Home ព័ត៌មានសំខាន់ៗ ធាតុអាកាសត្រជ...

ធាតុអាកាសត្រជាក់ លើកទី៣ នៅចុងសប្តាហ៍នេះ អាចចុះដល់ ១២ អង្សាសេ

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី៦ ដល់ ៨ ខែមករាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពី ខ្យល់មូសុងឦសានខ្លាំង ធ្វើឱ្យសីតុណ្ហភាព អប្បបរមា អាចចុះដល់ ១២ អង្សាសេ នៅអំឡុងពីថ្ងៃទី៩ ដល់ ១២ ខែមករា។

នៅក្នុងសេចក្តីជូនដំណឹង បានសរសរថាៈ ពីថ្ងៃទី៦ ដល់ ៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីខ្យល់មូសុងឦសានមធ្យម និងពីថ្ងៃទី៩ ដល់ ១២ ខែមករា ទទួលឥទ្ធិពលពី ខ្យល់មូសុងឦសានខ្លាំង ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី៩ ដល់ ១៤ ខែមករា ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង។

សម្រាប់បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី  ៣១-៣៤ អង្សាសេ។

ពីថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាព អប្បបរមា មានពី ១៥-១៧ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី  ២៤-២៧ អង្សាសេ។

បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី១៨-២១អង្សាសេ, សីតុណ្ហភាព អតិបរមា មានពី ៣០-៣៣ អង្សាសេ និងពីថ្ងៃទី ៩-១២ ខែមករា សីតុណ្ហភាព អប្បបរមា មានពី ១២-១៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ២៣-២៦ អង្សាសេ ជាមួយខ្យល់បក់បោកខ្លាំង។

នៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២២ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩-៣២ អង្សាសេ និងពីថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាព អប្បបរមា មានពី ១៨-២១ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ២៥- ២៨ អង្សាសេ ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ  និងជាពិសេស វីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក  និង  ខ្ពង់រាបភាគឦ សាន សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះធាតុអាកាស ចុះត្រជាក់ខ្លាំងនេះ ។ ឯប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular