មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង រក​មិនឃើញ​ទំនិញ​ហួស​សុពលភាព នៅ​ផ្សារ​ភូមិ​ថ្មី​ចាំ​យាម​

2253
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​បើក​ការចុះ​ត្រួតពិនិត្យ​រាល់​មុខទំនិញ​ទាំងឡាយ ដែល​អាជីវករ​ដាក់តាំង​លក់​នៅក្នុង​ផ្សា​ភូមិ​ថ្មី​ចាំ​យាម ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​។ តាម​ការពិនិត្យសង្កេត​របស់​ក្រុមមន្ត្រី​កាំកុងត្រូល អាះអាងថា គ្មាន​ផលិតផល​ទំនិញ​ណាមួយ​ផុតកំណត់ និង​ផ្ទុក​សារ​គីមី​កំពុង​ដាក់លក់​នៅ​ទីផ្សារ​ឡើយ​។​

“​គ្មានទេ​ទំនិញ​ផលិតផល​ភេសជ្ជៈ បន្ថែ ផ្លែឈើ ត្រី​សាច់ ដែលមាន​សារធាតុ​គីមី ឬ​ហួស​សុពលភាព​ដាក់​នៅលើ​ទីផ្សារ​ក្នុង​ផ្សារ​ភូមិ​ថ្មី ឃុំ​ចាំ​យាម ស្រុក​មណ្ឌលសីមា​” នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ុយ ភារ​ម្យ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង ក្រោយ​ដឹកនាំ​មន្ត្រី​ចុះ​ស្រាវ​ជ្រា​ពិនិត្យ​។​

​លោក ហ៊ុយ ភារ​ម្យ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង បានឱ្យដឹងថា បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ស្វែងរក​ទំនិញ​ហួស​សុពលភាព អាជ្ញាធរ​សមត្ថកិច្ច ក៏បាន​ចែក​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​អា​ជីករ​មិន​ដាក់តាំង​លក់ទំនិញ ដែល​ផ្ទុក​សារធាតុ​គីមី ឬ​ទំនិញ​ហួស​ថ្ងៃខែ​បរិច្ឆេទ​ឡើយ ពីព្រោះ​ការ​លួច​ធ្វើ​ដូច្នេះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំងណាស់​ចំពោះ​អ្នកប្រើប្រាស់​។​

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បញ្ជាក់ទៀតថា លោក​តែង​ដឹកនាំ​មន្ត្រី​ចុះ​ស៊ើបអង្កេត​ពិនិត្យ​ផលិតផល​ទំនិញ​នានា នៅតាម​ទីផ្សារ​ខេត្ត​ជាប្រចាំ ដោយ​ផ្អែកទៅលើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង គុណភាព​សុ​វត្តិភាព​លើ​ផលិតផល​ទំនិញ និង​សេវា​លក្ខណៈ​រូបវ័ន្ត​ទៅលើ​ស្លាក​សញ្ញា​សំបក​វេច​ខ្ចប់​ការ​បរិច្ឆេត​កំប៉ុង​កំពិត​ប៉ោង​រលួយ​។

​បន្ថែម​លើ​នេះ លោក ហ៊ុយ ភារ​ម្យ ក៏​ស្នើសុំ​យ៉ាងទទូច​ដល់​ម្ចាស់​ក្រុមហ៊ុន អ្នក​ដឹកជញ្ជូន ទំនិញ​ជា​គ្រឿងឧបភោគ បរិភោគ​នាំចូល​តាម​ច្រកព្រំដែន ក៏ដូចជា​នៅលើ​ទីផ្សារ​ទាំងអស់ ត្រូវតែ​នាំចូល​ទំនិញ​ទាំងឡាយណា ដែលមាន​លក្ខណៈ​អនុលោមភាព​ខ្ពស់​គ្មាន​សារធាតុ​គីមី ហើយ​មាន​សំបក​តាម បទដ្ឋាន​បច្ចេកទេស​ស្តង់ដារ​ត្រឹមត្រូវ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ទាំង​ផ្នែក​សុខុមាលភាព និង​សេដ្ឋកិច្ច​។​

​គួរ​ជម្រាប​ថា នៅ​ឆ្នាំ​២០១៧ មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង បាន​ចុះ​អង្កេត និង​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ​នានា​នៅតាម​ហាង​លក់ដូរ​លើ​ទីផ្សារ​បាន​ចំនួន​៤៥​លើក ដោយ​ដកហូត​ទំនិញ​ចំនួន​២២​មុខ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​គ្មាន​អនាម័យ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ហើយ​ខ្លះទៀត​នោះ ផ្ទុក​សារធាតុ​គីមី​រួមមាន​៖ សាច់មាន់ ប្រហិត​សរុប​ចំនួន​១​ពាន់​៦​រយ​គីឡូ​ក្រោម​ដែល​នាំចូល​ពី​ប្រទេស​ថៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម