Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋបាលខណ្ឌប្...

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឱ្យរុះរើផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងរយៈពេល ១ សប្ដាហ៍

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះធ្វើបច្ចុប្បន្នភាព ផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ចំនួន៥ ក្នុងខណ្ឌប្ញស្សីកែវ ដោយពិនិត្យឃើញថា មានដល់ទៅជិត ៤០០ កន្លែង ហើយអាជ្ញាធរមានសមត្ថកិច្ចនេះ បានដាក់ឱសានវាទ ឱ្យម្ចាស់រុះរើចេញ ក្នុងរយៈពេល ១ សប្ដាហ៍។

មន្ត្រីដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ បានឱ្យដឹងថាៈ ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ មានដូចជា៖ 

១- សង្កាត់ទួលសង្កែទី១  មានចំនួន ៩ ទីតាំង ធ្វើបច្ចុប្បន្នភាពឡើងវិញ មានចំនួន ៩ ទីតាំង។

២- សង្កាត់ប្ញស្សីកែវ  មានចំនួន ៦២ ទីតាំង ក្នុងនោះ ភូមិសាមគ្គី មានចំនួន ៣ ទីតាំង ជាក់ស្តែង មានចំនួន ២ ទីតាំង , ភូមិឃ្លាំងសាំង មានចំនួន ៣៤ ទីតាំង ជាក់ស្តែង ៣០ ទីតាំង, អាជ្ញាធររុះរើចេញ ១ ទីតាំង, បានរើចេញ ១ ទីតាំង, ភូមិមិត្តភាព មាន ២៥ ទីតាំង ជាក់ស្តែង ១៧ ទីតាំង ក្នុងនោះ នៅថ្មី ១ ទីតាំង។

៣- សង្កាត់ស្វាយប៉ាក មានផ្ទះលើទឹក ១២៦ទីតាំង បែរចិញ្ចឹមត្រី ៦៩ទីតាំង អ្នកស្នាក់នៅ ១៧៥គ្រួសារ មនុស្ស ៨៩៥នាក់ ។ ក្នុងនោះបែរចិញ្ចឹមត្រី ៥ ស្មើនឹង ៤គ្រួសារ បានចូលមកស្នាក់នៅថ្មី ហើយអាជ្ញាធរ បានណែនាំឱ្យរុះរើចេញ ក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ បានសំណូមពរ សុំរុះរើ ក្រោយពីបុណ្យចូលឆ្នាំចិនចប់ រយៈពេល ១០ថ្ងៃ ដោយមូលហេតុ ទឹកទន្លេហូរខ្លាំង។ ករណីនេះ រដ្ឋបាលខណ្ឌ នឹងស្នើសុំមតិយោបល់ពី រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី។

៤- សង្កាត់ច្រាំងចំរេះទី១ មានផ្ទះលើទឹក ២៥ទីតាំង បែរចិញ្ចឹមត្រី ១៨ទីតាំង អ្នកស្នាក់នៅ ៤៤គ្រួសារ មនុស្ស ២១២នាក់។ 

៥- សង្កាត់ច្រាំងចំរេះទី២ មានផ្ទះលើទឹក ៦៧ទីតាំង បែរចិញ្ចឹមត្រី ៥១ទីតាំង អ្នកស្នាក់នៅ ៩០គ្រួសារ មនុស្ស ៥៦២នាក់។ ក្នុងនោះបែរចិញ្ចឹមត្រី ៥ ស្មើនឹង ៤ គ្រួសារ បានចូលមកស្នាក់នៅថ្មី ក្នុងនោះ អាជ្ញាធរ បានណែនាំឱ្យរុះរើចេញ ក្នុងរយៈពេលមួយសប្តាហ៍ ហើយប្រជាពលរដ្ឋទាំងនេះ បានឯកភាព តាមការណែនាំ របស់អាជ្ញាធរ។

គួរបញ្ជាក់ថា ប្រតិបត្តិការ ចុះធ្វើបច្ចុប្បន្នភាព ផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ចំនួន ៥ ក្នុងខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយលោក បានប្រគល់ភារកិច្ច ជូនលោក ស៊ូ សោគន្ធ និងលោក ប្រាជ្ញ សីហា ជាអភិបាលរងខណ្ឌ ដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular