Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ ពលរដ្ឋ​មាន​ចំណូល​ខ្ពស់ មាន​ជីវភាព​ធូរធារ នឹងចូលរួម​កាន់តែ​សកម្ម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​

ដោយ​: ដេប៉ូ / ព្រះវិហារ​: ”​យើងខ្ញុំ​ចង់ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់ មាន​ជីវភាព ធូរធារ ហើយ​នៅពេល​បងប្អូន​ប្រជាពលរដ្ឋ​មានបាន នោះ​នឹងមាន​ការចូលរួម​កាន់​តែ​សកម្ម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន​”​។ នេះ​ជាការ​ថ្លែង​របស់លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​បញ្ជាក់​នៅក្នុង​ពិធី​ចូលរួម​ជា​អធិបតីភាព​នៃ​វេទិកាសាធារណៈ ពិភាក្សា​លើ​ករណី​ប្រជាជន​កាន់កាប់​អាស្រ័យ​ផល​ក្នុង​ដែន​ជំរក​សត្វព្រៃ «​ភ្នំ​ត្នោត​-​ភ្នំ​ពក​» ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​នេះ​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ណែនាំ និង​ពន្យល់​បកស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​កុំ​បន្ត​មានទំនាស់​ដីធ្លី កើតឡើង​បន្តទៀត គឺ​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ​ដែលមាន​នៅក្នុង​តំបន់​នោះ​ទាំងអស់គ្នា​។

​ព្រម​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​ប្រជា​ល​រដ្ឋ​ផ្លាស់ប្តូរ​មុខរបរ​ដែល​ធ្លាប់​បរបាញ់​សត្វ​មកជា​ការចូលរួម​ចិញ្ចឹមសត្វ​ជំនួស​វិញ ព្រោះ​ការ​បរបាញ់​សត្វព្រៃ​ជា​អំពើ​ល្មើសច្បាប់ ប្រឈម​និង​ទោសទណ្ឌ​ចំពោះមុខ​ច្បាប់​។ លោក​រដ្ឋមន្ត្រី​បានផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ចិញ្ចឹមសត្វ​យក​សាច់​ដូចជា​គោ ក្របី ហើយ​ជាពិសេស​នោះ​គឺ​សត្វ​ចៀម និង​ពពែ ជា​សត្វ​ដែល​ចិញ្ចឹម​ក្នុងព្រៃ​សហគមន៍​បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ចំណាយពេល​វេលា​តិច ចំណេញ​ច្រើន​។

​គួរ​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ក្នុង​ពិធី​នេះ​ក៏បាន​សំណូមពរ​ដល់ លោក​រដ្ឋមន្ត្រី សូម​ធ្វើការ​ដោះដូរ​ដី​ដែល​បច្ចុប្បន្ន​ពួកគាត់​បាន​កំពុង​អាស្រ័យ​ផល​លើដី​សហគមន៍ និង​ខ្លះទៀត​ជាប់​ដី​សហគមន៍ ដោយមាន​សត្វព្រៃ​បំផ្លាញ​ដំណាំ​របស់​ពួកគាត់​។

​ក្រោយពី​ពិភាក្សា​រួចមក លោក សាយ សំ​អាល់ បានផ្ដល់​យោបល់​និង​ធ្វើការ​ណែនាំ​ដល់​ពលរដ្ឋ ហើយ​ក្នុងនេះ​ក៏​នឹងមាន​រៀបចំ​ដី​បំរុង​ទុក​សម្រាប់​ដោះដូរ​ជូន​ពួកគាត់ ដោយ​ត្រូវ​នៅ​ជិត​នឹង​សេវាសាធារណៈ មន្ទី​ពេទ្យ សាលារៀន និង​វត្ត​អារាម ដើម្បីឱ្យ​ពួក​គាត​រស់នៅ​ដោយមាន​ភាពងាយស្រួល​។​

​ទន្ទឹម​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក៏ បាន​ជំរុញឱ្យមាន​ការកំណត់​ព្រំប្រទល់​តំបន់​ដែនជម្រកសត្វព្រៃ​ឱ្យបាន​លឿន ពង្រឹង​ការអប់រំ​ប្រជាពលរដ្ឋ​លើកទឹកចិត្ត​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​រៀនសូត្រ​ទាំងអស់គ្នា និង​ស្នើ​ឱ្យមាន​ការដាំ​ដើមឈើ ដែល​ឆាប់​បាន​ទទួលផល ដូចជា​ដំណាំ​អាកាស្យា​ជាដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular