្រី​បើ​មិន​រង​ខាង​វិន័យ​ទេ​ក៏មាន​ផលប៉ះពាល់​ខាង​សីលធម៌​ដែរ ។ មនុស្ស​ប្រុស​ស្រី​២​នាក់​ហើយ​សុទ្ធតែ​ក្រមុំ​ក​ម្លោះ​ដូចគ្នា​មិនដែល​ស្គាល់គ្នា​តែមាន​ការគិត​ដូចគ្នា​គឺ​ខ្ញុំ​បានស្នើ សុំ​មេបញ្ជាការ​របស់ខ្ញុំ បង សុខ សារឿន ដើម្បី​ទៅ​ជួប​ដោះស្រាយ​ផ្ទាល់​នៅ​ស្រុក​ក្រូចឆ្មារ​។ ប្រហែល ២ ថ្ងៃក្រោយ​រ៉ានី​បាន​ផ្តាំ​តាម​អ្នកទទួលខុសត្រូវ​ពេទ្យ​នៅ​សមរភូមិ​ឱ្យ​ខ្ញុំ ប្រញាប់​ទៅកាន់​ស្រុក​ក្រូចឆ្មារ​ដើម្បី​ដោះស្រាយ​ការយល់ច្រឡំ​នេះ​។​

​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពេលព្រឹក​ពេល​រសៀល​ខ្ញុំ​ជួប​បង សុក សារឿន មេបញ្ជាការ​របស់ខ្ញុំ​ទទូច​សុំ​គាត់​ឱ្យ​ជូន​ខ្ញុំ​ទៅ​ស្រុក​ក្រូចឆ្មារ​នាពេល​ល្ងាច​នោះ​តែម្ដង ។ ដោយ​យល់ចិត្ត នាយ​ទា​ហ៊ាន​ថ្នាក់ក្រោម​ដែល​ជួយ​ការងារ​គាត់​យ៉ាងច្រើន​លើ​ការងារ​ហើយ​ប្រហែលជា​គាត់​កំពុង​ស្វែងយល់​ចិត្ត និង​សាច់ញាតិ​នារី​ម្នាក់ ដែល​គាត់​ស្រឡាញ់​ផងដែរ​នោះ បង សុក សារឿន ក៏​សំរេចចិត្ត​ភ្លាម​ហើយ​ចេញដំណើរ​ភ្លាម ដែល​ដើមឡើយ​ទាំង​គាត់​ទាំង​ខ្ញុំ គិតថា​នឹង​ត្រឡប់មកវិញ​ទាំងយប់​។​

​ពួកយើង​ចេញដំណើរ​ម៉ោង​ប្រហែល​ជិត​៣​ល្ងាច ពី​ឃុំ​បឹង​ព្រួល ស្រុក​ពាមជីលាំង ទៅ​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ដោយ​ម៉ូតូ​ហុងដា CL90​។ សុំ​បញ្ជាក់ថា ក្រោយ​ឆ្នាំ ១៩៧០ តំបន់​រំដោះ​នា​ខេត្តកំពង់ចាម​ត្រើយ​ខាងកើត​ទន្លេមេគង្គ​គឺជា​ផ្នែក​មួយ​នៃ​ភូមិភាគ​បូព៌ា​ទិស ២០៣ តំបន់​ដែល​ខ្ញុំ​រស់នៅ​គឺ​តំបន់ ២១ ដែល​នៅ​ខាងជើង​ផ្លូវជាតិ​លេខ ៧​។ រីឯ ខាងត្បូង​ផ្លូវជាតិ​លេខ ៧ គឺជា​តំបន់ ២០ ។ ខេត្តកំពង់ចាម​ត្រើយ​ខាងលិច​ជា​ភូមិភាគ ៣០៤ ដោយ​យក​ទន្លេមេគង្គ ជា​ព្រំប្រទល់​រវាង​ភូមិភាគ​ទាំងពីរ ២០៣ និង ៣០៤​។ សំរាប់​តំបន់ ២១ បាន​បង្កើត​ស្រុក ២ បន្ថែម​គឺ​ស្រុក​ទឹក​ជ្រៅ និង​ស្រុក​ពាមជីលាំង ក្នុង​ឆ្នាំ ១៩៧៣​។​

​ក្រោយមកទៀត​បង្កើត​ស្រុក​មួយទៀត​មាន​ឈ្មោះថា​ស្រុក​ត្រ​មូង ។ ឃុំ​បឹង​ព្រួល​ដែល​ខ្ញុំ​ចេញដំណើរ​ទៅកាន់​ស្រុក​ក្រូចឆ្មារ​ស្ថិតក្នុង​ស្រុក​ពាមជីលាំង​ដែល​ត្រូវធ្វើ​ដំណើរ​ប្រមា ណ ២ ម៉ោង​ទើប​ដល់​មន្ទីរពេទ្យ​ដែលមាន​ទីតាំងនៅ​ឃុំ​ក្រូចឆ្មារ​ដែល​ពួកយើង​ទៅដល់​ទីនោះ​មុន​ម៉ោង ៥ ល្ងាច ។ ភ្នែក​ខ្ញុំ​ប្រឹង​រកមើល​តើ​នារី​មួយណា​ទៅ​ឈ្មោះ រ៉ានី ប៉ុន្តែ មិនឃើញ​សោះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ទើប​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​និង​សង្គមកិច្ច​ស្រុក​បាន​អញ្ជើញ​យើង​ហូបបាយ​។

​ខ្ញុំ​អត់​ស្គាល់​គ្រូពេទ្យ​ជានា​រី​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មារ​ទេ​គ្រូពេទ្យ​លើកបាយ​សម្លរ​មក​ខ្ញុំ​លួច​មើលមុខ​និង​ខ្សឹប​សួរ​ប្រធាន​មន្ទីរពេទ្យ​ថា​តើ​មួយណា​ឈ្មោះ រ៉ានី ប្រធាន​មន្ទីរ​គ្រវី ក្បាល​ថា​អត់​មាននៅ​ទីនេះ​ទេ ។ ក្រោយ​បាយ​រួច​ខ្ញុំ​បាន​សុំ​មេបញ្ជាការ​របស់ខ្ញុំ​ទៅសួរសុខទុក្ខ​បងជីដូនមួយ​របស់ខ្ញុំ​ដែល​នៅ​មិន​ឆ្ងាយ​ពី​មន្ទីរពេទ្យ​។ ម៉ោង​ប្រមាណ ៧ យប់ ខ្ញុំ​បាន​វិលត្រឡប់​មកវិញ ។ ខ្ញុំ​ឡើងទៅ​លើផ្ទះ​ឃើញ​នារី​ម្នាក់​កំពុង​អង្គុយ​មុខ​ចង្កៀងប្រេងកាត​ដែល​ខ្ញុំ​មើលទៅ​សុទ្ធតែជា​វេជ្ជបញ្ជា​សម្រាប់​ព្យាបាល​ឱ្យ​អ្នក​ជម្ងឺ ។​ដោយ​មិន ឃើញ​មេបញ្ជាការ​របស់ខ្ញុំ ខ្ញុំ​ក៏​សួរ​ទៅកាន់​នារី​នោះ​ថា​បងស្រី​តើ​មេបញ្ជាការ​របស់ខ្ញុំ​គាត់​ទៅណា​ហើយ​? ចម្លើយ​របស់​សុភាពនារី​រូបនេះ​តប​មកវិញ​ថា​គា​ត់ទៅ​មាត់ទន្លេ​ហើយ ។ មិន​អស់ចិត្ត​ខ្ញុំ​ក៏​សួរ​គាត់​មួយ​សំនួរ​ទៀតថា​តើ​នារី​ឈ្មោះ រ៉ានី ពេលនេះ​នៅឯណា ? ចម្លើយ​តប​ដោយ​សុភាព​ថា រ៉ានី ទៅ​ដងទឹក​បាត់​ហើយ​។ ខ្ញុំ​ក៏​ចុះមក​ក្រោមផ្ទះ​វិញ​ក្នុង បំណង​ដើរ​ទៅរក​មេបញ្ជាការ​រ​បស់​ខ្ញុំ ។ លុះ​ចុះ​មកដល់​ក្រោម​ខ្ញុំ​បាន​ជួប​ជាមួយ​គ្រូពេទ្យ​ម្នាក់​ដែល​ធ្លាប់​ស្គាល់គ្នា​ពេលដែល​គាត់​ទៅ​ប្រចាំការ​នៅ​សមរភូមិ​ខ្ញុំ​ក៏​សួរ​គាត់​ថា​នារី ឈ្មោះ រ៉ានី ពេលនេះ​នៅឯណា​?​បងប្រុស​គ្រូពេទ្យ​ដែលមាន​អាយុ​ច្រើនជាង​ខ្ញុំ​ប្រហែល ១០ ឆ្នាំ​ឆ្លើយតប​ថា​នារី​ដែល សែន ឯង​សួរ​លើផ្ទះ​អម្បាញ់មិញ​នោះ​ហើយ​ជា រ៉ានី ។ បន្ទាប់ពី​ដឹងថា​នារី​ដែល​ធ្លាប់មាន​បញ្ហា​ជាមួយ​ខ្ញុំ​ជា​យូរ​មកហើយ ហ៊ាន​ភូត​ខ្ញុំ​នៅពេលនេះ​ទៀត​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​ខឹង ។ ពេលនេះ​រឿង​ចាស់​រឿង​ថ្មី​ត្រូវតែ​ទូទាត់​បញ្ជី​នៅ​យប់​នេះ (​តាមពិត​ខ្ញុំ​មើលមុខ រ៉ានី អត់​ច្បាស់​ទេ​ដោយ​មើល​ពីក្រោយ​ព្រោះ រ៉ានី កំពុង​សរសេរ​ដោយ​ពន្លឺ​ចង្កៀងប្រេងកាត​)​។​

​ម៉ោង ៨ យប់​ការប្រជុំ​ដោះស្រាយបាន​មកដល់ ។ ភាគី​ខាង​ស្រី​មាន​ប្រធាន​និង​អនុប្រធាន​មន្ទីរពេទ្យ​ស្រុក សា​ម៉ី​ខ្លួន​ខាង​ស្រី គឺ រ៉ានី និង​មិត្តស្រី​របស់គាត់​ម្នាក់ទៀត​ដែលជា គ្រូពេទ្យ​ក្រមុំ​ដូចគ្នា ។ ខាង​ភាគី​ខ្ញុំ​មាន​មេបញ្ជាការ​ខ្ញុំ​និង​រូបខ្ញុំ​ជា​សា​ម៉ី​ខ្លួន ។ មន្ទីរពេទ្យ​បាន​ក្រាលកន្ទេល​ក្រហម ២ និង​ចង្កៀងប្រេងកាត ២ ដែល​យើង​អង្គុយ​ទល់មុខ​គ្នា ខ្ញុំ​អង្គុយបត់ជើង​មេបញ្ជាការ​ខ្ញុំ​អង្គុយ​ពេន​ភ្នែន​។ នៅពេល​អង្គុយ​រួចហើយ​យុវនារី ២ នាក់​បានមក​ដល់​ហើយ​អង្គុយបត់ជើង​ពេលនោះ​ខ្ញុំ​ចាំ​មិន​ច្បាស់​ថា​មួយណា​ជា រ៉ានី ក្នុង ចំណោម​យុវនារី​ទាំង ២ នាក់​នោះ​ព្រោះ​ពេល​ខ្ញុំ​សួរ​ពី​ក្បាល​ព្រលប់​ខ្ញុំ​មិនបាន​ឃើញ​មុខ​គេ​ច្បាស់​ទេ​។​

​បន្តិចក្រោយមក​ទើប​ខ្ញុំ​បាន​ស្គាល់ រ៉ានី ច្បាស់ ។ ពេលនោះ​អារម្មណ៍​របស់ខ្ញុំ​ក៏​ចាប់ចិត្ត​ស្រឡាញ់​គេ​ភ្លាម ។ ខ្ញុំ​មានការ​សោកស្តាយ​ហើយ​គិតក្នុងចិត្ត​ថា​ប្រសិនបើ​ដឹងថា​នាង ស្អាត​យ៉ាងនេះ​មិនចាំបាច់​មក​ដោះស្រាយ​ធ្វើ​អ្វី​សុំ​ស្តី ដណ្តឹង​យក​ធ្វើជា​ប្រពន្ធ​តែម្តង​ល្អ​ជាង ។ ខ្ញុំ​ស្តាយ​ដោយ​ធ្លាប់​ជេរ​ស្តីឱ្យ​យុទ្ធជន​ដែល​ជួយ​ផ្សំផ្គុំ​ខ្ញុំ​ជាមួយ រ៉ានី​។ លើសពី នេះ​ខ្ញុំ​ក៏​ធ្លាប់​លួច​ជេរ រ៉ានី ដែរ ពិសេស​ក្រោយពេល​ប្រជុំ​ម្តងៗ​ដែល​ថ្នាក់លើ​និយាយ​បញ្ឆិតបញ្ឆៀង​រឿង​សីលធម៌​ដែល​ធ្វើឱ្យ​ខ្ញុំ​ឈឺចិត្ត​។​

​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លាម រឿងនេះ​មិន​ធ្លាប់មាន​សោះ​ក្នុង​ជីវិត​ជាក​ម្លោះ​របស់ខ្ញុំ ។ តើ​ត្រូវ​ស្រោចស្រង់​សភាពការណ៍​បែបណា​? ផែនការ​ពី​ក្បាល​ព្រលប់​ចង់​ទូទាត់​បញ្ជី​ទាំង ចាស់​ទាំងថ្មី​ត្រូវបាន​ជំនួស​ដោយ​ពាក្យ​សុំទោស​ជំនួស​យុទ្ ធជន​និង​ប្អូនស្រី​ខ្ញុំ ២ នាក់​ដែល​ធ្លាប់បាន​ហៅ រ៉ានី ថា​ជា​បងថ្លៃ​ដែល​ធ្វើឱ្យ រ៉ានី ខូច​ឈ្មោះ ។ ដោយ​ពុំមាន​ចំណង ស្នេហ៍​ជាមួយ​នារី​ណា​នៅឡើយ​ខ្ញុំ​គិតក្នុងចិត្ត​ថា​ត្រូវតែ​យក រ៉ានី មក​ធ្វើជា​ភរិយា​ឱ្យបាន ។ អ្វី​ដែលជា​ក្តីបារម្ភ​របស់ខ្ញុំ តើ រ៉ានី ស្រឡាញ់​ខ្ញុំ​ព្រម​ទទួលយក​ខ្ញុំ​ជា​ស្វាមី​ឬទេ​?​និង ថា​តើ រ៉ានី មាន​បុរស​ណា​ក្នុង​ចិត្ត​នាង​ហើយ​ឬ​នៅ​?​។​

​នៅ​យប់នោះ​ខ្ញុំ​ក្លាយជា​មនុស្ស​ដែល​ចេះ​និយាយ​ភូត​ដោយ​ប្រាប់​មេបញ្ជាការ​ខ្ញុំ​ថា​ម៉ូតូ​យើង​ម៉ាស៊ីន​ដើរ​មិន​ស្រួល​អាគុយ​ក៏​មិនសូវ​កាន់​ភ្លើង​ធ្វើដំណើរ​ទាំងយប់​អាច​ខូច​តាមផ្លូវ ។ គាប់​ជួន​ពេលនោះ​ម៉ោង​ជិត ១០ យប់​ទៅហើយ​មេបញ្ជាការ​ខ្ញុំ​ក៏​យល់ព្រម​ដោយ​សុំ​ប្រធាន​មន្ទីរពេទ្យ​សម្រាក​មួយ​យប់ ។ មន្ទីរពេទ្យ​ក៏​រៀបចំ​ភ្លាមៗ​ឱ្យ​យើង​ទាំង ២ នាក់ សម្រាក​នៅលើផ្ទះ​ដែល​យើង​ប្រជុំ​ដោះស្រាយ​នោះ​តែម្ដង​។​មិន​នឹកស្មាន​ដល់​ថា​ផ្ទះ​ដែល​យើង​សម្រាក​នេះ​ជា​ផ្ទះ​ដែល រ៉ានី និង​មិត្ត​នារី​របស់គាត់​សម្រាក​និង​ធ្វើការ​នៅក្នុង​ផ្ទះ នេះដែរ ។ រឿង​ទៅ​ហួស​ពី​នោះ​គឺ រ៉ានី បាន​យក​ភួយ​២​មកឱ្យ​មេបញ្ជាការ​ខ្ញុំ ។ មេបញ្ជាការ​ខ្ញុំ​យក​ភួយ​១ ពណ៌​ផ្កាឈូក​ហើយ​ប្រគល់ឱ្យ​ខ្ញុំ​ភួយ​ពណ៌​ខៀវ​ដែល​ក្រោយ​រៀបការ ទើប​ដឹងថា​ភួយ​ដែល​ខ្ញុំ​ដណ្តប់​ជា​ភួយ​ភរិយា​ខ្ញុំ​ដែល​ពេលនោះ​យើង​បាន​ដណ្ដប់ភួយ​គ្រូពេទ្យ​ក្រមុំ​ហើយ​ទុកឱ្យ​ពួកគាត់​ដណ្តប់​មុង​។ តើ​នេះ​ជាការ​រៀបចំ​របស់​ទេវតា​ឬ​?។

​មេឃ​មិនទាន់​ភ្លឺ​ច្បាស់​ផង​ខ្ញុំ​ឮ​សម្លេង​បុក​អង្ករ​ខ្ញុំ​ខំ​អើតមើល​ឃើញ រ៉ានី និង​មិត្ត​របស់គាត់​ឈ្មោះ ខេមរា កំពុង​បុក​អង្ករ ។ មេបញ្ជាការ​ខ្ញុំ​ប្រាប់​ឱ្យ​ខ្ញុំ​រៀបចំ​ម៉ូតូ​ដើម្បី​ចេញដំណើរ ទាន់ពេល​ព្រឹក​។ ខ្ញុំ​បន់​ឱ្យតែ​ម៉ូតូ​ខូច​ដើម្បី​បាន​និយាយ​ជាមួយ រ៉ានី តែ​វា​មិន​តាមចិត្ត​ចង់​របស់​យើង​ទេ​គឺ​ធាក់​តែមួយ​ជើង​ម៉ូតូ​ឆេះ​ភ្លាម ។ ខ្ញុំ​ខំ​រក​វិធី​ឡើង​ចុះ​ផ្ទះ​បាន​២​ដង​មុន ចេញដំណើរ​ដោយ​ចុងក្រោយ​ខ្ញុំ​បាន​ហៅ រ៉ានី ថា​បង​ម្តងទៀត​ដោយ​ប្រើពាក្យ​ថា​លា​ហើយ​បងស្រី​។ នេះ​ជា​ទម្លាប់​របស់ខ្ញុំ​មិនដែល​ហៅថា អូន ឬ​មិត្ត​នារី​នោះឡើយ​គឺមាន​តែ បងស្រី មីង អ៊ំស្រី យាយ សម្រាប់​ប្រើ​ជា មួយ​មនុស្ស​ស្រី ព្រោះ​ឆ្នាំ ១៩៧៤ ខ្ញុំ​ទើប​មាន​អាយុ ២២​ឆ្នាំ​នៅឡើយ​។ (​ខ្ញុំ​សុំ​បញ្ជាក់ថា ពេលវេលា​នៃ​ការដោះស្រាយ​នេះ​ប្រព្រឹត្ត ឡើង​នៅ​ដើម ខែមីនា ឆ្នាំ​១៩៧៤)​។​ការដែល​ខ្ញុំ​ស្រឡាញ់ រ៉ានី គឺជា​រឿង​ពិត​ហើយ​ការដែល រ៉ានី​ស្រឡាញ់​ខ្ញុំ​ឬ​អត់​ជា​បញ្ហា​ដែល​ត្រូវ​រក​វិធី​ដោះស្រាយ​។ ក្ដី​ស្រឡាញ់​ទៅលើ នារី​ម្នាក់​កើតមាន​ជា​លើកដំបូង​សម្រាប់​ជីវិត​ខ្ញុំ​តែ​ទោះជា​យ៉ាងណា​ក៏​ខ្ញុំ​មិន​ភ្លេច​ពី​តួនាទី​និង​ភារកិច្ច​ខ្ញុំ​ដែរ​។​

​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩៧៤ ជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ។ ខ្ញុំ​បាន​ឆ្លៀតពេល​ទៅលេង​ស្រុក​ក្រូចឆ្មារ ក្នុង​បំណង​ទៅរក រ៉ានី ដោយ​យក​លេស​ថា​ទៅសួរសុខទុក្ខ​យុទ្ធជន​ដែល​កំពុង ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ ។ លុះ​ទៅដល់​មន្ទីរពេទ្យ​មិនបាន​ឃើញ រ៉ានី ទេ ហើយក៏​មិន​ហ៊ាន​សួររក​ថែម​ទៀតផង​។ ខ្ញុំ​ជិះ​ម៉ូតូ​ចេញពី​មន្ទីរពេទ្យ​ទាំងអស់​សង្ឃឹម​។​យើង​ត្រូវបន្តដំ ណើរ​ទៅកាន់​ឃុំ​រកា​ខ្នុរ ដើម្បី​នាំ​មិត្ត​ខ្ញុំ​ម្នាក់​ទៅសួរសុខទុក្ខ​ឪពុកម្តាយ ដែលជា​ស្រុកកំណើត​របស់គាត់​។នៅពេលដែល​ខ្ញុំ​កំពុងធ្វើដំណើរ​បាន​ប្រហែល ២គីឡូម៉ែត្រ ក៏​ជួប រ៉ានី កំពុង​ជិះ​កង់​ម្នាក់ឯង​តាមផ្លូវ ខ្ញុំ​ក៏​ឈប់​ម៉ូតូ រ៉ានី ក៏​ឈប់​កង់ ។ យើង​សួរសុខទុក្ខ​គ្នា​ដោយ​ពាក្យ​គួរសម​ប្រហែល ៣ នាទី​ប៉ុណ្ណោះ​ហើយក៏​លាគ្នា​ធ្វើដំណើរ​ទៅតាម ផ្លូវ​រៀង ៗ​ខ្លួន​។ ទាំង​ខ្ញុំ ទាំង រ៉ានី គឺ​មិនបាន​បង្ហាញ​កាយវិការ​ណាមួយ​ខុសពី​ការ​ធ្លាប់​ជួប​ស្គាល់គ្នា​ពីមុន​នោះទេ​។​

​នៅ​ខែសីហា ឆ្នាំ​១៩៧៤​ខ្ញុំ​ត្រូវ​ស្វែងយល់​ឱ្យបាន​ទាំងពីរ​ខាង​ថ្នាក់ដឹកនាំ​របស់ខ្ញុំ​ទាំងពី​ខាង រ៉ានី ដោយ​ខ្ញុំ​បានធ្វើ​សំណើសុំ​រៀបការ​ជាមួយ​រ៉ានី​។​ចម្លើយ​ដែល​ខ្ញុំ​ទទួលបាន​ពី​មេ បញ្ជាការ​របស់ខ្ញុំ​គឺ​យល់ព្រម​តែ​ត្រូវ​រង់ចាំ​រំដោះប្រទេស​ពីរ​បប លន់ នល់ ឱ្យ​ហើយ​សិន ។ ឯ​ចម្លើយ​ពី រ៉ានី គឺ​ឆ្លើយតប​តាម​អ្នកនាំពាក្យ​គាត់​ថា​ស្រេច​លើ​ម៉ែឪ ។ ចម្លើយ​ទាំង ២ នេះ​ផ្តល់​កម្លាំងចិត្ត​យ៉ាងខ្លាំង​សម្រាប់​ខ្ញុំ ។ ស្ត្រី​ខ្មែរ ៩៨ ភាគរយ​ហើយ​ដែល​ឆ្លើយថា​ស្រេច​លើ​ម៉ែឪ​ឬ​ចាស់ទុំ​គឺ​មានន័យថា​យល់ព្រម​ហើយ​។​

​នៅ​ខែតុលា ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ជួប​រ៉ានី ដោយ​ចៃដន្យ​បំផុត​នៅ​ផ្សារ​ពាមជីលាំង ។ តែ​ជា​អកុសល​ដោយសារ​មិត្ត​ខ្ញុំ​ម្នាក់​ស្រវឹងស្រា​ហើយ​ហៅ រ៉ានី ថា​សោ​(​បងថ្លៃ​)​។ រ៉ានី​មិន ខឹង​ទេ​តែ​ធ្វើ​ដូច​មិនឮ ។​តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ខ្មាស​រ៉ានី​។ ដូចនេះ​ខ្ញុំ​ត្រូវយក​កង់​ជិះ​ឌុប​មិត្ត​ខ្ញុំ​ម្នាក់នេះ ចេញទៅ​ផ្ទះ​មួយទៀត​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្សារ​ទាំង កណ្តាល​ភ្លៀង ធ្លាក់​។ ទុក​មិត្ត​ខ្ញុំ​រួចហើយ​ខ្ញុំ​ជិះ​កង់​កាត់​ភ្លៀង​មករក​រ៉ានី​វិញ​។ តែ​គួរឱ្យ​ហួសចិត្ត​រថយន្ត​ដឹក​ក្រុមគ្រូពេទ្យ​បានចេញ​ទៅ​បាត់​អស់ហើយ​។​

​ចាប់តាំងពី​ពេល​នោះមក​រហូត​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​ខ្ញុំ​មិនដែល​បាន​ជួប រ៉ានី ទៀត​ទេ​ទោះបី​មានឱកាស​ក៏ដោយ​។ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៧៥ ខ្ញុំ​ក៏ត្រូវ​របួស​ស្មា​ដែលជា​របួស លើក​ទី ៤ របស់ខ្ញុំ ។ ពេលនោះ​ខ្ញុំ​គិតថា​នឹង​បាន រ៉ានី មើលថែ​ព្យាបាល​របួស​ឱ្យ​ខ្ញុំ ។ តែ​ផ្ទុយទៅវិញ​មន្ទីរ​ពរ​ទ្យ​សមរភូមិ​មុខ​បានរៀបចំ​វះ​យក​អំបែង​គ្រាប់​ចេញ​និង​បន្ត​ព្យា បាល​នៅ​មន្ទីរពេទ្យ​ដែលមាន​ទីតាំងនៅ​ឃុំ​បឹង​ព្រួល ស្រុក​ពាមជីលាំង​។​

​នៅ​ព្រឹក​ថ្ងៃ ១៦ ខែ មេសា ឆ្នាំ ១៩៧៥ ខ្ញុំ​ត្រូវរបួស​ធ្ងន់​សន្លប់​រហូត​ដល់​ថ្ងៃទី ២១ ខែ មេសា ទើបបាន​ដឹងខ្លួន​ឡើងវិញ ។ នៅពេល​ដឹងខ្លួន​គឺ​ភ្នែក​ឆ្វេង​របស់ខ្ញុំ​បាន​ខ្វាក់​បាត់ ទៅហើយ​ឯភ្នែក​ស្តាំ​មើល​បាន​ប្រវែង​ប្រហែល ១០ ម៉ែត្រ​តែប៉ុណ្ណោះ​។ នៅពេលនោះ​ខ្ញុំ​ក៏បាន​ដឹងថា​ភ្នំពេញ​និង​ប្រទេស​ទាំងមូល​ត្រូវបាន​រំដោះ​ពី​របប​បរិវារ​អាមេរិក​។ ពាក្យ ស្រឡាញ់​និង​ថែទាំ​ដូច​កែវភ្នែក​សម្រាប់​ខ្ញុំ​គឺ​និយាយ​លែង​បាន​ហើយ​ព្រោះ​ខ្ញុំ​បាន​បាត់បង់​កែវភ្នែក​ខ្លួនឯង​រួចទៅហើយ​។​

​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ពិភពលោក​បាន​ប្រែប្រួល​អស់​ប្រជាជន​ត្រូវ​ជំលៀស​ចេញពី​ទីក្រុង​ធ្វើដំណើរ​អត់បាយ​អត់​ទឹក ។ ខ្លួនឯង​ផ្ទាល់​ក្លាយជា​ជនពិការ​ហើយ​អ្វីដែល​ឈឺចាប់ បំផុត​គឺ​ព័ត៌មាន​ដែលថា រ៉ានី បាន​រៀបការ​រួចហើយ​ជាមួយ​កម្មាភិបាល​មកពី​ភូមិភាគ ។ ខ្ញុំ​ខឹង រ៉ានី ខ្លាំងណាស់​ខ្ញុំ​ដៀល​នាង​ទាំង​និយាយ​ខ្លាំងៗ​ទាំង​ក្នុង​ចិត្ត​ដៀល​សព្វគ្រប់ ទាំងអស់​តាមចិត្ត​ខ្ញុំ​ចង់​។ នេះ​ជា​កំហុស​របស់ខ្ញុំ​ដែល​ទទួល​ព័ត៌មាន​ខុស​តែ​ខ្ញុំ​លែង​ហ៊ាន​ស្រឡាញ់ រ៉ានី ទៀតហើយ​ម្យ៉ាង​គឺ​ខ្ញុំ​បានធ្វើ​ជ្រុលជ្រួស​លើ​នាង​ប្រមាថ​មាក់ងាយ​នាង និង​ម្យ៉ាងទៀត​ខ្ញុំ​មិន​ចង់​នាំ​ការលំបាក​ឱ្យ​នាង​ដោយសារ​ពិការភាព​របស់ខ្ញុំ​ទេ​ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​តើ រ៉ានី ស្រឡាញ់​ខ្ញុំ ព្រមយក​ខ្ញុំ​ជា​ស្វាមី​ឬទេ​?​ព្រោះ ខ្ញុំ​បាន​ធ្លាក់ខ្លួន​ពិការ​បាត់បង់​សម្រស់​ពី​ធម្មជាតិ​ទៅហើយ​។​

​មន្ទីរពេទ្យ​សមរភូមិ​បាន​បញ្ជូន​រូបខ្ញុំ​ទៅកាន់​មន្ទីរពេទ្យ​ភូមិភាគ​ដែល​ស្ថិតនៅ​ឃុំ​រកា​ខ្នុរ ដែលមាន​ចម្ងាយ​ប្រមាណ​៦០០ ម៉ែត្រ​ពី​ផ្ទះ​ដែលជា​ភូមិកំណើត​របស់ រ៉ានី​។ ពេលនោះ រ៉ានី បាន​ផ្លាស់​ពី​មន្ទីរពេទ្យ​ស្រុក​ដែលមាន​ទីតាំងនៅ​ឃុំ​ក្រូចឆ្មារ ទៅធ្វើជា​ប្រធាន​មន្ទីរពេទ្យ​ស្រុក​មួយកន្លែង​ទៀត​នៅ​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ​។​ក្នុងអំឡុង​ខែកក្កដា​ឆ្នាំ ១៩៧៥ ប្រហែលជា​ម៉ោង ៣:00 រសៀល​ខ្ញុំ​ហាក់ដូច​សុបិន​ទាំង​ថ្ងៃ​ដោយបាន​ឃើញ រ៉ានី ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សួរសុខទុក្ខ​ខ្ញុំ ដោយមាន​មាន់ ៣ ក្បាល​ផ្ញើឱ្យ​ខ្ញុំ​ផង​។ រ៉ានី​បាន​សួរ នាំ​ពី​អាកា​រៈរ​បួស​និង​ជម្ងឺ​របស់ខ្ញុំ​ដោយ​សំដី​ទន់ភ្លន់​និង​ការលើកទឹកចិត្ត​។ ពេល រ៉ានី លា​ត្រឡប់មកវិញ​ខ្ញុំ​បាន​ជូន​ដំណើរ​ដល់​ផ្លូវ​ខ្ញុំ​គិតថា រ៉ានី មិន​ប្រកាន់​ខឹង​នឹង​ខ្ញុំ​ទេ​ហើយក៏ មិន​ស្អប់ខ្ពើម​នូវ​ជនពិការ​ដូច​ខ្ញុំ​នេះដែរ​។​

​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​សាជាថ្មី​សម្រាប់​ខ្ញុំ និង​រ៉ានី ព្រមទាំង​ឪពុកម្តាយ រ៉ានី មិនមាន​អ្វី​ជា​ឧបសគ្គ​ទេ​។ តែ​អង្គការ​ទើប​ជា​ឧបសគ្គ​ពិតប្រាកដ​។ នៅពេលនោះ រ៉ានី ត្រូវ​អង្គការ​បង្ខំ​ឱ្យ រៀបការ​ជាមួយ​បុរស​ផ្សេង​តែ​នាង​ប្រកែក​ដាច់ខាត​។ រីឯ​រូប​ខ្ញំ​ក៏ត្រូវ​អង្គការ​ផ្សំផ្គុំ​ជាមួយ​នារី​ផ្សេង​តែ​ខ្ញុំ​ក៏​ប្រកែក​ដែរ ។ ខ្ញុំ​ត្រូវ​លើក​សំណើសុំ​រៀបការ​ជាមួយ រ៉ានី​សាជាថ្មី​ទៅកាន់ ប្រធាន​យោធា​តំបន់​។ នៅពេលនោះ​ប្រធាន​យោធា​តំបន់​បានធ្វើ​លិខិត​មួយ​ឱ្យ​ខ្ញុំ​យកទៅ​ជួប​គណៈ​ស្រុក​ក្រូចឆ្មារ ។ នៅ​ក្នង​អំឡុង ខែតុលា ឆ្នាំ ១៩៧៥ ទាំង​តំបន់​ទាំង​ស្រុក ទាំង រ៉ានី ដែលជា​សា​ម៉ី​ខ្លួន​យល់ព្រម​អស់ហើយ រង់ចាំតែ​ថ្ងៃ​រៀបការ​ប៉ុណ្ណោះ​។ ទាំង​មុនពេល​រង់ចាំ និង​ពេល​កំពុង​រង់ចាំ ទាំង​ខ្ញុំ និង​ទាំង រ៉ានី គឺ​ត្រូវ​ប្រឈម​នឹង​ការលំបាក ខ្លាំងណាស់ ។ ការ​ប្រកែក​មិន​ព្រម​រៀបការ​តាម​ការរៀបចំ​របស់​អង្គការ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ។ រីឯ​រូបខ្ញុំ​ក្រៅពី​ព្យាបាល​របួស​ការងារ​សំខាន់​របស់ខ្ញុំ​គឺ​រៀបចំ​កម្លាំង​សម្ងាត់ ដើម្បី វាយ​អង្គ​ការដែល​បាននិងកំពុង​កាប់សម្លាប់​ប្រជាជន ទោះ​ពេលនោះ​មិនទាន់​ធ្ងន់ធ្ងរ​ក្តី​។​

​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវបាន​កោះហៅ​ពី​ទីបញ្ជាការ​កងវរសេនាធំ​ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​ត្រ​មូង នាពេលនោះ​និង​ជា​ស្រុក​មេមត់​នាពេល បច្ចុប្បន្ន​ដើម្បី​មកជួបជុំ​នៅ​មន្ទីរ​តំបន់​ដែលមាន​ទីតាំងនៅ​ស្រុក​តំបែរ​ដើម្បី​រៀបការ​នៅ​ថ្ងៃទី​៣​ខែមករា​។​នៅពេលនោះ​ខ្ញុំ​ពិត​ជាមាន​ចម្ងល់​យ៉ាងខ្លាំង​តើ​គេ​រៀបការ​របៀប​ម៉េច​? មកដល់​មន្ទីរ​តំបន់ រ៉ានី នៅ​ស្រុក​ក្រូចឆ្មារ​ឯណោះ​ហើយ​មិនទាន់បាន​ទទួលដំណឹង​អំពី​ការ​រៀបការ​នៅឡើយ​។​ថ្នាក់លើ​នៅ​ចិត្តធម៌​គ្រាន់បើ​ដោយ​សុខចិត្ត​ពន្យារពេល​រៀបការ ពីថ្ងៃ​ទី​៣ មករា ទៅ​ថ្ងៃទី​៥ ខែមករា​វិញ​និង​ចាត់​ឱ្យ​ប្រធាន​មន្ទីរ​តំបន់​ទៅ​ទទួលយក រ៉ានី ពី​ស្រុក​ក្រូចឆ្មារ​មកកាន់​ស្រុក​តំបែរ ។ រ៉ានី អត់​បាន​ផ្តាំផ្ញើ​អ្វី​ទៅ​ឪពុកម្តាយ​បងប្អូន ហើយក៏​គ្មាន​មិត្តភក្តិ​មក​កំដរ​ដែរ គឺ​ក្បាល​តែមួយ​ត្រមង់​ត្រមោច​ម្នាក់ឯង​។ រីឯ​ចំណែក​រូបខ្ញុំ​វិញ​ក៏​មិនមាន​ឪពុកម្តាយ ឬ​បងប្អូន​ចូលរួម​រៀបការ​ដូច រ៉ានី ដែរ គឺ​ក្បាល​តែ​២​នាក់ ប្តី​ប្រពន្ធ​។ តែ​ខ្ញុំ​គ្រាន់បើ​ជាង រ៉ានី បន្តិច​ដោយមាន​មិត្ត​រួម​អាវុធ​ត្រូវបាន​គណៈ​តំបន់​អញ្ជើញ​ឱ្យមក​ចូលរួម​ជា​ភ្ញៀវ ។ រ៉ានី​បានមក​ដល់​ស្រុក​តំបែរ​នៅ​ល្ងាច​ថ្ងៃ​៣ មករា​។ នៅ​ថ្ងៃ ទី​៤ ខែមករា​ខ្ញុំ​ប្រញាប់​ទៅ​ជួប រ៉ានី​។ នៅពេលនោះ រ៉ានី កំពុង​ស្ថិតនៅ​ជុំគ្នា​ជាមួយ​នារី​១២​នាក់​ផ្សេងទៀត​និង​យុ​ទ្ឋ​ជនពិការ ១២ នាក់​ដែរ ។ ពេលនោះ​ហើយ​ទើប​ខ្ញុំ​ដឹងថា ការរៀប​ការ​ត្រូវធ្វើ​ជាមួយគ្នា​ជា​ក្រុម​ក្នុងពេល​តែមួយ​គឺមាន​ចំនួន​១៣​គូ ។​

​ចំពោះ​គូ​ខ្ញុំ គឺមាន​លេខ​រៀង​ទី​១៣​។ នៅ​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវ​ចេញដំណើរ​រួមគ្នា​ទាំង​ហ្វូង​ពី​មន្ទីរ​តំបន់​នៅ​ស្រុក​តំបែរ មកកាន់​ភូមិ​ច្រាប នៃ​ស្រុក​ត្បូងឃ្មុំ ដែលជា​កន្លែង​ត្រូវ​រៀបការ​។ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​១៩៧៦ ត្រូវ​នឹង ថ្ងៃ ច័ន្ទ ៤ កើត ខែ បុស្ស ឆ្នាំរោង អដ្ឋស័ក ពុ​ទ្ឋ​សករាជ ២៥១៩ គឺជា​ថ្ងៃ​ដែល​ខ្ញុំ​និង​ភរិយា​ខ្ញុំ​បាន​រៀប ការ​ជាមួយ​បងប្អូន​១២​គូ ផ្សេងទៀត​ដែលមាន​ខ្ញុំ និង​ភរិយា​ខ្ញុំ​ជា​គូ​ទី ១៣​។ នៅ​ម៉ោង​ប្រមាណ​៨:០០​នាទី​ព្រឹក​ពិធី​បានចាប់ផ្តើម​ជាមួយ​គណៈអធិបតី​១​រូប គណៈ​ចាត់តាំង ១​រូប​។​

​ឯ​កូនក្រមុំ​មាន ១៣​រូប​អង្គុយ​នៅ​កៅអី​ជួរមុខ​និង​កូន​ក​ម្លោះ ១៣​រូប​អង្គុយ​នៅ​ពីក្រោយ​កូនក្រមុំ​ដែលជា​គូ​របស់ខ្លួន ។ សូមកុំ​ច្រឡំ​កៅអី​ដែល​យើង​អង្គុយ​មិនមែនជា​កៅអី​ធម្ម តា​ទេ តែ​ជា​កៅអី​ក្មេង​រៀន​ដែល​យកមក​តម្រៀប​ឱ្យ​កូន​ក​ម្លោះ​កូនក្រមុំ​អង្គុយ​ក្នុងពេល​រៀបការ ។ ជាការ​ចាប់ផ្តើម​គណៈ​ចាត់តាំង​បានឱ្យ​មនុស្ស​១​នាក់​អាន​ប្រវត្តិរូប​ខាង​ស្រី និង​ខាង​ប្រុស​ម្នាក់​ម្ដងៗ​ទាំង​២៦​នាក់ ។ ខ្ញុំ​បានត្រឹមតែ​មើល​ខ្នង​និង​ក រ៉ានី ពីក្រោយ​ដែល​ក្នុង​ចិត្ត​អាណិត​អនាគត​ភរិយា​ដែល​មិនគួរ​លះបង់​មក​យក​ខ្ញុំ​ជា​ជនពិការ​មក​រៀប ការ​អត់​ឪពុកម្តាយ អត់​បងប្អូន​សាច់ញាតិ​បែបនេះ​សោះ​។ ចំពោះ​រូបខ្ញុំ​ក៏​តូចចិត្ត​អាណិត​ខ្លួនឯង​អាណិត​ដល់​គូ​ផ្សេងទៀត​ដែល​ពិការ​ធ្ងន់ធ្ងរ​ជាង​ខ្ញុំ​ទៅទៀត​។​ហើយ​គូ​ប្តី​ប្រពន្ធ របស់​ពួកគេ​ត្រូវ​អង្គការ​ផ្សំផ្គុំ​ឱ្យ​ខុសពី​គូ​ខ្ញុំ​ដែល​បាន​ស្ដីដណ្តឹង​មុននឹង​មានចិត្ត​ស្រឡាញ់គ្នា​មុន​រៀបការ​ថ្ងៃនេះ​។​

​កម្មវិធី​បានចាប់ផ្តើម​បន្ទាប់ពី​អាន​ប្រវត្តិរូប​ចប់​គឺ​ដល់​កម្មវិធី​ដែល​គណៈអធិបតី​សួរ​សំណួរ​មកកាន់​កូនក្រមុំ​និង​កូន​ក​ម្លោះ​ឱ្យ​ឆ្លើយ​មួយគូ​ម្ដងៗ​ដោយ​សួរ​កូនក្រមុំ​មុន​និង​សួរ កូន​ក​ម្លោះ​ជា​ក្រោយ ។ ១២​គូ​ឆ្លើយ​ចប់​ដល់​វេន​ខ្ញុំ​ជា​គូ​ទី ១៣ រ៉ានី ឆ្លើយ​សំណួរ​បាន​យ៉ាង​ល្អ​ទាំង​២ សំណួរ​។ ក្នុងចំណោម​១២​គូ​មុន​គឺ​តែ​១​សំណួរ​ម្នាក់​ប៉ុណ្ណោះ​គឺ​ដល់​រ៉ានី ២​សំណួរ ។ ចំណែក​ខ្ញុំ​ឡើងដល់​៣​សំណួរ ។ សំណួរ​ដែល​ខ្ញុំ​ចងចាំ​ជាងគេ​គឺ (​តើ​សម​មិត្ត​មានលទ្ធភាព​កសាង​ភរិយា​ឱ្យក្លាយ​ទៅជា​វណ្ណៈ​អធន​វណ្ណៈ​ក​ម្មា​ជីព​បាន​ឬទេ​?) ។ នេះ​ជា​សំណួរ​តម្រង់​ទៅរក រ៉ានី ដែលមាន​ស្បែ​កស​និង​ជា​គ្រួសារ​អ្នកធូរធារ​ដែល​រស់​តាម​ដង​ទន្លេមេគង្គ ។ បន្ទាប់ពី​សួរ​សំណួរ​សា​ម៉ី​ខ្លួន​ទាំង ២៦ រូប​ចប់​ហើយ​គណៈ​អ​ធិ ប​តី​ក៏បាន​សួរ​ទៅ​ចាស់ទុំ​ដែល​បាន​អញ្ជើញ​ចូលរួម​ដែល​អ្នក​សួរ​ហៅថា​សាក្សី ។ ចាស់ទុំ ២ នាក់​បាន​ឡើង​និយាយ​ក្នុងនោះ​មាន លោក​បង ជុំ ហ៊​ល អតីត​មេ​បញ្ជ​ការ​ខ្ញុំ​ឡើង និយាយ​ដោយ​ប្រើពាក្យ​ថា​សមរម្យ​ហើយ​និង​បាន​ជូនពរ​ដល់​ពួកយើង​។​(​លោក ជុំ ហ៊​ល ក្រោយ​ឆ្នាំ ១៩៧៩ ធ្វើជា​អភិបាលក្រុង​ព្រះសីហនុរ​ហូត​ឆ្នាំ​១៩៩៣​ទើប​ចូលនិវត្តន៍ និង​ទទួលមរណៈភាព​នៅ​ឆ្នាំ ២០១៤)​។​

​នៅ​ម៉ោង​ប្រមាណ ២:០០​នាទី​រសៀល​កម្មវិធី​មិនទាន់​បញ្ចប់​ទេ ។ ពួកយើង​ឃ្លានបាយ​ស្រេក​ទឹកតែ​មិន​ហ៊ាន​មាត់ក​អ្វី​ទាំងអស់ ។ ម្តងនេះ​ដល់​វេន​គណៈអធិបតី​ស្រោច​ទឹក និង​ឱ្យ​ពរជ័យ​ដោយ​ផ្តើម​ពី​ទស្សនៈ​សភាព​ការ​ណ៌​ដែល​រៀបរាប់​ពី​សភាពការណ៍​ពិភពលោក សភាពការណ៍​តំបន់​និង​អន្តរជាតិ​ដោយ​ជេរ​ពួកសេរីនិយម​សូ​វៀត​និង​វៀតណាម មួយ​ឆ្អែត​ទើប​ចូលមក​សភាពការណ៍​កម្ពុជា​ដែល​ផ្តោត​ធំ​លើ​ការងារ​នយោបាយ​សតិអារម្មណ៍ ការ​វាយកម្ទេច​គាស់​រំលើង​វណ្ណៈ​ជិះជាន់​កំចាត់​ចោល​កម្មសិទ្ធិ​សួនតួ​ទាំង​ទ្រព្យ ស​ម្ប​តិ្ត​ទាំង​មនោសញ្ចេតនា បោសសំអាត​ពួក​ខ្មាំង​បង្កប់​ស៊ី​រូង​ផ្ទៃក្នុង​… ។​ល​។ ច្រើនណាស់​ចាំ​មិន​អស់​ទេ​នូវ​ពាក្យ​បណ្តាសា​របស់​ប្រធាន​គណៈអធិបតី​ដែល​ប្រើពេល​ជាង ១ ម៉ោង​។ ពិធី​ផ្សំផ្គុំ​ត្រូវបាន​បញ្ចប់​នៅ​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ដោយ​ប្រើពេល​៧​ម៉ោង​កន្លះ និង​ដោយ​គ្មាន​ឈប់សម្រាក​។​

​នៅ​ម៉ោង​ប្រហែលជា ៤:០០​នាទី​ល្ងាច​យើង​ហូបបាយ​ជុំគ្នា​ទាំង​ប្តី​ប្រពន្ធ​ទាំង​ភ្ញៀវ​ចូលរួម​ដោយ​អង្គុយ​បាយ​លើ​ស្ពក​។ រ៉ានី បាន​ក្លាយជា​ភរិយា​ខ្ញុំ​ជា​ផ្លូវការ​ហើយ​តែ​ខ្ញុំ​នៅតែ មិនទាន់​ហ៊ាន​និយាយរ​កនាង​នៅឡើយ ។ នៅពេល​បាយ រ៉ានី បាន​ដួស​បាយ​ឱ្យ​ខ្ញុំ​និង​ជួយ​ដួស​បាយ​ឱ្យ​យុទ្ធជន​ពិការ​ដៃ​ម្នាក់ទៀត​ព្រោះ​ប្រពន្ធ​គាត់​នៅ​អៀន​។​កំពុងតែ​ហូប បាយ​មាន​កម្មាភិបាល​តំបន់​មក​ប្រាប់​ពី​ផ្ទះ​ដែល​គូ​នីមួយៗ​ត្រូវ​សម្រាក ។ ចំពោះ​អ្នក​ពិការ​ជើង​គឺ​នៅផ្ទះ​ផ្ទាល់​ដី រីឯ​អ្នក​មិន​ពិការ​ជើង​គឺ​នៅផ្ទះ​ខ្ពស់​។​ហូបបាយ​រួច​ខ្ញុំ​ប្រាប់​ប្រពន្ធ ខ្ញុំ​ថា​ខ្ញុំ​ទៅយក​បា​ឡូ​ទៅផ្ទះ​សម្រាក​មុន​សុំ​ទៅយក​អីវ៉ាន់​ទៅតាម​ក្រោយ ។ ប្រពន្ធ​ឆ្លើយថា​ចាស៎​។ អត់​ទាន់​ហ៊ាន​និយាយ​ពាក្យ​បង អូន​នៅឡើយ​។​នេះ​មិនមែនជា​ព្រះថោង តោង​ស្បៃ​ទេ តែ​ជា​ព្រះថោង​ស្វែងរក​ផ្ទះ​នៅក្រោយពេល​រៀបការ​។​

​ស្ត្រី​ម្ចាស់ផ្ទះ​ដែល​ខ្ញុំ​ត្រូវ​សម្រាក​បានទទួល​ខ្ញុំ​ដោយ​រាក់ទាក់​ហើយ​ប្រាប់​ខ្ញុំ​ថា ផ្ទះ​នេះ​គាត់​មិនបាន​នៅ​តាំងពី​ឆ្នាំ ១៩៧១ មកម្ល៉េះ​ព្រោះ​ខ្លាច​អាមេរិក​ទម្លាក់​គ្រាប់បែក ។​តែ​ផ្ទះ នេះ​អ៊ំ​សំអាត​ប៉ុន្មាន​ថ្ងៃ​មកហើយ ព្រោះ​ប្រធានភូមិ​មក​ខ្ចី​សម្រាប់​ឱ្យ​ក្មួយៗ​ទើប​រៀបការ​សម្រាក ។ ខ្ញុំ​ក៏​សួរ​ទៅ​គាត់​វិញ​ថា​តើ​អ៊ំ​នៅឯណា​? គាត់​ចង្អុល​ទៅផ្ទះ​តូច​ក្បែរ​នោះ​នៅ ផ្ទាល់​ដី​មាន​ទាំង​លេណដ្ឋាន​ការពារ​ផង ។ នៅពេល​ខ្ញុំ​កំពុងនិយាយ​ស្រាប់តែ​ឃើញ​ប្តី​ប្រពន្ធ​គូ​ទី ១២ បណ្តើរគ្នា​មកដល់​ខ្ញុំ​សួរថា ហែម និង វណ្ណា សម្រាក​នៅផ្ទះ​ណា​?​គាត់ ឆ្លើយថា​ផ្ទះ​ហ្នឹង​ដែរ ។​ខ្ញុំ​ពិតជា​ហួសចិត្ត​ផ្ទះ​តូច​មួយ​ផ្សំ​ដំណេក​ដល់​ទៅ ២ គូ (​គូ​ទី ១២ ប្តី​ឈ្មោះ ហែម និង​ប្រពន្ធ​ឈ្មោះ វណ្ណា​) ។ យើង​ឡើងទៅ​លើផ្ទះ​ទាំងអស់គ្នា​។ នៅ លើផ្ទះ​មាន​គ្រែ​មួយ មាន​មុង តែ​គ្មាន​វាំងនន​ទេ ។ ហែម ប្រាប់​ខ្ញុំ​ថា​បង សែន ឯង​សម្រាក​លើ​គ្រែ​ចុះ​ឯខ្ញុំ​ចង​វាំងនន​នៅក្បែរ​ទ្វារ ។ ខ្ញុំ​សួរ​គាត់​វិញ​ថា​បាន​វាំងនន​ពី​ណា​មក​? ហែម​ឆ្លើយថា​អង្គការ​ចែក​ឱ្យ​តាំងពី​នៅ​មន្ទីរ​តំបន់​ចុះ​បង​ឯង​អត់​ទាន់​បានទទួល​ទេ​ឬអី​?​ខ្ញុំ​គ្រវីក្បាល​និង​ឆ្លើយថា​អត់​ទេ ។ ហែម​ក៏​ជួយ​ប្រាប់​ទៅ​អ្នកទទួលខុសត្រូវ​ដើម្បី​សុំ​វាំង នន​ឱ្យ​ខ្ញុំ​។​

​ខ្ញុំ​រង់ចាំ​ប្រពន្ធ​ខ្ញុំ​តែ​មិនឃើញ​មក​សោះ​ដោយសារ​នាង​នៅជាប់​និយាយ​លេង​ជាមួយ​ម្ចាស់ផ្ទះ​ដែល​នាង​សម្រាក​កាលពី​យប់មិញ ។ ខ្ញុំ​ងូតទឹក​មុន​និង​បានរៀបចំ​កន្លែង​សម្រាក ឱ្យ​ហើយ​។ ពេលនេះ​ខ្ញុំ​បាន​ដោះ​សម្លៀកបំពាក់​ខ្មៅ​ស្លៀក​ឯកសណ្ឋាន​កងទ័ព​វិញ​ហើយ ។ សុំ​បញ្ជាក់ថា​ពេល​ស្ថិតនៅក្នុង​ពិធី​គេ​តម្រូវឱ្យ​កូន​ក​ម្លោះ​ស្លៀកខោ​ខ្មៅ​ពាក់​អាវខ្មៅ ដៃ​វែង រីឯ​កូនក្រមុំ​ស្លៀកសំពត់​ខ្មៅ​និង​ពាក់​អាវខ្មៅ​ដៃ​វែង គឺ​មិន​អនុញ្ញាតឱ្យ​ស្លៀកពាក់​ខុសពី​នេះឡើយ ។ ភរិយា​ខ្ញុំ​និង​រូបខ្ញុំ​មិនបាន​ទទួល​អ្វី​ផ្សេង​ក្រៅពី​របស់របរ​ផ្ទាល់ខ្លួន ដែល​ធ្លាប់មាន​នោះទេ​ក្រោយពី​បាន​រៀបការ​រួចហើយ ។​អ្វីដែល​ខ្ញុំ​ទទួលបាន​គឺ​រូប រ៉ានី និង​អ្វីដែល រ៉ានី បានទទួល​គឺ​រូបខ្ញុំ​។ យើង​មិន​ចង់បាន​អ្វី​ខុសពី​នេះឡើយ​។​ក្បែរ​ក្បាល ព្រលប់​ខ្ញុំ​ឃើញ រ៉ានី ឱប​បា​ឡូ​មកដល់​ខ្ញុំ​ក៏​ទៅ​ទទួលយក​បា​ឡូ​ពី​នាង​ឡើងលើ​ផ្ទះ​។ រ៉ានី បាន​សួរ​ខ្ញុំ​ថា​បង​មាន​ក្រមា​ទេ​ខ្ញុំ​សុំ​ខ្ចី​ផ្លាស់​មុជទឹក​។​ខ្ញុំ​ថា​មាន​ក្រមា​ខ្ញុំ​ទទឹក​ស្រាប់ ខ្ញុំ​ក៏ ដើរ​ទៅយក​ក្រមា​ឱ្យ​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ដែល​ទើប​ហៅ​ខ្ញុំ​ថា “​បង​” ដែល​ពាក្យ​នេះ​ខ្ញុំ​រង់ចាំ​ជា​យូរ​មកហើយ​។​

​អំពើ​របស់​អង្គការ​ថ្ងៃនេះ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយទៀត​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ខ្ញុំ​តស៊ូ​ដើម្បី​ផ្តួលរំលំ​របប​អត់​ប្រពៃណី​និង​គ្មាន​សាសនា​នេះ ។ ថ្ងៃនេះ​វា​និយាយ​ពី​បោសសំអាត​ពួក បង្កប់​ស៊ី​រូង​ផ្ទៃក្នុង​វា​និយាយ​ត្រូវ​ព្រោះ​ខ្ញុំ​ជា​មេ​ពួក​បង្កប់​នេះ​តែម្តង ។ ងាក​មក​និយាយ​ពី​ភរិយា​ខ្ញុំ​វិញ​ខ្ញុំ​អាណិត​នាង​ណាស់​មិនគួរ​មក​រងកម្ម​ជាមួយ​មនុស្ស​ពិការ​ដូច​រូបខ្ញុំ​នេះ​ទេ មក​រៀបការ​ដោយ​គ្មាន​ឪពុកម្តាយ​និង​បងប្អូន​ញាតិមិត្ត​កំដរ ។ ការ​អាណិត​ធ្វើឱ្យ​ខ្ញុំ​យល់​ពី​នាង​កាន់តែច្បាស់​ថា​នាង​ទទួលយក​ខ្ញុំ​ដោយ​សុទ្ធចិត្ត​មិន​ប្រកាន់​រើសអើង​ចំពោះ ជនពិការ​ឡើយ ។ ឆ្លង​ផុត​រាត្រី​ផ្សំ​ដំណេក ៥ មករា ១៩៧៦ លុះ​ព្រឹក​ឡើង​មន្ទីរ​យោធា​តំបន់​បាន​យក​រឺ​ម៉ក​ម៉ូតូ​មក​ដឹក​ពួកយើង​ទៅ​អង្គភាព​វិញ ។​យើង​អត់​បាន​ទទួលទាន អ្វី​ទាំងអស់​ក៏​នាំគ្នា​ចេញដំណើរ​ទៅ ។ អ្នករួមដំណើរ​មាន​ប្តី​ប្រពន្ធ​ខ្ញុំ​២ នាក់ គូ​ទី ១២ ហែម និង​វណ្ណា ២ នាក់​ជំនួយការ​សេនាធិការ​យោធា​តំបន់​ឈ្មោះ សុជាតិ ១ នាក់ និង អ្នកជិះ​ម៉ូតូ​ជា​ប្រធាន​មន្ទីរ​យោធា​តំបន់​ឈ្មោះ ស៊ីថា ។​ចេញពី​ភូមិ​ច្រាប​មិនបាន​ប៉ុន្មាន​ផង​ម៉ូតូ​ក៏​វា​បែក​កង់​ពួកយើង​ប្រឹង​រុញ​ទាំង​ម៉ូតូ​ទាំង​រឺ​ម៉ក​មក​ប៉ះ​កង់​នៅ​ផ្សារ​សួង ទម្រាំ​រក កន្លែង​ប៉ះ​កង់​បាន​និង​ប៉ះ​កង់​រួច​គឺ​ម៉ោង​ប្រហែល ១១:00 ថ្ងៃត្រង់​ទៅហើយ ។ ពួកយើង​មិន​ខ្វល់​ពី​ការ​ឃ្លាន​ទេ​គឺ​ត្រូវ​រូតរះ​ចេញដំណើរ​ភ្លាម​ដើម្បី​ទៅដល់​ទីបញ្ជាការ​យោធា តំបន់​ដែល​បោះ​ទីតាំងនៅ​ចំការ​ដូង ភូមិ​សំរោង ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម​។​

​កំណាត់​ផ្លូវជាតិ​លេខ​៧ កាលពី​ពេលនោះ​គឺ​ខូចខាត​ស្ទើរ​អស់ហើយ​មិនអាច​ធ្វើដំណើរ​បាន​លឿន​ទេ​។ យើង​ចេញពី​ផ្សារ​សួង បាន​មិនទាន់​ដល់ ១០ គីឡូម៉ែត្រ​ផង​កង់​រឺ​ម៉ក ខាង​ក៏​ឆ្វេង​ធ្លាយ​ទៀត តែ​យើង​អាច​នៅ​សប់​បញ្ចូល​ខ្យល់​ធ្វើដំណើរ​បាន​។ ដំបូង​សប់ ១ ដង​អាចធ្វើ​ដំណើរ​បាន​ប្រហែល ១ គីឡូម៉ែត្រ​ជា​បន្តបន្ទាប់​សប់​បញ្ចូល​ខ្យល់​លែង ចូល​។ ខ្ញុំ​ប្រាប់​ស៊ីថា​និង​សុជាតិ ដែល​អ្នក​ទាំង ២ នាក់​សុទ្ធតែជា​អតីតយុទ្ធជន​និង​កូនសិស្ស​ខ្ញុំ​លើ​ការងារ​ផែនទី​ថា​ទុក​រឺ​ម៉ក​ផ្ញើ​ប្រជាជន​នៅទីនេះ​ស៊ីថា និង សុជាតិ ប្រញាប់ ជិះ​ម៉ូតូ​ទៅ​ចំការ​ដូង​យក​កង់​ម៉ូតូ​មក​ដូរ​បើ​មិនទាន់​យប់​នេះ​ទេ​ចាំ​ស្អែក​ចាំ​មកវិញ ។ ឯ​ពួក​ខ្ញុំ​ដើរទៅ​មុខ​បន្តិចទៀត​ចាំ​សុំ​អ្នកភូមិ​សម្រាក​មួយ​យប់​សិន​។ រុញ​រឺ​ម៉ក​មក​ដាក់​ទុក តាម​ភ្លឺស្រែ​រួចហើយ ស៊ីថា និង សុជាតិ ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ។ រីឯ​ពួក​ខ្ញុំ ៤ នាក់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅដល់​ភូមិ​តា​ហៀវ ស្រុក​ពញាក្រែក ដែល​នៅជាប់​ផ្លូវ​លេខ ៧ ហើយ​ចូលទៅ​ក្នុងភូមិ​នោះ​ដើម្បី​សុំ​សម្រាក ។ លោកពូ​អ្នក​មីង​ម្ចាស់ផ្ទះ​ទទួល​ពួកយើង​រាក់ទាក់​ខ្លាំងណាស់​តែ​គាត់​មិនទាន់​ហ៊ាន​ឱ្យ​យើង​សម្រាក​ទេ​គឺ​រង់ចាំ​សុំ​ការអនុញ្ញាត ពី​ប្រធានភូមិ​សិន​។​

​ខ្ញុំ​ក៏​មិនបាន​ប្រាប់​ពួកគាត់​ថា​ខ្ញុំ​ជា​មេ​បញ្ជ​ការ​កងទ័ព​ដែរ​កាំភ្លើងខ្លី​របស់ខ្ញុំ​សៀត​នៅ​ចង្កេះ​មើលមិនឃើញ​ទេ ។ យើង​ត្រូវ​រង់ចាំ​ព្រោះ​ប្រធានភូមិ​ទៅ​បោក​ស្រូវ​មិនទាន់​ត្រឡប់ មកវិញ​។ នៅពេល​ប្រធានភូមិ​មកដល់​មេឃ​ក៏​ចាប់ផ្តើម​ងងឹត​ហើយ​គាត់​ជួយ​ពួកយើង​ភ្លាម​ដោយ​ឱ្យ​អង្ករ ៤ កំប៉ុង​មក​ម្ចាស់ផ្ទះ​ដាំ​ឱ្យ​យើង​ទទួលទាន ។ តាំងពី​ព្រលឹម​រហូត យប់​ប្រហែល ១៣ ម៉ោង​ទើប​យើង​បាន​ហូបបាយ ។ ហើយ​បើ​គិតពី​ពេលបាយ​នៅ​រៀបការ​ពី​ម៉ោង ៤ ល្ងាច ថ្ងៃ ៥ មករា រហូត​ម៉ោង ៨ យប់​ថ្ងៃ ៦ មករា នេះ​មាន​រយៈពេល ២៨ ម៉ោង ទើប​យើង​បាន​បាយ​។ ខ្ញុំ​ស្រក់​ទឹកភ្នែក​អាណិត​ប្រពន្ធ​ខ្ញុំ​ខ្លាំងណាស់​តែ​ទឹកភ្នែក​នេះ​មិនឱ្យ​ប្រពន្ធ​ខ្ញុំ​ដឹង​ទេ​។​

​ពេលយប់​ម្ចាស់​ផ្ចះ​រៀបចំ​ឱ្យ​ពួក​ខ្ញុំ​ដេក​ប្រុស​ដោយ​ប្រុស ស្រី​ដោយ​ស្រី ខ្ញុំ​បាន​សុំ​ម្ចាស់ផ្ទះ​ដើម្បី​បាន​ដេក​ជាមួយ​ភរិយា​ខ្ញុំ រីឯ ហៀ​ម ជាមួយ​ប្រពន្ធ​គេ​តែ​ម្ចាស់ផ្ទះ​បាន​ឆ្លើយ តប​ដោយ​ការ​សុំទោស​ព្រោះ​ខ្លាច​ក្មួយៗ​ជំរិត​គ្នា​មិនមែនជា​ប្តី​ប្រពន្ធ​ពិតប្រាកដ ។ ពួក​ខ្ញុំ​គ្មាន​ជំរើស​អ្វី​ក្រៅតែពី​ទទួល​យកតាម​ការរៀប​ចំ​របស់​ម្ចាស់ផ្ទះ​ដើម្បី​កុំឱ្យ​គាត់​លំបាក ដោយសារ​យើង ។ ពេលព្រឹក​ឡើង​ម៉ូតូ​បានមក​ទទួល​យើង​ទៅកាន់​ទីបញ្ជាការ​យោធា​តំបន់​ខ្ញុំ​ត្រូវបំពេញ​កិច្ចការ​តាំងពី​ពេលទៅដល់​រហូត​ពេលយប់​តែ​នៅទីនេះ​មិនមាន បញ្ហា​អ្វី​ទេ​។ ប្រធាន​យោធា​តំបន់​ឈ្មោះ អួ​ង ឯក មាន​អធ្យាស្រ័យ​ល្អ ។ នេះ​ជា​រាត្រី​ទី ៣ ត្រូវ​នឹង​ថ្ងៃ ៧ មករា ។ ថ្ងៃទី ៨ មករា​ម៉ូតូ​មន្ទីរ​យោធា​តំបន់​បាន​ជូន​ប្តី​ប្រពន្ធ​ខ្ញុំ​ទៅ កាន់​ទីបញ្ជាការ​កងវរសេនាធំ​ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ង្លូ​ង ស្រុក​ត្រ​មូង​នាពេលនោះ​។ ពេលទៅដល់​កម្មាភិបាល​និង​យុទ្ធជន​ដែល​ធ្លាប់បាន​លេងល្បែង​ផ្សំផ្គុំ​ខ្ញុំ ជាមួយ​ប្រពន្ធ​កាលពី​ឆ្នាំ​១៩៧៣ និង​ដើមឆ្នាំ ១៩៧៤ បាននាំគ្នា​មក​អបអរ​ផង​និង​បង្អាប់​ខ្ញុំ​ផង​។​

​ប្តី​ប្រពន្ធ​យើង​បានរស់នៅ​ជាមួយគ្នា​ពីថ្ងៃ​ទី​៨ ខែមករា បន្ទាប់ពី​បាន​រៀបការ​នៅ​ថ្ងៃ​៥​មករា​ដែល​ត្រូវ​ដើរ​ដេក​នៅ​ទីកន្លែង​ខុសៗ​គ្នា ។ ភាព​រីករាយ​មាន​ត្រឹមតែ ៤ ថ្ងៃ​ប៉ុណ្ណោះ សម្រាប់​ប្តី​ប្រពន្ធ​របស់ខ្ញុំ​។​

​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៧៦ បទបញ្ជា​បន្ទាន់​ឱ្យ​ភរិយា​ខ្ញុំ​ចេញដំណើរ​ទៅ​មន្ទីរពេទ្យ​ដែលមាន​ទីតាំងនៅ​វត្ត​ពពេល ឃុំ​ពពេល ស្រុក​ទឹក​ជ្រៅ​នាពេលនោះ​គឺ​ស្រុក​ពញាក្រែក ។ នាពេល​នេះហើយ​បន្ទាប់​ទៅ​ត្រូវ​ទៅ​លើក​ប្រព័ន្ធ​ភ្លឺស្រែ​នៅ​ភូមិ​ខ្នារ ស្រុក​ត្បូងឃ្មុំ ។ ទឹកភ្នែក​ខ្ញុំ​ហូរ​ទៀតហើយ​នៅពេលដែល​គេ​ដឹក​ប្រពន្ធ​ខ្ញុំ​ចេញទៅ​សូម្បីតែ​ខ្ញុំ​ជា​ប្តី​ក៏​គ្មាន សិទ្ធិ​នឹង​ជូន​ដំណើរ​នាង​ដែរ ។ តើ​នេះ​ជា​ចម្លើយ​ដែល​ឆ្លើយ​និង​សំណួរ​ដែល​អង្គការ​សួរ​ខ្ញុំ​ថា​តើ​សម​មិត្ត​មានលទ្ធភាព​កសាង​ភរិយា​ឱ្យក្លាយ​ជាវ​ណ្ណៈ​អធន​វណ្ណៈ​ក​ម្មា​ជីព​បាន ឬទេ​?​។​

​អាពាហ៍ពិពាហ៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វី​ត្បិត​ស្ថិតនៅក្នុង​អាពាហ៍ពិពាហ៍​មួយ​ក្រោម​របប​អាវខ្មៅ ជា​អាពាហ៍ពិពាហ៍ ដ៏​សែន​សោះកក្រោះ​គ្មាន ឡើយ​សម្លៀកបំពាក់​ប្រពៃណី គ្មាន​ឡើយ​ភ្លេង​បាយខុន​ចង​ចៃ គ្មាន​ឡើយ​ភ្លេង​ព្រះថោង​តោង​ស្បៃ គ្មាន​ការអញ្ជើញ​ចូលរួម​ពី​សាច់ញាតិហើយក៏ គ្មាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ​ពី​មិត្តភក្តិ​នោះឡើយ ពោល​ឈុត​អាពាហ៍ពិពាហ៍​មានតែ​អាវខ្មៅ​និង​មានតែ​អង្គការ​ប៉ុណ្ណោះ​ធ្វើ​ជាស​ក្សី​នៃ​អាពាហ៍ពិពាហ៍​នេះ ។ ក៏ប៉ុន្តែ អ្វីដែល​ជាការ​កត់សំគាល់​និង​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ទោះបីថា​ចំណងអាពាហ៍ពិពាហ៍​នេះ​កើតឡើង​កើតឡើង​ក្នុង​របប​មួយ​គ្មាន​សាសនា​ប្រពៃណី​ទំនាម​ទំ​ម្លា​ប់​យ៉ាង ណាក៏ដោយ​តែ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចេះ​ថែរក្សា​ចំណងអាពាហ៍ពិពាហ៍​នោះ​នឹង​ស្ថិតស្ថេរ​រហូតមកដល់​បច្ចុប្បន្ន ។​ខណៈដែល​មានគូស្រករ ខ្មែរ​ជាច្រើន​ត្រូវបាន​រៀបចំឡើង​និង​ផ្គូរ​ផ្គង​នៅក្នុង​របប​អាវខ្មៅ​(​ខ្មែរក្រហម​) លុះ​ក្រោយពេល​របប​ខ្មែរក្រហម​ត្រូវ​វាយ​បំបែក​នៅ​ថ្ងៃទី​០៧​ខែមករា​ឆ្នាំ​១៩៧៩​មានគូស្រករ​ខ្លះ​ក៏ បាន​សុំ​បែកផ្លូវ​គ្នា ។ តែ​ស្នេហា​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​កើតចេញពី​បេះដូង​និង​មាន​ប្រវត្តិ​ជូរចត់​យ៉ាងច្រើន​នោះ​នៅតែ​ស្ថិតស្ថេរ​ជា​អមតៈ ។ ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​របប​អាវខ្មៅ សម្តេច​ទាំងពីរ​ទទួលបាន​បុត្រ​ចំនួន ៦ រូប​តែមួយ​រូប​ត្រូវបាន​ស្លាប់​ពេល​ចាក​ចេញពី​ផ្ទៃ​ភ្លាមៗ​មកម្ល៉េះ​គឺ «​ហ៊ុន កម្សត់​» ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular