អ្នកនាំពាក្យ​គណបក្ស​ប្រជាជនៈ ការចង់​ឲ្យ​មានច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​អស់ពី​តំណែង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​

1345
ចែករម្លែក

(​ភ្នំពេញ​)៖ លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​លិខិត​ដាច់ដោយឡែក​ពីគ្នា​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅ​រដ្ឋសភា​សុំ​រៀប​​ចំ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​គ្រប់រូប​ដែល​ផុត​អាណត្តិ មាន​អភ័យឯកសិទ្ធិ និង​តម្លើង​គោ​រម្យ​ងារ​ជា វីរៈបុរស​ជាតិ​ដើម្បី​ជាការ​​លើកទឹកចិត្ត​គុណបំណាច់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​។

​ការស្នើ​នេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ថា ការចង់​ឲ្យ​មានច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​អស់ពី​តំណែង មិន​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ទេ​ហើយ​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​។​ហើយ​ការចង់​ឲ្យ​មានច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​អស់ពី​​តំណែង អាច​ចាត់ទុកថា​ជាការ​ស្រមើស្រមៃ​របស់​ម​នុស្ស​ចាស់​វង្វេង​សតិ​តែប៉ុណ្ណោះ​គ្មាន​បានការ​ឡើយ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ថា​ជា​​គោលការណ៍ គោលបំណង និង​សំណូមពរ​នៃ​ការធ្វើ​ច្បាប់​ណាមួយ​គឺ​ដើម្បី​បម្រើ​តម្រូវ​ការរួម​របស់​ស​ង្គ​ម និង​ប្រយោជន៍​ប្រជាជន​ទូទៅ ។ ច្បាប់​មិនអាច​ត្រូវធ្វើ​ក្នុង​បំណង​ការពារ​ដោយឡែក​សម្រាប់តែ​បុគ្គល​ណាមួយ​ឡើយ​។ បើ​ពុំនោះ​ទេវា​នឹង​មិនមាន​ភាពស្មើគ្នា​ចំពោះ​​មុខ​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះឡើយ​។ ដូច្នេះ​ការចង់​ឲ្យ​មានច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​អស់ពី​តំណែង មិន​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ទេ​។ ហើយ​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ផង ។

​លោក​បាន​បន្តថា ម្យ៉ាងទៀត​ការចង់បាន​នេះ អាចជា​ឧបាយកល​ទុច្ចរិត ឲ្យ​ប្រជាជន​មើលឃើញ​ដោយ​ច្រឡំ​ថា​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង​​បច្ចុប្បន្ន បាននិងកំពុង​ធ្វើ​ខុស​អ្វីមួយ​យ៉ាងធ្ងន់ធ្ងរ ទើបបានជា​ចង់​ឲ្យ​មានច្បាប់​បែបនេះ​ក្នុងពេលដែល​លោក​បាននិងកំពុង​កសាង​​ស្នាដៃ​ធំៗ​ជាច្រើន ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ​មាតុភូមិ រួមមាន​រំដោះ​ប្រទេសជាតិ​និង​ប្រជាជន​ឲ្យ​រួច​ផុតពី​គ្រោះ​មរណៈ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៏ ផ្តួចផ្តើម​នយោបាយ​បង្រួបបង្រួម​ជាតិ​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ ២៣ តុលា ១៩៩១ ដាក់​ច​ញន​យោ​បាយ​ឈ្នះ​-​ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ កសាង​និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​រីកចម្រើន​កែប្រែ​ជីវភាព​រស់នៅ​របស់​​ប្រជាជន​សម្បូរ​ធូរធា​ដូច​សព្វថ្ងៃ ប្រទេសជាតិ​លេចមុខ​មាត់​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ រឿង​អី​ត្រូវការពារ​មានតែ​ត្រូវបាន​ប្រជាជន​​អបអរ​សារ​ទរ​និង​គាំទ្រ​ថែម​ទៀតផង ។ ដូច្នេះ​ការចង់​ឲ្យ​មានច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​អស់ពី​តំណែង​អាច​ចាត់ទុកថា​ជាការ​ស្រមើ​​ស្រមៃ​របស់​មនុស្ស​ចាស់​វង្វេង​សតិ​តែប៉ុណ្ណោះ​គ្មាន​បានការ​ឡើយ​។​

​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១៥ ខែកក្កដា របស់លោក លឺ ឡាយស្រេង បាន​ជម្រាបជូន សម្តេចនាយក​រដ្ឋមន្ត្រី និង​លោក​កឹម សុខា ថា …​ដើម្បី​រក្សា​សន្តិភាព​ជូន​ប្រទេសជាតិ ស្នើសុំ​សម្តេច​តេ​ជោ និង​លោក​កឹម សុខា​ស្នើ​ទៅ​រដ្ឋសភា​ឲ្យ​បង្កើត​ច្បាប់​មួយ​ដើម្បី​ការពារ​នាយករដ្ឋមន្ត្រី​គ្រប់ៗ​រូប​ទាំងអស់ ដែល​ផុត​អាណត្តិ​របស់ខ្លួន​មាន​អភ័យឯកសិទ្ធិ និង​តម្លើង​គោ​រម្យ​ងារ​ជា វីរៈបុរស​ជាតិ​ដើម្បី​ជា​​ការលើកទឹកចិត្ត​គុណបំណាច់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ក្នុង​អាណត្តិ​របស់ខ្លួន​កន្លង​ម​។ ការបង្កើត​ច្បាប់​នេះ​ឡើង​ជឿជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ពិតជា​អបអរសាទរ និង​គាំទ្រ​ថែម​ទៀតផង​៕ ​ដោយ ៖មុនី​រ័ត្ន

លោក​លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច

ទីតាំងផ្សាយពាណិជ្ជកម្ម