Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ ដែលប...

ជនសង្ស័យ ដែលបាញ់រះសមត្ថកិច្ច ចំនួន៧គ្រាប់ ត្រូវតុលាការឃុំខ្លួន

ដោយៈ សរិទ្ធ / កណ្តាលៈ ជនសង្ស័យដែលបាញ់រះសមត្ថកិច្ច នគរបាលប៉ុស្តិ៍សំពៅពូន ចំនួន៧គ្រាប់ បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ។

ជនសង្ស័យរួបនេះ ឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបររថយន្តដឹកទំនិញ អោយក្រុមហ៊ុន ។ តាមការសួរនាំ និងធ្វើតេស្តទឹកនោម ឃើញថា ជននេះ មានការប្រើប្រាស់គ្រឿងញៀន ផងដែរ។

គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំកម្លាំង ដោយផ្ទាល់ សម្រុកចូលបង្ក្រាបជនល្មើសម្នាក់ បានដោយជោគជ័យ បន្ទាប់ពីជនល្មើស បានចូលបន្ទប់សមត្ថកិច្ច ប៉ុស្តិ៍សំពៅពូន រួចបាញ់រះមកលើសមត្ថកិច្ច ចំនួន៧គ្រាប់ តែមិនចំនរណាម្នាក់ បណ្តាលអោយរងរបួសនោះទេ ។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ ធ្វើឡើងកាលពីយប់ ថ្ងៃទី២ ខែមករា កន្លងទៅ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច បានអោយដឹងថា រឿងហេតុដំបូង ដែលឈានដល់ការបាញ់រះ មកលើសមត្ថកិច្ចនេះ គឺដោយសារមានករណី រថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត ។ ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួន អ្នកបើករថយន្ត មកដោះស្រាយគ្នា ។ ប៉ុន្តែនៅពេល ដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើស បានរត់ចូលទៅក្នុងបន្ទប់ នគរបាលប៉ុស្តិ៍ ហើយចាក់សោរ រួចក៏យកកាំភ្លើង ដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅ សំដៅមកលើកងកម្លាំងនគរបាល ចំនួន៧គ្រាប់ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់ រងរបួសនោះឡើយ។

ក្រោយមានហេតុការណ៍នេះ កើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានដឹកនាំកម្លាំង ចុះទៅអន្តរាគមន៍ នៅកន្លែងនោះ និងបានឡោមព័ទ្ធ ដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើស បានតែម្តង៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular