Home ព័ត៌មានសំខាន់ៗ រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល សម្រេច​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ចូល​នៅ​អគារ​ក្រសួង​ដែនដី​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ បានសម្រេច​និរាករណ៍ លិខិត​មួយចំនួន ដែល​ពាក់ព័ន្ធ​ការ​កាត់ ដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) និង​ការផ្ទេរ ក្រសួង​អភិវឌ្ឍន៍ជនបទ ឱ្យទៅ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អគារ​ស្តី​ការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ផ្ទេរ​ឱ្យទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ឯ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល ឱ្យទៅ​គណៈកម្មាធិការ​ជាតិ ចំនួន​បី ចូល​នៅ​។​

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ បាន​ជម្រាបជូន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ , ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ , ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន , រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល , រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​, រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​, អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ តាមរយៈ​លិខិត​លេខ​០៤ សជណ ស្តីពី​ករណី​សំណើ ស្តីពី​៖

១- និរាករណ៍​លិខិត​លេខ​៧៩០ សជណ​.​ម​យ ចុះ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​រាក​រណ៍​អនុក្រឹត្យ​លេខ​១៣៨ អនក្រ​.​បក ចុះ​ថ្ងៃទី ទី​១​ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការកែសម្រួល​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​
២-​និរាករណ៍​លិខិត​លេខ​៨៧៩ សជណ​.​អស ចុះ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
៣-​និរាករណ៍​លិខិត​លេខ​៨៣៤​សជណ​.​កធ ចុះ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ ២០ ២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
៤- និរាករណ៍​លិខិត​លេខ​៧៩១ សជណ​.​ម​យ ចុះ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រាក​រណ៍​អនុក្រឹត្យ លេខ​១៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី ទី​១ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការកែសម្រួល​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​
៥-​ប្រគល់​អគារ ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​
៦-​ប្រគល់​អគារ ទីស្តីការគ្រសួង​អភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន ជូន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​។​
៧-​ប្រគល់​អគារ ទីស្តីការ​ក្រ​សួ​រ៉ែ និង​ថាមពល បច្ចុប្បន្ន ជូន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​, អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព កំចាត់មីន និង សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​

​នៅក្នុង​លិខិត ដែល​ចុះហត្ថលេខា ដោយ​បណ្ឌិត​សភាចា​រ្យ​ហ៊ី ង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ ប្រចាំការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ ដោយយោង​លិខិត លេខ ០០១ ខន ០២១ សជណ ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ របស់​ខុទ្ទកាល័យ សម្តេច​តេ​ជោ ហ៊ុន សែន​, ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១​។​

​ក្នុង​លិ​ខិ​បញ្ជាក់ថា សេចក្តី​ដូច​មានចែង ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាបជូន​ឯកឧត្តម​ជ្រាបថា រាជរដ្ឋាភិបាល សម្រេច​ដូចខាងក្រោម​៖
១- និរាករណ៍​លិខិត​លេខ​៧៩០​សជណ​.​ម​យ ចុះ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​សំណើសុំ​គោលការណ៍ អនុញ្ញាត​កាត់​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១៥​ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ សម្រាប់​សាងសង់​អគារ ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ និង​និរាករណ៍​អនុក្រឹត្យ លេខ ១៣៨ អនក្រ​.​បក ចុះ​ថ្ងៃទី ទី​១​ខែកញ្ញា​ឆ្ន​២០២០​។​
២-​និរាករណ៍​លិខិត​លេខ​៨៧៩ សជណ​.​អស ចុះ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​សំណើសុំ​ការអនុញ្ញាត ដោះដូរ​ទីតាំង​អគារ ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន និង​ដី​ទំហំ ១៥,៣៣ ហិកតា របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយ​ក្រុមហ៊ុន​ធី​ភី​ម៉ូ​រ៉ា​ល់​គ្រុប ឯ​.​ក​។​
៣-​និរាករណ៍​លិខិត​លេខ ៨៣៤​សជណ​.​កធ ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​សំណើសុំ​ការអនុញ្ញាត ដោះដូរ​និង​ផ្ទេរ កម្មសិទ្ធិ ទី តាំង​អគារ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ អគារ​គណៈកម្មាធិការ សិទ្ធិមនុស្ស​កម្ពុជា និង​អគារ​អាជ្ញាធរ​ជាតិ គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង សង្គ្រោះ ជនពិការ ដោយសារ​មីន និង​ដី​ចំនួន ១៥ ហិកតា ជូន​ក្រុមហ៊ុន ធី​ភី​ម៉ូ​រ៉ា​ល់ គ្រុប​ឯ​.​ក ជា​ថ្នូរ​នឹង​ការសាងសង់​អគារ​ថ្មី និង​ឃ្លាំង​រួមជាមួយ​នឹង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា ជូន​អង្គភាព​ទាំងបី​វិញ នៅលើ​ផ្ទៃដី ១ ហិកតា ២០ អា ស្ថិតនៅ​ភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​សុំ​រួច​ពន្ធ​ប្រថាប់ត្រា ក្នុងការ​ផ្ទេរកម្មសិទ្ធិ​។​
៤- និរាករណ៍​លិខិត​លេខ​៧៩១ សជណ​.​ម​យ ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​សំណើសុំ កាត់​ដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ ១៥ ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ អគារ​គណៈកម្មាធិការ​សិទ្ធិមនុស្ស កម្ពុជា និង​អគារ​អាជ្ញាធរ​ជាតិ គ្រប់គ្រង​សកម្ម ភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន និង​រាក​រណ៍ អនុក្រឹត្យ​លេខ ១៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​ការកែសម្រួល ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​
៥-​ប្រគល់​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​
៦- ប្រគល់​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន ជូន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជ​ធ​នី​ភ្នំពេញ​។​
៧- ប្រគល់​ទីតាំង​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន ជូន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular