Home ព័ត៌មានសំខាន់ៗ ខ្មាន់កាំភ្លើ...

ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​មន្ត្រីប៉ូលិស​នៅ​ភ្នំពេញ​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ ខណៈ​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រពន្ធ​និង​កូន​ជនល្មើស​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈសមត្ថកិច្ច​កំពុងតែ​មមាញឹក​ក្នុងការ​តាម​ស្វែងរក​ជនដៃដល់​ដែល​បាញ់សម្លាប់​មន្ត្រីប៉ូលិស​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ជម្លោះ​គ្រោះថ្នាក់​ចរ​ចរណ៍​។​រហូតមកដល់​ព្រឹក​ថ្ងៃទី​៥​ខែមករា​នេះ​គេ​ពុំទាន់​រកឃើញ​ជនល្មើស​នៅឡើយ​ដោយសារ​ជននេះ​បានគេច​ខ្លួន​ក្នុងព្រៃ​នៃ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​មុននេះ​បន្តិច​។​

​រូបថតៈអ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា​មកដល់ ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​តាមរក​រុក​ជនដៃដល់​នៅក្នុង​ព្រៃ​តំបន់​កោះ​ញែក​ដោយ​ប្រើ​កម្លាំង​មកពី​ខេត្ត​មណ្ឌល​គី​រី ខេត្ត​រតនគីរី និង​កម្លាំង​នាយកដ្ឋាន​ជំនាញ​។​
​ចាប់តាំងពី​យប់​ថ្ងៃទី​៤​រហូតមកដល់​ព្រឹក​ថ្ងៃទី​៥​ខែមករា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចូលទៅ​ក្នុងព្រៃ​ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​។​ប៉ុន្តែ​មកដល់​ត្រឹម​ម៉ោង​១១​ព្រឹក​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន​នៅឡើយ​ទេ​ដោយ​បន្ត​រុករក​ជា​បន្តទៀត​។​ទី​ដែល​ជនល្មើស​គេច​ទៅ​លាក់ខ្លួន​គឺជា​ព្រៃធំ​។​

​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឈ្មោះ រ៉េ​ន​។​

​កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​៤​ខែមករា​ម្សិលមិញ​ជនសង្ស័យ​បាន​ជិះ​រថយន្ត​ហាយ​ព្រី​ត​ពណ៌​ខ្មៅ​។​ទំនងជា​ដឹងខ្លួន​មុន​ជនល្មើស​បាន​បើ​កបំ​បុក​ប៉ា​រ៉ា​ស់​របស់​កម្លាំង​អាវុធហត្ថ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​ក្រោយមក​សមត្ថកិច្ច​ក៏​ប្រដេញ​តាម​ពីក្រោយ​រហូតដល់​ចំណុច ភូមិ​ដេ​អេ ស្រុក​ពេ​ជ្រា​ដា​ក៏​ឃាត់​រថយន្ត​ខាងលើ​បាន​និង​ឃាត់ខ្លួន​ស្ត្រី​ចំនួន​ពីរ​នាក់​និង​ក្មេង​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​កូន​និង​ប្អូន​សាច់ថ្លៃ​របស់​ជនសង្ស័យ ។ ប៉ុន្តែ​ជនសង្ស័យ​បាន​ចុះ​គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​បាត់​រួចទៅហើយ​។​

​ក្រោយពេល​សួរនាំ​ស្ត្រី​ដែល​រួម​ដំណើរ​ខាងលើ ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​ចុះ​ពី​រថយន្ត​តាមផ្លូវ​ចំណុច​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ​ស្រុក​កោះ​ញែក​នៅ​ដែល​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​។​បច្ចុប្បន្ន​ស្ត្រី​ពីរ​នាក់​ព្រមទាំង​កូនក្មេង​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​៕

​យោងតាម​ប្រភព​ច្បាប់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​បាន​ជិះ​រថយន្តបុក​បា​រ៉ា​ស់​សមត្ថកិច្ច រួច​រត់គេចខ្លួន​ចូលក្នុង​ព្រៃ នៃ​តំបន់​ព្រៃ​អភិរក្ស​កោះ​ញែក​។​
​មុន​ឈានទៅ​ស្វែងរក​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​គឺ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​មា្ន​ក់​ដែលជា​អ្នកបើក​ឡាន​ឲ្យ​ជនដៃដល់​ក្នុង​ថ្ងៃកើតហេតុ​។ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ជួល​ជិត​ឈាបនដ្ឋាន​វត្ត​ទួល​តា​ឯក នៃ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​ខេត្ត​ដំបង កាលពី​ថ្ងៃទី​៣ ខែមករា​។​ជនសង្ស័យ​រូបនេះ​ឈ្មោះ កែ ចាន់​មាន អាយុ​២៤​ឆ្នាំ និង​មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អ​ន្សា​ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់​។​

​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាពថា កាលពី​យប់​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី​ហើយ​បើ​កក​រថយន្ត ខាងលើ​ជូន​ឈ្មោះ​រ៉េ​ន​ទៅផ្ទះ​នៅ​ម្តុំ​កំបូល​ទាំង​ស្រវឹង​។​ពេលមកដល់​កន្លែង​កើត​ត​ហេតុ​ខ្លួន​បាន​បើករថយន្ត​បុក​គូទ​រថយន្ត​ជនរងគ្រោះ​ពីក្រោយ​។​បន្ទាប់មក​ជនរងគ្រោះ​បាន​បើករ​ថយ​ន្ក​ស្ទាក់​រថយន្ត​របស់ខ្លួន​និង​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​មកលើ​ខ្លួន​ដើម្បីឱ្យ​អែប​កៀន​ព្រមទាំង​ប្រើពាក្យ​សម្តី​ជេរប្រមាថ​មកលើ​ខ្លួន​ទៀតផង ទើប​ឈ្មោះ រ៉េ​ន មាន​កំហឹង ហើយ​ប្រាប់​ខ្លួន​ឱ្យនៅ​ស្ងៀម ចាំ​ធ្វើ​តែ​តាម​គេ​ប្រាប់​បាន​ហើយ ។ ពេល​កំពុង​ចរចា​គ្នា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​ឃើញ​ជនរងគ្រោះ​ធ្វេសប្រហែស ឈ្មោះ រ៉េ​ន​ក៏បាន​ដក​កាំភ្លើងខ្លី​ដែល​សៀត នៅ​នឹង​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ​រួច​ប្រាប់​ឲ្យ​ខ្លួន​បើករថយន្ត​គេច​ពី​កន្លែងកើតហេតុ​តែម្តង​។​

​សូមជម្រាបថា ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ី​ណែ​ត ហៅ ញ៉​ក់​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ ធានី​ភ្នំពេញ​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​ម៉ោងជាង ១២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​សហព័ន្ធ​រុស្សី​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular