ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូស្តិ៍កេរ្តិ៍ខ្មាស លើនារីម្នាក់ បានត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសំណង់ បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រួចបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ម៉ូន រិន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាកម្មករសំណង់ បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ម. ស.ន អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ មានលំនៅ នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអធិការ បានបញ្ជាក់ថាៈ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទីរសៀល ជនរងគ្រោះ និងមិត្តភក្តិ ២នាក់ទៀត បានជិះម៉ូតូ មកផឹកស៊ី នៅការដ្ឋានសំណង់ បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ពេលមកដល់ ពួកគេក៏បានផឹកស៊ី មានគ្នាចំនួន ៧នាក់ អស់ស្រាបៀរ Ganzberg ចំនួន២កេស និងទឹកត្នោតជូ ចំនួន៤លីត្រ។ រហូតដល់វេលាម៉ោង ៨យប់ ថ្ងៃដដែល ជនរងគ្រោះ បានចុះមកក្រោម ដើម្បីបត់ជើងតូច រួចជនសង្ស័យ ក៏បានដើរចុះមកតាមក្រោយ។ ពេលជនរងគ្រោះ ចូលក្នុងបន្ទប់ទឹកបត់ជើងរួច ជនសង្ស័យ ក៏ស្រែកសួរពីខាងក្រៅថា ខ្ញុំសុំចូលបន្ទប់ទឹក ជាមួយផងបានអត់? រួចជនរងគ្រោះ ក៏បានឆ្លើយបដិសេធ។ បន្ទាប់មក ជនរងគ្រោះ ក៏បានបើកទ្វារបន្ទប់ទឹក ដើរចេញមកក្រៅ ជនសង្ស័យ បានរុញទ្វារខ្ទប់ទៅវិញ ។ ជនរងគ្រោះ ក៏បានស្ទុះចេញ មកខាងក្រៅ។ ជនសង្ស័យ ក៏បានចាប់ខ្ទប់មាត់ អូសទៅកន្លែងស្ងាត់ ធ្វើសកម្មភាពប្រទូស្តិ៍កេរ្តិ៍ខ្មាស ប៉ុនប៉ងបង្ខំរំលោភសេពសន្ថវៈ ក៏ប៉ុន្តែជនរងគ្រោះ ក៏បានស្ទុះឡើងទៅលើ ឱ្យមិត្តភក្តិជួយ ហើយជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់។
លោកអធិការ បានបន្តថាៈ បន្ទាប់មក ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។ លុះដល់រសៀលថ្ងៃទី៤ មករា សមត្ថកិច្ច ក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតែម្តង។
ជនសង្ស័យ បានសារភាពថាៈ រូបគេ ពិតជាបានផឹកស៊ី មានការនិយាយផ្តោះផ្តង ជាប់ពាក្យសំដី ជាមួយជនរងគ្រោះ រួចក៏បានធ្វើសកម្មភាពចាប់អោប ថើប ជនរងគ្រោះ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីវិធី ៕/V