Home ព័ត៌មានជាតិ សេដ្ឋកិច្ច រយៈពេល​មួយឆ្ន...

រយៈពេល​មួយឆ្នាំ​ពេញ​២០២០ រដ្ឋ​ចំណាយ​ប្រាក់​ឧ​ត្ថ​ម្ភ​ជាង​៣២​ម៉ឺន​លាន​រៀល ដល់​ស្ត្រី​ឆ្លងទន្លេ​

ដោយ​: ពៅ និមល / ភ្នំពេញ​: គិត​ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយះ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន​រួច គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​៣២.៤១២.៤០០.០០០​រៀល ស្មើនឹង​ប្រមាណ​ជាង ៨​លាន​ដុល្លារ​អាម៉េរិក​។​

​យោងតាម​របាយការណ៍​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ចំពោះ​កម្មការិនី​សម្រាលកូន ដែល រស្មី​កម្ពុជា​ទទួល​ពី ប​.​ស​.​ស នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា រយះពេល​មួយឆ្នាំ​ពេញ​២០២០ ស្ត្រី​សម្រាលកូន​មាន​ចំនួន​៨០.៤៩៩​នាក់ ស្មើនឹង​ចំនួន​កូន​សរុប​៨១,០៣១​កូន​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ មន្ត្រី​អ្នកនាំពាក្យ ប​.​ស​.​ស បាន​មានប្រសាសន៍ថា ទាក់ទិន​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រដ្ឋាភិបាល គឺជា​ការផ្តល់ជូន​កាដូ​ពិសេស​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត​ជា​ស្ត្រី ដែល​កើតចេញពី​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ក៏ដូចជា​ការលើកកម្ពស់​សេវា​គាំពារ​សង្គម​និង​ការលើកកម្ពស់​កំណើនប្រជាជន​កម្ពុជា ក្នុងការ​ដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​កម្មករ​និយោជិត​ផងដែរ​។


​ទាំងនេះ​គឺ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ការយកចិត្ត​ទុក​ខ្ពស់បំផុត​របស់​ប្រមុខ​ថ្នាក់ដឹកនាំ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំពោះ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងមូល​។​

សូមបញ្ជាក់ថា សម្រាប់​ស្ត្រី​ជា​កម្មការិនី​ទាំង​ក្នុង​និង​ក្រៅ​ប្រ័ព​ន្ធ នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​សម្រាល​បានកូន​០១​នាក់ (​ទោល​) ទទួលបាន​៤០​ម៉ឺន​រៀល កូនភ្លោះ​០២​នាក់ ទទួលបាន​៨០​ម៉ឺន​រៀល និង​សម្រាល​កូនភ្លោះ​៣​នាក់ ទទួលបាន​០១​លាន ២​សែន​រៀល ហើយ​ត្រូវបាន​បើក​ផ្តល់​ដោយ​បេឡា​ជាតិ​របប​សន្តិ​សង្គម (​ប​.​ស​.​ស​)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular