Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​មន្ត្រ...

បញ្ជូន​មន្ត្រី​យោធា​ម្នាក់ ដែល​ដក​កាំភ្លើងខ្លី វាយ​ក្បាល​សន្តិសុខ មក​ស្នងការដ្ឋាន​នគ​របាល ខេត្តកណ្តាល​

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ មន្ត្រី​យោធា​ម្នាក់ ដែល​ដក​កាំភ្លើងខ្លី វាយ​ក្បាល​សន្តិសុខ នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ​ម៉េង បណ្ដាល​ឲ្យ​ដួលសន្លប់ ត្រូវបាន​កម្លាំង​នគរបាល ស្រុក​អង្គស្នួល បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ដើម្បី​សាកសួរ​បន្ត ។​

​ករណី​អំពើហិង្សា​នេះ បានកើត​ឡើង នៅវេលា​ព្រឹក ថ្ងៃទី​៤ មករា កន្លងទៅ នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​យីហោ «​សុខ ម៉េង​» ដែលមាន​ទីតាំង ស្ថិតនៅ​ទល់មុខ ផ្សារ​អង្គស្នួល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​

​មន្ត្រី​យោធា​រូបនេះ ឈ្មោះ ហេង គា​ហុង អាយុ​៤១​ឆ្នាំ ជា​បង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ​ម៉េង និង​មាន​មុខរបរ ជាម​ន្ដ្រី​យោធា ពាក់​ផ្កាយ​១ នៅ​ស្ថាប័ន​អយ្យការ អម​តុលាការយោធា ចំណុះ​ក្រសួងការពារជាតិ ។ ចំណែក បុរសរងគ្រោះ ឈ្មោះ ច្រឹ​ក ស៊ីណា អាយុ​៣០​ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​បើតាម​របាយការណ៍ របស់​សមត្ថកិច្ច បានអោយដឹងថាៈ នៅ​មុនពេល​កើតហេតុ នៅ​ម៉ោង​៦ ល្ងាច​ថ្ងៃទី​២ មករា កន្លងទៅ​ថ្មីៗ​នេះ បុរសរងគ្រោះ បាន​ទៅ​យាម ជំនួស​គេ មួយ​យប់ នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​យីហោ «​សុខ ម៉េង​» ។ លុះ​ពេល​យាម រហូតដល់​ម៉ោង​ប្រហែល ៥ ទៀបភ្លឺ ក៏មាន​មនុស្ស​ប្រុស​ម្នាក់ មក​សួរនាំ​ថា ពូ​សន្តិសុខ យាម​នៅ​នឹង​រាល់ថ្ងៃ ទៅណា​ហើយ ? បុរសរងគ្រោះ ឆ្លើយថា គាត់​សម្រាក​មួយថ្ងៃ ហើយ​ខ្ញុំ​យាម ជំនួស​វិញ​។ ពេលនោះ មនុស្ស​ប្រុស ម្នាក់​នោះ ក៏បាន​ខ្ចីលុយ ពី​បុរសរងគ្រោះ ចំនួន ៣.០០០ រៀល ហើយក៏​ដើរចេញ​ទៅវិញ ដោយ​ឃើញ​មាន​ពាក់​ស្បែកជើង ចេញទៅ​ដែរ ។​

​របាយការណ៍​ដដែល បានអោយដឹង​បន្តថាៈ មកដល់​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​៣ ខែមករា យោធា​ពាក់​ផ្កាយ​១ បាន​បាត់​ស្បែកជើង ស៊ក​ស្បែក ចំនួន​មួយគូ ដែល​ដោះ​ទុក នៅ​មាត់ទ្វារ​នោះ​។ រហូតដល់​ម៉ោង ៨ យប់ ក៏បាន​ឆែក​មើល កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​បុរស​ម្នាក់ បាន​ឈរ​និយាយ ជាមួយ​បុរសរងគ្រោះ ហើយ​ឃើញ​ហុច​លុយ ឲ្យ​បុរស​នោះ​។ បន្ទាប់មក បុរស​នោះ បាន​ពាក់​ស្បែកជើង ដើរ​ចេញទៅ​បាត់ ។​

​ក្រោយ​ឆែក​ដឹង​ហើយ យោធា​ផ្កាយ​១ បាន​ទាក់ទង​ទៅខាង ក្រុមហ៊ុន​សន្តិសុខ ណាត់ជួប​សន្តិសុខ ដែល​មក​យាម​ជំនួស​គេ​នោះ នៅ​ម៉ោង ១០ ព្រឹក ថ្ងៃទី​៤ ខែ មករា នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​យីហោ «​សុខ ម៉េង​» ដើម្បី​មក​ជជែក​គ្នា ឲ្យ​ដឹង​សាច់រឿង ។ ប៉ុន្តែ​មិនឃើញ​មក​សោះ ទើប​យោធា​ផ្កាយ​១ ខឹងសម្បារ​យ៉ាងខ្លាំង ក៏​បើករថយន្ត ចេញពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ទៅផ្ទះ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន បាត់ទៅ ។ រហូតមកដល់​ម៉ោង​ប្រមាណ​ជាង ១២ រសៀល ទើប​ក្រុមហ៊ុន​សន្តិសុខ ទៅដល់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​យីហោ «​សុខ ម៉េង​» មិនឃើញ​យោធា​ផ្កាយ​១ នៅ ក៏​ទូរស័ព្ទ​ទៅ​ហៅ មក​ជជែក​គ្នា​វិញ ។ លុះដល់​ម៉ោង​កើតហេតុ នៅពេល​យោធា​ផ្កាយ​១ ទៅដល់​ភ្លាម ឃើញ​បុរសរងគ្រោះ ឈរ​នៅមុខ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ក៏បាន​ទាញយក​កាំភ្លើងខ្លី ពី​ចង្កេះ មក​វាយ​ជនរងគ្រោះ ចំក្បាល​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ដួលសន្លប់ ហើយ​ជនដៃដល់ ក៏​ដើរចូល​ក្នុង​បាត់ទៅ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បុគ្គលិក​ពេទ្យ នាំទៅ​លាង​របួស និង​ដេរ​ចំនួន ៣ ថ្នេរ ។ ហើយ​ប្រធាន​សន្តិសុខ ដែល​ជូន​ជនរងគ្រោះ មក​នោះ ក៏បាន​ទូរស័ព្ទ​រាយការណ៍ ឲ្យ​សមត្ថកិច្ច ទើប​សមត្ថកិច្ច ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនដៃដល់ រួមទាំង​វត្ថុតាង ជា​អាវុធខ្លី មួយ​ដើម ម៉ាក CF98 លេខ 006009 មាន​បង់​ចំនួន​មួយ និង​គ្រាប់​ផងដែរ ។​

​បើតាម​ចម្លើយសារភាព របស់​ជនដៃដល់ និយាយថាៈ ខ្លួន​ពិតជា​បាន​យក​កាំភ្លើងខ្លី ទៅ​វាយ​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារ​ខឹង ជួល​ឲ្យ​មក​យាម បែរជា​ត្រូវ​គ្នា ជាមួយ​ចោរ​ទៅវិញ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular