ដោយៈ សុខុម / ស្ទឹងត្រែងៈ ស្ត្រីម្នាក់ និងកុមារីម្នាក់ បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងស្ត្រីពីរនាក់ទៀត បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ រវាងរថយន្ត និងម៉ូតូ បានបុគ្នា នៅត្រង់ផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នាវេលាម៉ោង ២ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ប៉ូលិសចរាចរណ៍ក្រុងស្ទឹងត្រែង បានឱ្យដឹងថាៈ រថយន្ត បានបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សស្រី ៤ នាក់ ក្នុងនោះ ២នាក់បានស្លាប់ និង ២នាក់ទៀត បានរងរបួសធ្ងន់។ មនុស្សស្រី ២នាក់ ដែលបានស្លាប់នោះ គឺអ្នកបើកបរម៉ូតូ ឈ្មោះ ស្រី ឡៃ អាយុ ៣១ ឆ្នាំ មានលំនៅ នៅភូមិជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងកុមារីឈ្មោះ ចិត្ត កុចនីម អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយ។ ចំណែកស្ត្រីជាអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ ពីរនាក់ គឺឈ្មោះ សួន សុខុម អាយុ ៣១ ឆ្នាំ និងឈ្មោះ រីដា ណេង អាយុ១៧ឆ្នាំ ទាំងពីរនាក់ មានលំនៅ បច្ចុប្បន្ន ភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ប្រភពដដែល បានបញ្ជាក់ថាៈ រថយន្តចំណុះ ១តោនកន្លះ ពណ៌ខៀវ គ្មានស្លាកលេខ មានទិសដៅពីទិសខាងកើត ទៅខាងលិច ដោយមានអ្នករួមដំណើរបីនាក់ (ប្រុស) ។ តៃកុងរថយន្ត មិនស្គាល់អត្តសញ្ញាណ បានបើកបុកជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1C-9208 បើកបរពីទិសខាងត្បូង ទៅខាងជើង នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យមនុស្សស្រី ៤នាក់ ជិះម៉ូតូតែមួយ បានស្លាប់ពីរនាក់ (ស្ត្រីម្នាក់ និងកុមារីម្នាក់) និងស្ត្រីពីរនាក់ទៀត បានរងរបួសធ្ងន់។
ប្រភពដដែល បានបញ្ជាក់ទៀតថាៈ តាមការពិនិត្យសន្និដ្ឋាន នៅកន្លែងកើតហេតុ ឃើញថា អ្នកបើកបរម៉ូតូ ឈ្មោះ ស្រី ឡៃ បានល្មើសច្បាប់ចរាចរណ៍ ដោយបើកបរ មិនគោរពសិទ្ធិអាទិភាព នៅផ្លូវធំ ផ្ទុកមនុស្សលើសចំនួនកំណត់។ ចំណែកអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ក៏បានល្មើសច្បាប់ចរាចរណ៍ ក្រោយគ្រោះថ្នាក់ បានរត់គេចខ្លួន។
ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕/V