ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងមេដឹកនាំសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ បានជួបពិភាក្សាគ្នានៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការបង្កើត “សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ចំណែកសមាសភាពថ្នាក់ដឹកនាំសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មានដូចជាៈ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាប្រធានសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ លោក គុជ លី ប្រធានស្តីទីគណបក្សខ្មែរតែមួយ និងជាអគ្គលេខាធិការសម្ពន្ធភាពអ្នកប្រជាធិបតេយ្យ ខ្មែរ និងលោកអ៊ុ សុមន្ថា ប្រធានស្តីទីគណបក្សខ្មែររួបរួមជាតិ។
លោកប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការអញ្ជើញថ្នាក់ដឹកនាំ“សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” មកចូលរួមប្រជុំនេះ គឺដើម្បីពិភាក្សានឹងចង់ដឹងអំពីគោលបំណង នៃការបង្កើត“សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” និងដើម្បីបានបទពិសោធន៍រវាងគ្នាទៅវិញទៅមក។លោកបានបញ្ជាក់ថា“យើងបានជួបពិភាក្សាគ្នាដើម្បីឲ្យយល់អំពីគោលបំណងបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ និងឲ្យគាត់យល់ពីច្បាប់គណបក្សនយោបាយ ព្រោះថា ជាទូទៅដើម្បីឲ្យការអនុវត្តច្បាប់បានល្អ បានរលូន ហើយយោងទៅតាមច្បាប់ គឺក្រសួងមហាផ្ទៃជាស្ថាប័នដែលមានសមត្ថកិច្ចនៅក្នុងការចុះបញ្ជីគណបក្សនយោបាយ ហើយនឹងធ្វើការជាមួយគណបក្សនយោបាយហេតុនេះហើយបានជាជួបពិភាក្សាគ្នាផ្លាស់ប្តូរយោបល់និងស្វែងយល់រវាងគ្នានិងគ្នាទៅវិញទៅមក ជាពិសេសគឺការអនុវត្តច្បាប់”។
រូបថតៈលោក ប៊ុន ហុន
សូមជម្រាបថា ការអញ្ជើញមេដឹកនាំសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរមកប្រជុំពិភាក្សាគ្នានេះ បានធ្វើឡើងបន្ទាប់ពីលោកម៉ម សូណង់ដូ ប្រធានសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពីការបង្កើត “សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ”។
បន្ទាប់ពីជូនដំណឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវប្រកាសជាផ្លូវការកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ គណបក្សនយោបាយចំនួនបីដែលបានផ្តួចផ្តើមបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរគឺមានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោកម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយ របស់លោកកែម រិទ្ធិសិត។
ចំពោះសមាសភាពក្បាលម៉ាស៊ីនដឹកនាំសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺលោកម៉ម សូណង់ដូជាប្រធានសម្ពន្ធភាពអ្នក ប្រជាធិបតេយ្យខ្មែរ លោកញឹក ប៊ុនឆៃ ជាអនុប្រធាន លោកគុជ លី (អនុប្រធានគណបក្សខ្មែរតែមួយ) អគ្គលេខាធិការ។
យោងតាមឯកសារស្តីពីគោលការណ៍ណែនាំ ការអនុវត្តខ្លឹមសារ នៃពិធីសាររវាងមេដឹកនាំទាំងបីបក្ស បានបញ្ជាក់ថា គោលបំណងនៃការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺដើម្បីបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ។ ហើយគណបក្សទាំងបី គឺមានគោលដៅដូចគ្នា និងរឹតចំណងសាមគ្គីភាព ដើម្បីការធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ រួមគ្នាដោះស្រាយវិបត្តិនានាក្នុងសង្គមនយោបាយតាមរយៈខ្មែរ និងខ្មែរ។
រូបថតៈលោក ម៉ម សូណង់ដូ
សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មានយន្តការការងារចំនួនបីជាអាទិភាព រួមមានៈ ១. គ្រប់គណបក្សសាមីត្រូវចុះមូលដ្ឋានរួមគ្នាដើម្បីពង្រឹង និងពង្រីកសកម្មជនគាំទ្រគណបក្សសាមីគ្រប់ខេត្តទូទាំងប្រទេស។ ២. ត្រូវបង្កើតការងារបណ្តាញសង្គមដើម្បីផ្សព្វផ្សាយពីវត្ថុបំណងរបស់សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ។ ៣. ត្រូវបង្កើតក្រុមវាគ្មិន និងអ្នកនាំពាក្យ ដើម្បីតស៊ូមតិគ្រប់រូបភាពការពារផលប្រយោជន៍រួម។
សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវរក្សាអត្តសញ្ញាណគណបក្សសាមីខ្លួនដដែល។ គ្រប់គណបក្សសាមីជាសមាជិកត្រូវផ្តល់កិត្តិយសឲ្យគ្នាទៅវិញទៅមក ដោយមិនប្រកាន់គណបក្សតូច ឬគណបក្សធំជាដាច់ខាត។ បង្កើតភាតរភាពរវាងខ្មែរ និងខ្មែរ ដើម្បីបង្ហាញពីឆន្ទៈអ្នកនយោបាយខ្មែរគ្រប់ជាន់ថ្នាក់រួបរួមគ្នាការពារផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ។ មិនត្រូវបង្កើតវប្បធម៌លាបពណ៌ដាក់ខ្មែរគ្នាឯងជាដាច់ខាត៕សរន