ប្រែសម្រួលៈវាសនា(មុំបៃ/ហាណូយ)៖វៀតណាម ប្រទេសនាំចេញអង្ករធំបំផុតលំដាប់ទី៣ក្នុងលោក បានចាប់ផ្តើមទិញអង្ករពីគូប្រជែងឥណ្ឌាជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ក្រោយថ្លៃអង្ករក្នុងស្រុកហក់ឡើងខ្ពស់បំផុតធៀបនឹងតំលៃអង្ករក្នុងពេល៩ឆ្នាំមកនេះ ចំពេលការផ្គត់ផ្គង់ក្នុងស្រុកមានកំរិត។
ការទិញនេះបញ្ជាក់អំពីការផ្គត់ផ្គង់អង្ករកាន់តែតានតឹងឡើងនៅអាស៊ី ដែលអាចដំឡើងថ្លៃអង្ករនៅឆ្នាំ២០២១ និងបង្ខំអោយអ្នកទិញជាប្រពៃណីសំរាប់អង្ករថៃនិងវៀតងាកណាមទៅកាន់ឥណ្ឌាដែលជាអ្នកនាំចេញអង្ករធំបំផុតក្នុងលោក។
ពួកឈ្មួញឥណ្ឌា បានចុះកិច្ចសន្យានាំចេញអង្ករបាក់១០០%ចំនួន៧០.០០០តោនរវាងខែមករានិងកុម្ភៈ ក្នុងតំលៃប្រមាណ៣១០ដុល្លារក្នុងមួយតោន នេះបើតាមមន្ត្រីក្នុងឧស្សាហកម្មនេះបានអោយដឹង។
ប៊ី វី គ្រីស្នា រ៉ាវ ប្រធានសមាគមអ្នកនាំចេញអង្ករ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា «ជាលើកដំបូង យើងនាំចេញអង្ករទៅកាន់វៀតណាម។ថ្លៃអង្ករឥណ្ឌាទាក់ទាញណាស់។មានការខុសគ្នាខ្លាំងអំពីតំលៃដែលនាំអោយមានការនាំចេញនេះ»។
អង្ករបាក់៥%របស់វៀតណាមថ្លៃ៥០០ទៅ៥០៥ដុល្លារក្នុងមួយតោន គឺខ្ពស់ជាងអង្ករឥណ្ឌាប្រភេទដូចគ្នាដែលថ្លៃតែ ៣៨១ទៅ៣៨៧ដុល្លារក្នុងមួយតោន។
បើតាមពាណិជ្ជករម្នាក់នៅក្រុងហូជីមិញ «អង្ករនាំចូលពីឥណ្ឌាភាគច្រើនយកទៅធ្វើចំណីសត្វ និងបិតស្រា»។
ការផ្គត់ផ្គង់ថយចុះនិងហ្វីលីពីនបន្តទិញ នាំអោយអង្ករនាំចេញរបស់វៀតណាមឡើងដល់កំរិតខ្ពស់បំផុតបើធៀបនឹងថ្លៃអង្ករនៅ៩ឆ្នាំមកនេះ។ទិន្នផលស្រូវវៀតណាមនៅឆ្នាំ២០២០បានធ្លាក់ចុះ១,៨៥ភាគរយ មកនៅត្រឹម៤២,៦៩លានតោន ស្មើនឹងអង្ករ២១,៣៥លានតោន។
ឆ្នាំ២០២០ ប្រទេសនេះត្រូវបានព្យាកណ៍ថាបាននាំចេញអង្ករ៦,១៥លានតោន ធ្លាក់ចុះ៣,៥ភាគរយ។
កាលពីខែធ្នូ ប្រទេសនាំចូលអង្ករធំជាងគេក្នុងលោក គឺចិន បានចាប់ផ្តើមទិញអង្ករឥណ្ឌាជាលើកដំបូងផងដែរ ដោយសារការផ្គត់ផ្គង់ពីថៃ មីយ៉ាន់ម៉ានិងវៀតណាមកាន់តែខើចនិងអង្ករឥណ្ឌាថោក។
ឆ្នាំ២០២០ ឥណ្ឌានាំចេញអង្ករ១៤លានតោន៕
កសិករឥណ្ឌានៅកាស្មៀ លើកដាក់ស្រូវក្រោយការប្រមូលផលនៅជាយក្រុងស្រ៊ីណាហ្កាកាលពីឆ្នាំ២០២០