Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​និង​វារីវប្បកម្ម​នៅ​ខេត្តកណ្តាល

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន ចិញ្ចឹម​ត្រី​ចំនួន ០២​កន្លែង ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​កសិដ្ឋាន​ទី​០១ ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​កសិដ្ឋាន​ចិញ្ចឹម ត្រី​នេះ​បាន​ដំណើរការ​ជាង ១៨​ឆ្នាំ​ហើយ បច្ចុប្បន្ន​កសិដ្ឋាន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ចំនួន ១៥​ស្រះ ទំហំ​ចាប់ពី ៦.០០០-១០.០០០​ម៉ែត្រការ៉េ សមត្ថភាព​ផលិត​ត្រី​ប្រា​បាន​២.០០០ តោន​នៅក្នុង​មួយឆ្នាំ ដោយ​ប្រើ​ចំណី​ផលិត​ដោយ​ខ្លួនឯង​ផង និង​ក្រុមហ៊ុន​ផង​។​

​កសិដ្ឋាន​ទី​០២៖ ជា​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា​មួយទៀត​ស្ថិតនៅ​ភូមិធំ​ខាងជើង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ភ្នៅ ដែល​បាន​ដំណើរការ ០៧​ឆ្នាំ​មកហើយ ។ បច្ចុប្បន្ន​ក​សិ​ដ្ឋា​នេះ​មាន​ស្រះ ចិញ្ចឹម​ត្រី​ប្រា​ធំៗ​ចំនួន ៨​ស្រះ សរុប​ដាក់​កូន​ត្រី​ចិញ្ចឹម ១​លាន​កូន ដោយ​អនុវត្តតាម គោលការណ៍​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដូចជា​ការផ្តល់​ចំណី ការសម្អាត​ស្រះ ការគ្រប់គ្រង ប្រើប្រាស់ និង​សម្អាត​ទឹក​។​ល​។ រួមផ្សំ​ជាមួយ​ពូជ​ល្អ ចំណី​មាន​គុណភាព​លក្ខខណ្ឌ​ចិញ្ចឹម អំណោយផល ការថែទាំ​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ជាពិសេស​ការលក់ដុំ និង​លក់រាយ​ដោយ​ខ្លួនឯង​ផ្ទាល់​នៅលើ​ទីផ្សារ មិន​រំពឹង​ឈ្មួញកណ្តាល កសិដ្ឋាន​អាច ប្រមូល​ផល និង​លក់បាន ៧០០​តោន​/​ឆ្នាំ ហើយ​អនាគត​គ្រោង​ចិញ្ចឹម​ឲ្យ​បាន ១០០០​តោន /​ឆ្នាំ ដើម្បី​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក​។

​នាឱកាស​នោះ​លោក រដ្ឋមន្ត្រី​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ ប្រឹងប្រែង​ប្រកាន់យក​របរ​ចិញ្ចឹម​ត្រី ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល បើទោះបី​ក្នុង​រយៈពេល​កន្លងមក តម្រូវការ​ទីផ្សារ តម្លៃ​មានការ​ធ្លាក់ចុះ​បន្តិច​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​បាន និង​កំពុង​កើតឡើង​បន្តិច​វិញ​។

​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​វា​រី​វប្បករ​ត្រូវ​បន្ត​រក្សា​មុខរបរ​នេះ​ព្រោះថា​នេះ​គឺជា​អាជីព យ៉ាងរឹងមាំ និង​បាន​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការធានា សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។​

​ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែ​នាំឱ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​រក​ទីផ្សារ ដើម្បី រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម ហើយ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម ចងក្រង​បណ្តុំ​អ្នក​ចិញ្ចឹម និង​បញ្ចូល​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ទាំង​ការផលិត​កូន ផ្តល់​ចំណី និង​បរិស្ថាន​ចិញ្ចឹម ឈាន​ឆ្ពោះទៅ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​រួមទាំង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​សំដៅ​ដល់ ការកែច្នៃ​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ខុសច្បាប់​ពី​ប្រទេសជិតខាង ហើយ​អំពាវនាវ​ដល់​អ្នក​នាំចូល​ត្រី​ងាក​មក​ប្រមូល​ទិញ​ត្រី​របស់​វា​រី​ប្បករ​វិញ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។ ទន្ទឹមនឹងនេះ ចំពោះ​អ្នក​បរិភោគ និង​អ្នកប្រើប្រាស់ កែច្នៃ​ផលិតផល​ត្រី សូម​បន្ត​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិត កម្ម​វារីវប្បកម្ម​ក្នុងស្រុក​ឱ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព និង​តម្លៃ​ជាពិសេស លោក​សុំឱ្យ​វិនិយោគិន​ក្នុងស្រុក​បង្កើន​ការវិនិយោគ​ក្នុង​វិស័យ​វារីវប្បកម្ម​ដើម្បី​ចូលរួម​បង្កើន ផលិតកម្ម​ស្បៀង ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក​ក្នុង​បរិបទ​នៃ​ការរីក​រាល ដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វិដ​-១៩ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular