ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកមានជាងគេបំផុតនៅលើពិភពលោកបានចូលរួមវិភាគទានសប្បុរសធម៌ធំជាងគេបំផុតក្នុងឆ្នាំ២០២០ នេះបើយោងតាមបញ្ជីនៃការបរិច្ចាគប្រចាំឆ្នាំរបស់ទស្សនាវដ្តី The Chronicle of Philanthropy ជាមួយទឹកប្រាក់អំណោយ ១០ ពាន់លានដុល្លារក្នុងគោលបំណងជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស ដែលទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានព្យាករណ៍ដោយទស្សនាវដ្តី Forbes ថាមានចំនួនប្រហែល ១៨៨ពាន់លានដុល្លារនោះ បានប្រើប្រាស់វិភាគទានរបស់គាត់ដើម្បីបើកអង្គការមូលនិធិផែនដីបេហ្សូស។ យោងតាមទស្សនាវដ្តី Chronicle បានឱ្យដឹងថា អង្គការមូលនិធិដែលគាំទ្រដល់បណ្តាអង្គការមិនរកប្រាក់ចំណេញដែលពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុ បានចំណាយ ៧៩០ លានដុល្លារដល់អង្គការចំនួន ១៦ មកហើយ។
យោងតាមទស្សនាវដ្តី Chronicle លោក ហ្វីល ណៃ រួមជាមួយប្រពន្ធរបស់គាត់ឈ្មោះ ផេននី បានបរិច្ចាគប្រាក់ច្រើនបំផុតទី ២ និងទី ៣ កាលពីឆ្នាំមុន និងបានបង្កើនទ្រព្យសម្បត្តិរបស់ពួកគាត់ប្រហែល ៧៧ ភាគរយក្នុងរយៈពេលដូចគ្នាគិតពីខែមីនាដល់ខែធ្នូផងដែរ។ លោកណៃនិងភរិយាបានផ្តល់ថវិកាជាង ៩០០ លានដុល្លារដល់អង្គការមូលនិធិណៃ និង ៣០០ លានដុល្លារដល់សាកលវិទ្យាល័យអូរីហ្គែន។
លោក ហ្វ្រេត គុមមឺ ស្ថាបនិកក្រុមហ៊ុនសំណង់ HBE Corporation និងភរិយាឈ្មោះជូន បានផ្តល់ថវិកាចំនួន ៣០០លានដុល្លារដើម្បីបង្កើតអង្គការមូលនិធិមួយដើម្បីគាំទ្រកម្មវិធីនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារដ្ឋមីសសួរី។
ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ឃើបឺក និងភរិយា ព្រីហ្ស៊ីឡា ចាន់ បានបរិច្ចាគធំបំផុតទី៤នៅលើបញ្ជីរបស់ទស្សនាវដ្តី Chronicle គឺ ២៥០លានដុល្លារដល់មណ្ឌលបច្ចេកវិជ្ជានិងជីវិតស៊ីវិល ដែលធ្វើការងារលើបញ្ហាសន្តិសុខក្នុងការបោះឆ្នោតឆ្នាំ២០២០៕
លោកបេហ្សូសបរិច្ចាគ ១០ ពាន់លានដុល្លារដើម្បីជួយទប់ទល់បម្រែបម្រួលអាកាសធាតុកាលពីឆ្នា២០២០