Home ព័ត៌មានសំខាន់ៗ ថៃ​រក​ឃើញ​អ្ន...

ថៃ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៥២៧​នាក់​ទៀត និង​បន្ថែមពេលអនុវត្តច្បាប់​គ្រាអាសន្ន​តែ​មិន​បិទ​ខ្ទប់​តំបន់​ផ្ទុះ​ជំងឺ​ទាំងស្រុង​ទេ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​(​បាងកក​ប៉ុស្តិ៍​)៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មករា​បាន​ប្រកាសថា ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៥២៧​នាក់​បន្ថែម ហើយ​លើកលែងតែ​៦​នាក់​ចេញ សល់​ពី​នេះ​​ជា​ការឆ្លង​នៅក្នុង​ស្រុក​ទាំងអស់​។​

​ចំនួន​នេះ​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ឡើងដល់​៨.៩៦៦​នាក់ និង​អ្នកស្លាប់​ដោយកូវី​ដ​១៩​នៅ​រក្សា​៦៥​នាក់​ដដែល​។​

​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​អង្គារ​នៅ​ទាប​ជាង ការឆ្លង​កាលពី​ថ្ងៃ​ចន្ទ​ដែលមាន​ចំនួន​ដល់​ទៅ​៧៤៥​នាក់ ដោយសារ​តួលេខ​នេះ​បូក​រួម​ទាំង​ការឆ្លង​ជាង​៥០០​នាក់​នៅ​ខេត្ត​សាមុត សា​ខន​កាលពី​ថ្ងៃអាទិត្យ​ផង​។​

​ប្រឈម​នឹង​ការឆ្លង​ខ្ពស់​ដូច្នេះ គណៈកម្មការ​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​របស់​ថៃ កាលពី​ថ្ងៃ​ចន្ទ​បានអនុម័ត​បន្ថែមពេល​អនុវត្ត​ការដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ដល់​ចុង​ខែ​កុម្ភៈ​។​​ការ​ពន្យារពេល​អនុវត្ត​៤៥​ថ្ងៃ​ទៀត​នេះ​នឹង​ត្រូវ​ដាក់​អោយ​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ថ្ងៃ​០៥​មករា​។​

​ទោះជា​បន្ថែមពេល​អនុវត្ត​ច្បាប់​ស្ថានភាព​គ្រាអាសន្ន នាយករដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​អង្គារ​បាន​ច្រាន​ចោល​សំណើសុំ​បិទ​ខ្ទប់​ទាំងស្រុង​ខេត្ត​ចំនួន​៥​ដើម្បី​រារាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ។​

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ​បាន​និយាយ​នៅ​មុន​ការប្រជុំ​គណៈ​រដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​មិន​មាន​ផែនការ​បិទ​ខេត្ត​សាមុត សា​ខន និង​ខេត្ត​នៅ​ជុំវិញ​៤​ទៀត រួមមាន ឈុន ប៊ូ​រី ,​រ៉ា​យ៉ង ,​ចាន់​ថា​ប៊ូ​រី និង​ខេត្ត​ត្រាត​ទេ​។​

​ឧបនាយក​រដ្ឋមន្ត្រី​ម្នាក់ ក៏​ច្រានចោល​សំណើ​ធ្វើ​ឡើង​ដោយ​អនុរដ្ឋមន្ត្រី​សុខាភិបាល​សា​ទី​ត ភិ​ទូតេ​ចានៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ដែរ ដោយហេតុ​ថា​អាជ្ញាធរ​ខេត្ត​ទាំង​៥​បាន​អនុវត្ត​វិធានការ​ទប់ស្កាត់​​កូវី​ដ​១៩​យ៉ាង​តឹងរឹង​រួច​ជា​ស្រេច​ហើយ​។​

​ខេត្ត​សាមុត សា​ខន​, ឈុន ប៊ូ​រី ,​រ៉ា​យ៉ង និង​ចាន់ថា​ប៊ូ​រី ត្រូវ​បាន​ចាត់​ចូល​ក្នុង​តំបន់​ក្រហម ដោយ​មួយ​ខេត្តៗ​មាន​អ្នក​ឆ្លង​លើស​៥០​នាក់ និង​ត្រាត​នៅក្នុង​តំបន់​ពណ៌​លឿង​ដោយមាន​អ្នក​ឆ្លង​ក្រោម​៥០​នាក់​។​ខេត្ត​ទាំង​៥​នាក់​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ដើម្បី​ពិនិត្យ​សុខភាព​អ្នកដំណើរ​ឆ្លងកាត់​ចូល​តំបន់​របស់​គេ​។​គ្រាន់តែ​ឈុន ប៊ូ​រី​មួយ​មាន​កន្លែង​ត្រួតពិនិត្យ​៤៧​កន្លែង​ដើម្បី​ពិនិត្យមើល​​អ្នកដំណើរ​ចូល​ខេត្ត​និង​ក្រុង​ប៉ា​តា​យ៉ា ៕

​មន្ត្រី​ស្រុក​ពិនិត្យ​កំដៅ​អ្នកដំណើរ​ចូល​ស្រុក​មួយ​ក្នុង​ខេត្ត​ឈុន ប៊ូ​រី​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular