ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ពៅ សុខ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានចេញផ្សាយជាសាធារណៈនូវសៀវភៅ( ទឹកចិត្តអ្នកជួយសង្គ្រោះ) ដ៏គួរឱ្យចង់អានស្តីពីដំណើរជីវិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ពីកុមារភាព រហូតបច្ចុប្បន្ន ដើម្បីចូលរួមរម្លឹកអនុស្សាវរីយ៍៤៥ឆ្នាំ នៃខួបអាពាហ៍ពិពាហ៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកទីប្រឹក្សា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែមករា នេះថា សៀវភៅ “ទឹកចិត្តអ្នកជួយសង្គ្រោះ”ដែលមានកម្រាស់ ជាង៤០០ទំព័រនេះ គឺបានចាប់ផ្តើមសរសេរកាលពីចុងឆ្នាំ២០១៣ និងបញ្ចប់សព្វគ្រប់ ការរៀបរៀងនៅពាក់កណ្តាលឆ្នាំ២០២០ ដោយបានដាក់ចំណងជើងដំបូងជាភាសាបាលី គឺ ទឹកចិត្តសង្គហជន ដែលមានន័យថា ទឹកចិត្តអ្នកជួយសង្គ្រោះដូចគ្នា។
លោកបញ្ជាក់ទៀតថា សៀវភៅ (ទឹកចិត្តអ្នកជួយសង្គ្រោះ) នេះផងដែរ មាននិយាយរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រជាជនខ្មែរក្នុងសម័យសង្គ្រាមបង្ហូរឈាម៥រវាងខ្មែរ និងខ្មែរ និងយុគសម័យ ដ៏មហារន្ធត់វេទនា នៃការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលដឹកនាំដោយពួកខ្មែរក្រហម ប៉ុល ពត។
លោកករៀបរាប់ថា ក្នុងអំឡុងឆ្នាំ១៩៧៧ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន រត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយមកជួយរំដោះប្រទេសនិងប្រជាជនកម្ពុជាចេញពីរបបដ៏ឃោរឃៅនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រៀបទៅនឹងព្រះនាងជ័យរាជទេវី ដូច្នោះដែរ ដែលព្រះនាងត្រូវបែកពីព្រះស្វាមី គឺព្រះបាទជ័យវម៌្ម ទី៧។ ព្រះបាទជ័យវម៌្មបានរត់ភៀសព្រះកាយទៅសម្ងំបង្កើត កងទ័ពរយៈពេលចន្លោះពី១៥ ទៅ១៩ឆ្នាំ ដើម្បីរំដោះព្រះនគររបស់ព្រះអង្គ ធ្វើឱ្យព្រះនាងជ័យរាជទេវី រង់ចាំព្រះអង្គរហូតសោយទិវង្គត។ ចំណែកសម្តេចតេជោ ហ៊ុន សែន បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម និងចំណាយពេលជិត៣ឆ្នាំ បង្កើតកងទ័ពនិងរួមកម្លាំង ជាមួយ ចលនាខ្មែរដទៃទៀត រួមមានសម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចចក្រីហេង សំរិន សម្តេចភក្តី សាយ ឈុំ សម្តេចពិជ័យសេនាទៀ បាញ់ ដើម្បីរំដោះប្រទេស ចេញពីរបបខ្មែរក្រហម។ ចលនារបស់សម្តេចតេជោហ៊ុន សែននិងថ្នាក់ដឹកនាំ គណបក្ស ប្រជាជនដទៃទៀត ជាអ្នកប្រោះជីវិតប្រជាជនកម្ពុជា ប្រោះប្រទេសកម្ពុជា ប្រោះសេរីភាពប្រជាធិបតេយ្យ ប្រោះរបបរាជានិយម និងប្រោះអ្វីៗគ្រប់យ៉ាង ឱ្យរស់ឡើងវិញ។
លោកទីប្រឹក្សាបញ្ជាក់ថា សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដំណើរជីវិត ប្រៀបដូចព្រះនាងជ័យរាជទេវី ប៉ុន្តែរឹងមាំជាងព្រះនាង គឺក្រោយពេលសម្តេចតេជោហ៊ុន សែន ដឹកនាំយុទ្ធដ៏ស្មោះត្រង់របស់សម្តេច ចេកចេញពីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចប៊ុន រ៉ានី ត្រូវរស់នៅយ៉ាងវេទនា ជាមួយប្រជាជនខ្មែរទូទាំងប្រទេស រង់ចាំស្វាមីត្រឡប់មករំដោះប្រទេសវិញ។ ដោងរំពឹង និងជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃណាមួយស្វាមីរបស់សម្តេច គឺសម្តេចហ៊ុន សែន នឹងត្រឡប់មករំដោះប្រទេស និងប្រជាជនខ្មែរ ពីមហាទុក្ខវេទនាជាមិនខាន។ សម្តេចប៊ុន រ៉ានី មានភាពរឹងមាំជាងព្រះនាងជ័យរាជទេវី ត្រង់ថាសម្តេចមិនបណ្តោយឱ្យការទន្ទឹងរង់ចាំក្លាយជាទម្ងន់ ក្លាយជាអម្រែក លើទឹកចិត្ត លើផ្លូវចិត្ត និងរាងកាយរបស់សម្តេចឡើយ ដោយសម្តេចបានពង្រឹងខ្លួនឯងយ៉ាងរឹងមាំ មិនទន់ជ្រាយ ប្រៀបបាននឹងដែកថែប ដែលត្រូវបានគេលត់ដំម្តងហើយម្តងទៀត ក្នុងជំរំការងារ ដ៏គួរឱ្យភ័យរន្ធត់តក់ស្លុត និងទីបំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជួប សម្តេចហ៊ុន សែន វិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨០ ក្រោយពីប្រទេស និងប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបដ៏ឃោរឃៅបានមួយឆ្នាំ។
លោកអះអាងថា សៀវភៅ ទឹកចិត្តអ្នកជួយសង្គ្រោះនេះ ក៏បានរៀបរាប់ផងដែរអំពីទឹកចិត្តជាអ្នកជួយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីកុមារភាព យុវភាព និងបច្ចុប្បន្ន ដែលសម្តេចបង្កើតឱ្យមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការបង្កើឱ្យមានមូលនិធិកូនភ្លោះ៣ ផ្ទះទេវតា និងក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ របស់សម្តេចកិត្តិព្រឹបណ្ឌិត សម្តេចតេជោហ៊ុន សែន និងកូនចៅរបស់សម្តេច។
លោកបន្ថែមថា សៀវភៅទឹកចិត្តអ្នកជយយសង្គ្រោះ ជាសៀវភៅទី៤ ដែលលោកបានរៀបរៀងជួយថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដូចជាសៀវភៅ៖
-វីរបុរស០៧១
-សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាសទិសប្រយុទ្ធ កូវីដ-១៩
-សម្តេចហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា
៕សរន