ប្រែសម្រួល : កញ្ញាដាលីស ៖ វេបសាយ Politico បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំបានក្រឡាស់បទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិស្តីទីលោក គ្រីស្តូហ្វើ មីលល័រ កាលពីថ្ងៃអាទិត្យ នៅពេលដែលលោកបញ្ជាឱ្យរក្សាទុកនាវាផ្ទុកយន្តហោះ USS Nimitz នៅឈូងសមុទ្រពែក្សសិនបើទោះជាមុនដំបូងបានណែនាំឱ្យយកវាត្រឡប់ទៅស្ថានីយកងទ័ពជើងទឹកនៅវ៉ាស៊ីនតោនវិញចំពេលកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់។
លោកមីលល័របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី០១ ខែមករាថា”ដោយសារតែការគំរាមកំហែងថ្មីៗនេះដែលដាក់ចេញដោយមេដឹកនាំអ៊ីរ៉ង់ប្រឆាំងនឹងប្រធានាធិបតីត្រាំនិងមន្ត្រីរដ្ឋាភិបាលអាម៉េរិកដទៃទៀត ខ្ញុំបានបញ្ជាឱ្យនាវា USS Nimitz បញ្ឈប់ការប្តូរវេនជាទម្លាប់របស់ខ្លួន។ នាវា USS Nimitzឥឡូវនឹងបន្តឈរជើងនៅតំបន់ប្រតិបត្តិការរបស់ទីបញ្ជាការកណ្តាលអាម៉េរិក។ គ្មាននរណាម្នាក់គួរដាក់ការសង្ស័យលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកនោះឡើយ”។
ចំណាត់ការនេះបានកើតឡើងភ្លាមៗបន្ទាប់ពីលោកអ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រធានតុលាការយុត្តិធម៌អ៊ីរ៉ង់ បានប្រកាសថា ឃាតកសម្លាប់លោកសូឡេម៉ានី នឹងត្រូវនាំខ្លួនមកកាត់ទោស។ ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះត្រូវបានសម្លាប់នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដនៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០២០ ក្នុងអំឡុងពេលមានការវាយប្រហារតាមដ្រូន ដែលបញ្ជាអនុវត្តដោយលោកត្រាំ។
លោករ៉ៃស៊ីបានកត់សម្គាល់ថា គេមិនគួរសន្មត់ថា ត្រាំហាក់ជាឃាតករឬបានបញ្ជាឱ្យធ្វើឃាត អាចនឹងរួចផុតពីការកាត់ទោសបានឡើយ៕
នាវា USS Nimitz នឹងបន្តរក្សាទុកនៅឈូងសមុទ្រពែក្សក្នុងពេលកំពុងតានតឹងជាមួយអ៊ីរ៉ង់