Home ព័ត៌មានជាតិ សន្តិសុខ ​នារី​ម្នាក់ ...

​នារី​ម្នាក់ ប៉ង​លោតទឹក​សម្លាប់ខ្លួន ដោយសារ​គូស្នេហ៍ ភេទ​ដូចគ្នា បែកចិត្ត ទៅ​ស្រឡាញ់​មនុស្ស​ប្រុស​វិញ​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នារី​ម្នាក់ បានគិត​ខ្លី ប៉ុនប៉ង​លោតទឹក សម្លាប់ខ្លួន ប៉ុន្តែ​មិនបាន​សម្រេច ដោយសារតែ​រឿង​ស្នេហា ស្រឡាញ់​ភេទ​ដូចគ្នា បែរជា​គូស្នេហ៍ បែកចិត្ត​ទៅ​ស្រឡាញ់​មនុស្ស​ប្រុស​វិញ ។ នៅពេល​នាង កំពុងតែ​ខូចចិត្ត មក​អង្គុយ​យំ ប៉ុន្តែ​ស្រាប់​តែមាន​ជន​ឆ្លៀតឱកាស មក​លួងលោម និង​បន្លំ​លួច​យក ទូរស័ព្ទ​របស់​នាង​ថែមទៀត​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​ម៉ោង​ជិត ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​លើ ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​នារី​ដែល​ខូចចិត្ត​រឿង​ស្នេហា និង​ប៉ុនប៉ង​លោតទឹក​នេះ បាន​រៀបរាប់ថាៈ នាង ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​មូលហេតុ ដែល​ធ្វើឱ្យ​នាង​តូចចិត្ត គិត​ខ្លី ប៉ុនប៉ង​បញ្ចប់ជីវិត បែបនេះ គឺ​ដោយសារតែ​នាង តាម​ទាន់​សង្សារ កំពុង​លួច​ទាក់ទង​បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​សង្សារ​ថ្មី ជា​មនុស្ស​ប្រុស ក្នុងផ្ទះ​សំណាក់ នៅ​ម្តុំ​ផ្សារ​សូរិយា​។​

​នារី​រូបនេះ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​នោះ បាន​បន្តថាៈ ដោយសារតែ​នាង តាម​ទាន់ ឃើញ​សភាព​បែបនេះ​ផ្ទាល់​នឹង​ភ្នែក ហើយ​មិនអាច​ទទួលយកបាន ទើប​ធ្វើអោយ​នាង​ខូចចិត្ត បាន​ត្រឹម​អង្គុយ​យំសោក​សៅ តែម្នាក់ឯង នៅក្រោម​ផ្ទះ បន្ទាប់មក ក៏មាន​បុរស មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ចូលមក លួងលោម​នាង និង​បាន​បន្លំ​លួច​យក ទូរស័ព្ទ​មួយគ្រឿង​របស់​នាង រួច​គេចខ្លួនបាត់ រឹតតែ​ធ្វើអោយ​នាង តែលតោល ព្រោះ​សង្សារ ក៏​បោះបង់ចោល រីឯ​ទូរស័ព្ទ ក៏​គ្មាន រក​អ្វី​ទាក់ទង ទៅ​អ្នកផ្ទះ នៅ​ស្រុកកំណើត មិនបាន ធ្វើឱ្យ​នាង សុញគំនិត គិត​អ្វី​លែងចេញ ក៏​សម្រេចចិត្ត មក​លោតទឹក​លើ ស្ពាន​ជ្រោយចង្វា ដើម្បី​បញ្ចប់ជីវិត ប៉ុន្តែ​មិនបាន​សម្រេច​នោះទេ ព្រោះ​មាន​អ្នក​ជួយ​ឃាត់​នាង​ទាន់ពេលវេលា​។​

​ក្រោយ​កើតហេតុ នារី​គិត​ខ្លី ត្រូវ​សមត្ថកិច្ច នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល​ស្រះចក ណែនាំ និង​ទាក់ទង ហៅ​សាច់ញាតិ អោយមក​ទទួលយក​នា​ង ត្រឡប់​ទៅវិញ​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular