ដោយ: ប.ជ័យ / បន្ទាយមានជ័យ: បុរសវ័យចំណាស់ម្នាក់ដេកស្លាប់ នៅនឹងគ្រែទៅដេកចាំផ្ទះឲ្យគេ ដោយអ្នកស្រុកសង្ស័យថា មកពីអាកាសធាតុត្រជាក់ខ្លាំង ហើយគាត់ខ្វះ ឬធ្វេសប្រហែសនឹងភួយដណ្តប់។
អ្នកស្រុកប្រទះឃើញសពនៅថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២១ នៅចំណុច ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ លួស សាវី ហៅ តឿ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះបានមកដេកចាំផ្ទះ ឲ្យឈ្មោះ ឯក វណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ និង ប្រពន្ធឈ្មោះ ម៉ន សួត អាយុ៤៧ឆ្នាំ រស់នៅភូមិខាងលើ ។
សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះជាមនុស្សញៀនស្រាស ផឹកស្រាជាប្រចាំមិនសូវហូបបាយ ហើយកើតខ្យល់គស្លាប់។ ប៉ុន្តែពលរដ្ឋរស់នៅម្តុំនោះ សង្ស័យថា ជនរងគ្រោះស្លាប់ដោយរងារខ្លាំងនៅពេលយប់ ហើយគាត់មិនបានដណ្តប់ភួយឬអត់ភួយដណ្តប់ទៅវិញទេ៕