ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្តីពីស្ថានភាពធាតុ អា កាស ដែលអាចនឹងចុះត្រជាក់ដល់រង្វង់១២អង្សាសេ ជាមួយខ្យល់មូសុងឦសា ន ខ្លាំង និងរលកសមុទ្រខ្ពស់ៗនៅអំឡុងពីថ្ងៃទី១២ ដល់១៦ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក លឹម គានហោ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថាបន្ទាប់ពីបានធ្វើការតាមដាននិងព្យាករណ៍ លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងបាន និង កំពុងបន្តធ្លាក់ចុះមកក្រោម (ត្បូង) គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជានាដើមឆ្នាំ ២០២១នេះ ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានស្ថានភាព ដូចជានៅតំបន់ជួរភ្នំដងរែក និងតំបន់ ខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមាមានក្នុងរង្វង់ពី១៤ ទៅ ១៧អង្សាសេ។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង) សីតុ ណ្ហភាព អប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១២ទៅ១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង។
នៅតំបន់វាលទំនាបសីតុណ្ហភាពអប្បបរមាមានក្នុងរង្វង់ពី១៦ ទៅ១៩អង្សាសេ។ ពិសេស ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និង ខេត្តពោធិ៍សាត់ សីតុណ្ហភាព អប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥ ទៅ ១៨ អង្សាសេ លាយឡំជាមួយខ្យល់មធ្យម ។
នៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានក្នុងរង្វង់ពី១៨ ទៅ ២១ អង្សាសេ។ នៅថ្ងៃទី១២ ខែមករា លើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ក្រសួង ក៏បានប្រាប់ដល់ប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ព ដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូម បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។ ដោយឡែកប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយក ចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ៕