ដោយ: សរិទ្ធ / កណ្ដាល: មន្ត្រីយោធាម្នាក់ដែល ដកកាំភ្លើងខ្លីវាយក្បាលសន្តិសុខ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពសុខម៉េង បណ្ដាលឲ្យដួលសន្លប់ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល បញ្ជួនមកតុលាការ នៅរសៀលថ្ងៃទី៥ខែមករាឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំពុងធ្វើការសាកសួរមន្ត្រីយោធារូបនេះ។
ករណីអំពើហិង្សានេះកើតឡើងវេលាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសម្រាកព្យាបាលនិងសម្ភពយីហោ «សុខ ម៉េង» ដែលមានទីតាំងស្ថិតនៅទល់មុខផ្សារអង្គស្នួល តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីយោធារូបនេះឈ្មោះ ហេង គាហុង អាយុ៤១ឆ្នាំ ជាបងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុខម៉េង និងជាមានតួនាទីជាមន្ដ្រីយោធាពាក់ផ្កាយ១ នៅស្ថាប័នអយ្យការអមតុលាការយោធា ចំណុះក្រសួងការពារជាតិ។ ចំណែក បុរសរងគ្រោះឈ្មោះ ច្រឹក ស៊ីណា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
របាយការណ៍របស់សមត្ថកិច្ចបាន អោយដឹងថា នៅមុនពេលកើតហេតុនៅម៉ោង៦ល្ងាចថ្ងៃទី២ខែ មករា ឆ្នាំ២០២១ បុរសរងគ្រោះ បានទៅយាមជំនួសគេមួយយប់ នៅមន្ទីរសម្រាកព្យាបាលនិងសម្ភពយីហោ «សុខ ម៉េង» ។ លុះពេលយាមរហូតដល់ម៉ោងប្រហែល៥ទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់ មកសួរនាំថា ពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃ ទៅណាហើយ ? បុរសរងគ្រោះឆ្លើយថា គាត់សម្រាកមួយថ្ងៃ ហើយខ្ញុំយាមជំនួសវិញ។ ពេលនោះមនុស្សប្រុសម្នាក់នោះ ក៏បានខ្ចីលុយពីបុរសរងគ្រោះចំនួន ៣,០០០រៀល ហើយក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ ។
របាយការណ៍ដដែលបានអោយដឹងបន្តថា មកដល់វេលាម៉ោង០៨ព្រឹកថ្ងៃទី៣ខែ មករា យោធាពាក់ផ្កាយ១ បានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារនោះ។ រហូតដល់ម៉ោង៨យប់ ក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញបុរសម្នាក់ បានឈរនិយាយជាមួយបរុសរងគ្រោះ ហើយឃើញហុចលុយឲ្យបុរសនោះ។ បន្ទាប់មកបុរសនោះបានពាក់ស្បែកជើងដើរចេញទៅបាត់ ។
ក្រោយឆែកដឹងហើយ យោធាផ្កាយ១ បានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ណាត់ជួបសន្តិសុខដែលមកយាមជំនួសគេនោះ នៅម៉ោង ១០ព្រឹកថ្ងៃទី៤ខែ មករា នៅមន្ទីរសម្រាកព្យាបាលនិងសម្ភពយីហោ «សុខ ម៉េង» ដើម្បីមកជជែកគ្នាឲ្យដឹងសាច់រឿង ។ប៉ុន្តែមិនឃើញមកសោះ ទើបយោធាផ្កាយ១ ខឹងសម្បារយ៉ាងខ្លាំង ក៏បើករថយន្តចេញពីមន្ទីរសម្រាកព្យាបាលនិងសម្ភព ទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័នបាត់ទៅ ។
រហូតមកដល់ម៉ោងប្រមាណ១២រសៀល ទើបក្រុមហ៊ុនសន្តិសុខទៅដល់មន្ទីរសម្រាកព្យាបាលនិងសម្ភពយីហោ «សុខ ម៉េង» មិនឃើញយោធាផ្កាយ១នៅ ក៏ទូរស័ព្ទទៅហៅមកជជែកគ្នាវិញ ។ លុះដល់ម៉ោងកើតហេតុ នៅពេលយោធាផ្កាយ១ ទៅដល់ភ្លាម ឃើញបុរសរងគ្រោះឈរនៅមុខមន្ទីរសម្រាកព្យាបាលនិងសម្ភព ក៏បានទាញយកកាំភ្លើងខ្លី ពីចង្កេះ មកវាយជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យដួលសន្លប់ ហើយជនដៃដល់ ក៏ដើរចូលក្នុងបាត់ទៅ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបុគ្គលិកពេទ្យ នាំទៅលាងរបួស និងដេរចំនួន០៣ថ្នេរ ។ ហើយប្រធានសន្តិសុខដែលជូនជនរងគ្រោះមកនោះ ក៏បានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនដៃដល់ រួមទាំងវត្ថុតាងជាអាវុធខ្លីមួយដើមម៉ាក CF98 លេខ 006009 មានបង់ចំនួនមួយ និងគ្រាប់ផងដែរ ។
បើតាមចម្លើយសារភាពរបស់ជនដៃដល់ និយាយថា ខ្លួនពិតជាបានយកកាំភ្លើងខ្លី ទៅវាយជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជួលឲ្យមកយាម បែរជាត្រូវគ្នាជាមួយចោរទៅវិញ ៕