Home ព័ត៌មានសំខាន់ៗ សម្ដេចតេជោ ហ៊...

សម្ដេចតេជោ ហ៊ុន សែន រម្លឹកប្រវត្តិអាពាហ៍ពិពាហ៍ កាលពី ៤៥ ឆ្នាំមុន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ដោយៈ តារារិទ្ធ / ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែមករា នេះ បានរម្លឹកពីប្រវត្តិខ្លះៗ នៃអាពាហ៍ពិពាហ៍ កាលពី ៤៥ ឆ្នាំមុន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ នៅក្នុងហ្វេសបុកថាៈ “ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំរបស់ខ្ញុំ (៥ មករា ១៩៧៦-៥ មករា ២០២១) ។ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំ និងភរិយា បានឆ្លងកាត់ ក្នុងសម័យសង្រ្គាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិត រហូតមកដល់ សព្វថ្ងៃនេះឡើយ ។ 

ជីវិតយុទ្ធជន ក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូ ផ្ដួលរំលំ ដោយយកជីវិត ធ្វើដើមទុន គឺមិនមែនជារឿង សាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការ គ្មានទេ ដែលហៅថា សេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នា ក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ ៥ ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថា ពូអស់រយៈពេល ២ ខែ។ ទាំងនេះ គឺសុទ្ធតែរឿងរ៉ាវ មិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយា ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវ ដែលបានកើតឡើង សំរាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស ដែលបានឆ្លងកាត់ ក្នុងសម័យនោះផងដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំ និងភរិយា ស្រក់ទឹកភ្នែក រាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវ ការរស់រានមានជីវិត សម្រាប់ប្រជាជន ទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធ ដ៏កំសត់វ័យក្មេង ២នាក់ រហូតមកដល់ពេលនេះ យើងមានកូន និងចៅ យ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ច ចំពោះជីវិតតស៊ូ ដ៏លំបាកបំផុតរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់។

ខ្ញុំ និងភរិយា សូមជូនពរបងប្អូន ជនរួមជាតិ ទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អ ក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ”៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular