ប្រែសម្រួល : កញ្ញាដាលីស ៖ នាង ផាមេឡា អាន់ឌឺសុន និយាយថា ការតស៊ូនៅមិនទាន់ចប់នៅឡើយទេ បន្ទាប់ពីចៅក្រមអង់គ្លេសបានសម្រេចថា ស្ថាបនិកវេបសាយ WikiLeaks លោកជូលៀន អាសាញ មិនអាចត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាម៉េរិកដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទចារកម្មបានទេ។
អតីតតារាសម្តែងក្នុងរឿង Baywatch អាយុ ៥៣ ឆ្នាំរូបនេះគឺជាអ្នកគាំទ្រយូរអង្វែងរបស់លោកអាសាញក្នុងអំឡុងពេលដែលលោកកំពុងតស៊ូផ្នែកច្បាប់ជាមួយរដ្ឋាភិបាលអាម៉េរិកជុំវិញការចេញផ្សាយឯកសារសម្ងាត់រាប់សិបពាន់ក្នុងឆ្នាំ ២០១០ និង ២០១១ ។
ចៅក្រមបានរារាំងសំណើធ្វើបត្យាប័ន ដោយសារតែព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់លោកអាសាញនិងហានិភ័យនៃការធ្វើអត្តឃាត ប្រសិនបើគាត់ត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាម៉េរិក។
បន្ទាប់ពីការវិវឌ្ឍន៍ចុងក្រោយនេះ អតីតតារាបង្ហាញម៉ូត Playboy រូបនេះបានចែករំលែករូបភាពថ្ងៃរះនៅឯឆ្នេរខ្សាច់នៅលើបណ្តាញសង្គមហើយបានសរសេរថា “ព្រះអាទិត្យរះដ៏ពិសេសសម្រាប់មិត្តជាទីស្រឡាញ់ ជូលៀន អាសាញ (ដែលគេមិនធ្វើបត្យាប័ន) សូមតាមដានជាបន្ត ការតស៊ូនៅមិនទាន់ចប់ទេ។ ប៉ុន្តែវាជាពេលវេលាដ៏មានសង្ឃឹមក្នុងការដកដង្ហើម។ ខ្ញុំអាចស្រមៃបានថាជូលៀន (នៅក្នុងតុលាការកំពុងពាក់ម៉ាស់) អាចដកដង្ហើមបាន… #សិទ្ធិមនុស្ស #សេរីភាពនៃការបញ្ចេញមតិ #លើកលែងទោសឱ្យអាសាញ”៕
ផាមេឡាស្វាគមន៍ចៅក្រមអង់គ្លេសដែលសម្រេចមិនធ្វើបត្យាប័នលោកអាសាញទៅសហរដ្ឋអាម៉េរិក