Home ព័ត៌មានសំខាន់ៗ ឆ្នេរសមុទ្រ​ព...

ឆ្នេរសមុទ្រ​ព្រែកត្រែង កំពុង​រង​នូវ​ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ ខ្លះ​ចាក់ដី​ចូល​សមុទ្រ ខ្លះ​សាងសង់​របង យ៉ាង​អនាធិបតេយ្យ​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ប្រជាពលរដ្ឋ បានលើកឡើង​ថាៈ នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ ព្រែកត្រែង ស្ថិតក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ កំពុង​រង​នូវ​ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ ដោយមាន​ការហ៊ុមព័ទ្ធ​ជា​របង​ថ្ម រឹងមាំ​ធំៗ និង​ចាក់ដី​ចូល​សមុទ្រ យ៉ាង​អនាធិបតេយ្យ ចាប់ពី​រោងចក្រ​ប្រេងកាត មកដល់​ស្ពាន​ព្រែកត្រែង​។​

​ប្រភព​ដដែល បាន​បន្តថាៈ សកម្មភាព​រំលោភបំពាន​នេះ បាន​បង្កឡើង ដោយ​បុគ្គល​មានអំណាច ធំៗ​ជាច្រើនរូប ក្នុងនោះ ក៏មាន​អភិបាលរង ខេត្ត​ព្រះសីហនុ​មួយ រូប​ផងដែរ​។ ប្រជាពលរដ្ឋ ឆ្ងល់​ថា ហេតុអ្វី​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ម្ខាង​ជា​ដី​ចំណីផ្លូវ និង​ម្ខាង​ទៀត ជា​ដី​ចំណី​សមុទ្រ បែរ​ទៅជា​គេ​នាំគ្នា ទៅ​ហ៊ុម​ព័ទ្ធរបង យក ធ្វើ​ដី​ជា​កម្មសិទ្ធិឯកជន​ទៅវិញ​។​

​លោក ហាក់ ម៉េង មេឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ បាន​ប្រាប់​សារព័ត៌មាន តាម​ទូរស័ព្ទ​ថាៈ តំបន់​ហ្នឹង ខ្លះ​មាន​ប័ណ្ណកម្មសិទ្ធិ ខ្លះ​អត់​មាន​ទេ ហើយ​ឥឡូវ បើតាម​លោក អភិបាល និយាយថា តំបន់​នេះ ចង់កា​ត់ទៅ​ឲ្យ​សង្កាត់​លេខ​១ គ្រប់គ្រង​វិញ​ហើយ​។​

​លោក ហាក់ វី​យ៉ា ប្រធាន​ភូមិបាល ស្រុក​ស្ទឹងហាវ បាន​មានប្រសាសន៍ប្រាប់ នៅ​រសៀល ថ្ងៃទី​៤ ខែមករា​ថាៈ ដី​តាម​បណ្ដោយ​ឆ្នេរ​ហ្នឹង មិនមាន​ប័ណ្ណ​នោះទេ មានតែ​កន្លែង​ដាក់​ខ្សាច់​ហ្នឹង ទើប​មាន​ប័ណ្ណ​ប្រហែលជា ២​ប័ណ្ណ​ប៉ុណ្ណោះ​ទេ ក្រោយមក គឺ​គេ​ឈប់​ចេញ​ឲ្យ​ទៀតហើយ​។​

​ចំណែក​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ ក៏បាន​បញ្ជាក់ប្រាប់​ផងដែរ​ថាៈ កន្លែង​ខ្លះ មាន​ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែ​កន្លែង​ខ្លះទៀត គឺ​អត់​មាន​ទេ​។ កន្លែង​ដែលមាន ពីមុន​គេ ឲ្យ​ក្រុមប្រឹក្សា​សង្កាត់ ធ្វើ​អីៗ​នៅ​ទីនោះ ក្រោយមក ក៏​ទុកចោល​អ៊ីចឹងទៅ ពិសេស​មាន​ប័ណ្ណ នៅតែ​តំបន់​ពយៗ​ទេ​។​

​បញ្ហា​នេះ លោក អ៊ី ធា​រិន្ទ នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា​នេះ​ថាៈ លោក អរគុណ សម្រាប់​ព័ត៌មាន​នេះ លោក​នឹង​រាយការណ៍ ជូន​ថ្នាក់ដឹកនាំ ដើម្បី​សុំ​មតិ​ដឹកនាំ​។​

​ជុំវិញ​ដី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ គឺ​បាន​គ្រប់គ្រង ដោយ​រដ្ឋបាលខេត្ត និង​គណៈកម្មការ​ឆ្នេរ ចំពោះ​វិធានការ​បែបណា​នោះ មហាជន ក៏ដូចជា ប្រជាពលរដ្ឋ កំពុង រង់​ចាំមើល​ការអនុវត្ត របស់​ថ្នាក់ដឹកនាំ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular