ដោយៈ សុផានីតា / កោះកុងៈ រដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាល ខេត្តកោះកុងទទូចសុំចិត្ត ពីពលរដ្ឋ ឬពលករខ្មែរ កុំមានការព្រួយបារម្ភ ក្នុងអំឡុងពេល កំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌលទី២ រយៈពេល ១៤ថ្ងៃ។ ការស្នើសុំបែបនេះ ធ្វើឡើង ក្រោយពីមានមតិបង្ហាញ ព្រួយបារម្ភពេក ពីវិធានការពិនិត្យសុខភាព។
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានអះអាងថាៈ ការធ្វើចត្តាឡីស័ក ចំពោះពលរដ្ឋ ឬពលករ ដែលធ្វើដំណើរ ឆ្លងដែនពីប្រទេសថៃ គឺជារឿងដ៏ចាំបាច់បំផុត ដើម្បីបញ្ចៀស ការឆ្លងរីករាលដាល ដល់សហគមន៍ ធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅ និងសេដ្ឋកិច្ច ប្រាក់ចំណូលទាំងមូល។
លោកអភិបាលរង បានបន្ថែមថាៈ ពេលដែលក្រុមពលករឆ្លងដែន ចូលមកតាមច្រក ព្រំដែននានានោះ ហើយអាជ្ញាធរ មន្ត្រីសុខាភិបាល បានពន្យល់ណែនាំ និងទទួលយក ពួកគេ មកស្នាក់នៅ ក្នុងមណ្ឌលទី២ អតីតសាលាខេត្តចាស់ មុននឹងធ្វើតេស្តពិនិត្យរក វីរុសកូរ៉ូណា ១៤ ថ្ងៃ។ ដំបូងឡើយ ពួកគាត់ព្រួយបារម្ភថា ទុកពួកគេចោលមិនបានមើលថែ រក្សាត្រឹមត្រូវ ប៉ុន្តែពុំដូច្នេះទេ អាជ្ញាធរ គិតគូរពីសុវត្ថិភាព និងសុខភាព ដល់ពលករណាស់ ដោយថែមទាំងផ្តល់អាហារ ៣ ពេល ក្នុង១ថ្ងៃ បូករួមផ្តល់សេវា ពិនិត្យព្យាបាលករណី សុខភាព ខុសប្រក្រតីណាមួយ។
ទន្ទឹមនោះ អភិបាលរងខេត្ត ក៏សំណូមពរ ដល់ពលរដ្ឋ និងពលករខ្មែរ ដែលពាក់ព័ន្ធ កុំបារម្ភពេក ចំពោះការចូលរួម ធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ តបតាមបទបញ្ជារបស់ ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលប្រាប់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អនុវត្តឱ្យបានតឹងរឹង នៅពេលប្រទេសថៃ ផ្ទុះជំងឺកូវីដ១៩ នាបច្ចុប្បន្ន។
គួរជម្រាបថា គិតចាប់ពីថ្ងៃទី២២ ខែធ្នូ ២០២០ មកដល់ម៉ោងនេះ (ថ្ងៃទី៥ មករា) ខេត្តកោះកុង ទទួលបានពលករខ្មែរ ចំនួន ៦៣នាក់ ស្ត្រី២០នាក់ ដែលបានធ្វើដំណើរឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកផ្លូវទឹក និងផ្លូវគោក លើខ្សែបន្ទាត់ព្រំដែន ខេត្តកោះកុង និងខេត្តត្រាត។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង បានលើកឡើងនៅថ្ងៃទី៥ មករា នេះថាៈ ក្នុងចំណោម ក្រុមពលករខ្មែរ ទាំង៦៣នាក់ គឺមាន ៥៣ នាក់ហើយបានយក សំណាក ទៅពិនិត្យចំនួន ២ លើក នៅវិទ្យាស្ថានប៉ាស្ទ័រ ប៉ុន្តែជាលទ្ធផល គឺអវិជ្ជមាន ទាំងអស់។ រីឯពលករ ចាត់បញ្ចូនមកថ្មីៗ ក៏កំពុងត្រូវបានយកសំណាក បន្ថែមទៀត។
លោក ទៅ ម៉ឹង បានអះអាងថាៈ បើទោះបីជាពលករខ្មែរ ទាំង៥៣នាក់បានយកសំណាក ពិនិត្យ ២ ដងរួចហើយក៏ដោយ ក៏ការរឹតបន្តឹងពិនិត្យសុខភាព ឱ្យគ្រប់ចំនួន ជាបន្តបន្ទាប់ តាមលក្ខណៈវេជ្ជសាស្ត្រ មុននឹងអនុញ្ញាត ចាកចេញពីមណ្ឌលទី២ ទៅស្រុកកំណើត។
មិនខុសពីលោក ទូ សាវុធ ទេ លោកប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង ក៏ស្នើសុំដល់ ពលរដ្ឋ ក្នុងមូលដ្ឋាន និងក្រុមពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ចាំបាច់ត្រូវចូលរួម សហការធ្វើចត្តាឡីស័ក ឱ្យត្រឹមត្រូវ គ្រប់ៗគ្នា ជៀសវាងគេចវេសបណ្តាលឱ្យឆ្លងចូល សហគមន៍ ពិបាកអន្តរាគមន៍។
កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តកោះកុង ធ្លាប់បានចុះពិនិត្យស្ថានភាព តាមតំបន់ព្រំដែន ជាប់ខេត្តត្រាត ប្រទេសថៃ ជាច្រើនកន្លែង ដោយថែមទាំងដាក់នូវបញ្ជាមិនអាចចន្លោះ ប្រហោង បានទេ ដល់គ្រប់មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្ត បានកំពុងផ្តោត ការយកចិត្តទុកដាក់ លើការល្បាតប្រចាំ មិនថា តែច្រកទ្វារព្រំដែនគោក ច្រកព្រំដែនទឹក ឬច្រករបៀង ទេ គឺសុទ្ធតែត្រៀមរង់ចាំទទួល ពលករខ្មែរ ដែលឆ្លងដែន៕/V-PC