ដោយៈសុខុម/ស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី ៦ខែមករានេះកងរាជអាវុធខេត្តស្ទឹងត្រែងកំពុងពង្រាយកម្លាំងតាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ប៉ូលិសករណីគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញហើយបានគេចខ្លួនចូលព្រៃក្នុងខេត្តមណ្ឌលគិរី។

   ក្រោយពីខ្មាន់កាំភ្លើងរត់គេចខ្លួនមកទឹកដីស្រុកកោះញែកខេត្តមណ្ឌលគិរី ស្រុកលំផាត់ខេត្តរតនគិរីជាច្រើនថ្ងៃមកនេះបានទទួលដំណឹងថាជនសង្ស័យទំនងជាគេចខ្លួនតាមព្រៃមកកាន់ខេត្តស្ទឹងត្រែង។

   លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបាននិយាយថាក្រោមបញ្ជាចង្អុលបង្ហាញពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកបានដឹកនាំកម្លាំងចុះឡោមព័ទ្ធតាមចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលីសនាយរងព្រហ្មទណ្ឌកំរិតស្រាលនៅរាជធានីភ្នំពេញកន្លងមកហើយគេចខ្លួនរត់ចូលព្រៃក្នុងទឹកដីស្រុកកោះញែកខេត្តមណ្ឌលគិរី។

     លោកវរៈសេនីយ៍ឯក ដួង វិចិត្រ បានប្រាប់ថាក្រោយទទួលព័ត៌មានថាខ្មាន់កាំភ្លើងកំពុងសម្ងំលាក់ខ្លួនក្នុងព្រៃអស់រយៈពេលជាច្រើនថ្ងៃមកនោះបានគេចខ្លួនមកដល់ខេត្តស្ទឹងត្រែង។ឥឡូវនេះកម្លាំងកងរាជអាវុធហត្ថកំពុងឡោមព័ទ្ធភូមិសាស្រ្តឃុំក្បាលរមាសស្រុកសេសានដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕សរន