ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃចន្ទទី០៤មករា ចៅក្រមអង់គ្លេសម្នាក់បានរារាំងការធ្វើបត្យាប័នលោក ជូលៀន អាសាញ ទៅសហរដ្ឋអាម៉េរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីសម្រេចថា ស្ថាបនិកវេបសាយ WikiLeaks រូបនេះមានហានិភ័យធ្ងន់ធ្ងរក្នុងការធ្វើអត្តឃាត ដោយបង្កឱ្យមានការខកចិត្តយ៉ាងខ្លាំងនៅទីក្រុងវ៉ាស៊ីនតោន។
ចៅក្រម វ៉ាន់ណេសសា បារ៉ាអ៊ីតសឺ បាននិយាយថា ចាងហ្វាងការផ្សាយជនជាតិអូស្ត្រាលីអាយុ ៤៩ ឆ្នាំរូបនេះ ច្បាស់ជាបានដឹងខ្លួនអំពីផលប៉ះពាល់នៃការទម្លាយឯកសារសម្ងាត់របស់គាត់ដែលសកម្មភាពនេះគឺវាហួសឆ្ងាយពេកហើយពីតួនាទីជាអ្នកកាសែត។
ប៉ុន្តែលោកស្រីចៅក្រមនិយាយថា សុខភាពផ្លូវចិត្តរបស់គាត់ប្រហែលជាកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រព័ន្ធព្រហ្មទណ្ឌរបស់អាម៉េរិក ដែលអាចបណ្តាលឱ្យគាត់ប៉ងធ្វើអត្តឃាត។
លោកអាសាញបានជូតញើសពីថ្ងាសរបស់គាត់នៅពេលការសម្រេចត្រូវបានប្រកាសនៅក្នុងតុលាការទីក្រុងឡុងដ៍ ហើយគូដណ្តឹងរបស់គាត់ឈ្មោះ ស្តែលឡា ម៉ូរីស បានស្រក់ទឹកភ្នែក និងត្រូវបានឱបដោយនិពន្ធនាយកវេបសាយ WikiLeaks លោក គ្រីស្ទីន រ៉ានសុន។
លោកអាសាញនៅតែត្រូវតាមចាប់ខ្លួនពីបទចោទប្រកាន់ចំនួន១៨ នៅក្នុងសហរដ្ឋអាម៉េរិក ដែលអាចជាប់គុក ១៧៥ ឆ្នាំទាក់ទងទៅនឹងការបញ្ចេញឯកសារសម្ងាត់ចំនួន ៥០០.០០០ នៅលើវេបសាយ WikiLeaks ក្នុងឆ្នាំ២០១០ ដែលរៀបរាប់លម្អិតអំពីទិដ្ឋភាពនៃយុទ្ធនាការយោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់។
លោកស្រីម៉ូរីស ដែលមានកូនប្រុសពីរនាក់ជាមួយលោកអាសាញ និយាយថា សេចក្តីសម្រេចនេះគ្រាន់តែជាជំហានទី១ឆ្ពោះទៅរកយុត្តិធម៌ប៉ុណ្ណោះ ហើយអំពាវនាវឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់រឿងនេះដើម្បីឱ្យកូនប្រុសបានជួបឪពុក៕
ចៅក្រមនិយាយថា លោកជូលៀន អាសាញ អាចនឹងធ្វើអត្តឃាត ប្រសិនបើបញ្ជូនឱ្យទៅជាប់គុកនៅអាម៉េរិក