ប្រែសម្រួល : កញ្ញាដាលីស ៖ នៅស៊ីមបាវ៉េ កន្លែងដែលក្មេងស្រីអាយុ ១០ ឆ្នាំត្រូវគេបង្ខំឱ្យរៀបការដោយសារតែភាពក្រីក្រឬការអនុវត្តន៍តាមបែបប្រពៃណីនិងសាសនា អ្នកស្នេហាកីឡាតេក្វាន់ដូវ័យជំទង់ម្នាក់កំពុងប្រើប្រាស់កីឡាមួយនេះដើម្បីផ្តល់ឱកាសប្រយុទ្ធតស៊ូក្នុងជីវិតដល់ក្មេងស្រីនៅក្នុងសហគមន៍ក្រីក្រ។
អ្នកលេងក្បាច់គុនឈ្មោះ ណាតស៊ីរ៉ៃសេ ម៉ារីតសា អាយុ ១៧ ឆ្នាំ ដែលស្រឡាញ់ក្បាច់គុនតាំងពីអាយុ៥ឆ្នាំនិងឥឡូវកំពុងប្រើតេក្វាន់ដូដើម្បីប្រមូលផ្តុំក្មេងស្រីនិងមាតាទាំងឡាយឱ្យរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងអាពាហ៍ពិពាហ៍កុមារ បាននិយាយថា “មិនមានមនុស្សច្រើនទេហាត់តេក្វាន់ដូនៅទីនេះ ដូច្នេះវាពិតជាគួរឱ្យចាប់អារម្មណ៍សម្រាប់ក្មេងស្រីទាំងរៀបការរួចនិងនៅលីវ។ខ្ញុំប្រើវាដើម្បីទាក់ទាញចំណាប់អារម្មណ៍”។
ក្មេងៗអាយុ ៤ ឆ្នាំនិងខ្លះជាអតីតមិត្តរួមសាលារបស់ណាតស៊ីរ៉ៃសេ ដែលឥឡូវបានរៀបការហើយ បានតម្រង់ជួរនៅលើទីធ្លាតូចមួយនៅខាងក្រៅផ្ទះឪពុកម្តាយរបស់នាងនៅក្នុងភូមិក្រីក្រអេវ៉ហ្វ ដែលមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានីហារ៉ារ៉េ។
ពួកគេរីករាយនឹងធ្វើតាមការបង្ហាត់របស់នាងដោយសន្ធឹងជើង ទាត់ ធាក់ ដាល់ និងចាប់បោក។ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ពួកគេនិយាយអំពីគ្រោះថ្នាក់នៃអាពាហ៍ពិពាហ៍កុមារ។ដៃពរកូនរបស់ពួកគេ ក្មេងស្រីម្នាក់ដែលទើបរៀបការថ្មីថ្មោងបានចេញមុខនិយាយរឿងនេះមុនគេ។
ពួកគេបាននិយាយរៀបរាប់ម្នាក់ម្តងអំពីរបៀបដែលអាពាហ៍ពិពាហ៍របស់ពួកគេបានប្រែទៅជាទាសភាពរួមមានការរំលោភបំពានវាយដំច្រំធាក់ការពាក្យសម្តីប្រមាថការចាប់រំលោភយ៉ាងព្រៃផ្សៃក្នុងចំណងអាពាហ៍ពិពាហ៍ និង ផលវិបាកសុខភាពទាក់ទងនឹងការមានផ្ទៃពោះនិងការអត់ឃ្លាន។
បន្ទាប់ពីបញ្ចប់វគ្គហាត់ក្បាច់គុន នាង ណាតស៊ីរ៉ៃសេ ម៉ារីតសា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា “យើងមិនទាន់ត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍នៅឡើយទេ។ ពួកយើងនៅក្មេងណាស់”។ នាងនិយាយថា កន្លែងហាត់ក្បាច់គុនគឺជាកន្លែងសុវត្ថិភាពបំផុតសម្រាប់ក្មេងស្រីទាំងអស់ដើម្បីចែករំលែកគំនិតគ្នា។
នាងនិយាយទៀតថា “តួនាទីរបស់ម្តាយវ័យជំទង់ជាធម្មតាត្រូវគេព្រងើយកន្តើយ នៅពេលមនុស្សធ្វើយុទ្ធនាការប្រឆាំងនឹងអាពាហ៍ពិពាហ៍កុមារ។ នៅទីនេះ ខ្ញុំប្រើប្រាស់សំឡេងពួកគេ ការប្រឈមរបស់ពួកគេ ដើម្បីជំរុញទឹកចិត្តក្មេងស្រីដទៃទៀត ដែលមិនទាន់រៀបការ ដើម្បីឱ្យនៅឆ្ងាយពីសកម្មភាពផ្លូវភេទនិងអាពាហ៍ពិពាហ៍ឆាប់រហ័សពេក”៕
នាងណាតស៊ីរ៉ៃសេ ម៉ារីតសាកំពុងបង្ហាត់តេក្វាន់ដូដល់ក្មេងស្រីក្នុងភូមិអេវ៉ហ្វ