ដោយៈដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដី្ដស្វែងរកការពិត/ភ្នំពេញៈ
ខ្ញុំឈ្មោះ ឥត សារ៉ុន ភេទប្រុស អាយុ២៧ឆ្នាំ។ ស្រុកកំណើតរបស់ខ្ញុំនៅភូមិចំបក់ពាម ឃុំស្វាយរៀង ស្រុកប្រសូត្រ តំបន់២៣។ នៅក្នុងឆ្នាំ១៩៦៣ ខ្ញុំរៀននៅថ្នាក់ទី៥ នៅវិទ្យាល័យកំពង់រោរិ៍ ខេត្តស្វាយរៀង។ នៅក្រោយពេលកើតមានរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានឈប់រៀន។
នៅខែមិថុនា ឆ្នាំ១៩៧០ ឈ្មោះ សូ អតីលេខាតំបន់២៤ បានជួបខ្ញុំ ហើយដោយសារគាត់ឃើញខ្ញុំមានមាឌតូចទើបគាត់ហៅខ្ញុំឲ្យចូលធ្វើជាកងការពារមន្ទីរស្រុក។ ខ្ញុំបានធ្វើជាកងការពាររយៈពេលបួនទៅប្រាំខែ មានទាហានធៀវគី ឬវៀតណាមខាងត្បូងបានមកដេញចាប់ខ្ញុំនិងអ្នកផ្សេងទៀតរត់រប៉ាត់របាយអស់។ សូ បានឲ្យខោអាវមកខ្ញុំ ដើម្បីអូសទាញទឹកចិត្តខ្ញុំឲ្យចូលជាសមាជិក សេ.អ៊ី.អា។ នៅខែធ្នូ ខ្ញុំបានសម្រេចចិត្តចូលជា សេ.អ៊ី.អា ដែលមានឈ្មោះ យ៉ាន និង សំ អឿន ជាអតីតអ្នកតស៊ូសម្ងាត់ គឺជាអ្នកបញ្ចូលឈ្មោះខ្ញុំ និងឈ្មោះ សូ គឺជាអ្នកទទួលស្គាល់។
នៅខែកញ្ញា ឆ្នាំ១៩៧៥ តាមការណែនាំរបស់ សូ, ខ្ញុំ, សាភាន់, សុន គឺជាសមាជិកមន្ទីរតំបន់២៣, យ៉ូន, ម៉ក់ និង សាក់ បានធ្វើការពិភាក្សាគ្នាដោយបានចាត់តាំង ម៉ក់ ឲ្យលាក់ស្រូវចំនួន២០០០ថាំងដាក់ក្នុងជង្រុករបស់តំបន់២៣។ មិនតែប៉ុណ្ណោះយើងថែមទាំងបានឲ្យ ម៉ក់ យកសាំងចំនួន២០ពុយ ទៅលាក់នៅក្នុងឃ្លាំងពាណិជ្ជកម្មរបស់តំបន់២៣។ យើងលាក់របរទាំងនោះក្នុងគោលបំណងត្រៀមធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧៦។ ក្រោយមក សូ បានដកខ្ញុំពីសមាជិកមន្ទីរតំបន់ឲ្យមកទទួលជាអនុប្រធានការពារមន្ទីរតំបន់២៣។ ពេលផ្លាស់ទៅទីនោះខ្ញុំកសាងកម្លាំងបានចំនួនបីនាក់មានឈ្មោះ សារិត គឺជាប្រធានក្រុមការពារមន្ទីរ, សារ៉ន គឺជាសមាជិកក្រសួងពាណិជ្ជកម្ម និងឈ្មោះ ពត ហាន។ ខ្ញុំបានអប់រំអ្នកទាំងនោះដោយបានលើកឡើងអំពីបញ្ហាសតិអារម្មណ៍ និងការធ្វើបដិវត្តន៍ មានការលំបាកគ្រប់បែបយ៉ាង។ នៅក្នុងខែតុលា ឆ្នាំ១៩៧៥ សូ បានចាត់តាំងខ្ញុំឲ្យទៅទាក់ទងឈ្មោះ ធុំ ប្រធាននីរសារតំបន់២៣។ គោលបំណងគឺចង់ឲ្យ ធុំ ចាត់តាំងកម្លាំងយកស្រូវចំនួន៥០០ថាំង ទៅលាក់នៅម្ដុំបាក់រនាស់។ ក្រោយមក សូ បានណែនាំ ម៉ក់, ខ្ញុំ និង ធុំ ឲ្យស្គាល់ខ្សែរបស់គាត់ឈ្មោះ ផល។ ផល គឺជា ប្រធានសហករណ៍សង្ឃ័រ ក្នុងស្រុកប្រសូត្រ ខេត្តស្វាយរៀង។ យើងបានពិភាក្សាគ្នារើសយកសមាសភាពដែលធ្លាប់ប្រឆាំងជាមួយបដិវត្តន៍មកធ្វើជាកម្លាំង និងកសាងបានឈ្មោះ សុខ យ៉ាវ គឺជាមេក្រុម ក្នុងសហករណ៍សង្ឃ័រ។ នៅក្នុងខែវិច្ឆិកា សូ បានឲ្យខ្ញុំទាក់ទងជាមួយឈ្មោះ វណ្ណា គឺជាប្រធានសិល្បៈឃោសនាតំបន់២៣។
អតីតព្រះវិហារវត្តបឹងរ៉ៃ ស្ថិតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលត្រូវបានខ្មែរក្រហមយកធ្វើជាកន្លែងឃុំឃាំងអ្នកទោស។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅដើមឆ្នាំ១៩៧៦ ខ្ញុំ, យ៉ុន គឺជាប្រធានឈ្លបឃុំសង្ឃ័រ, សាក់ គឺជាប្រធានមន្ទីរតំបន់២៣, ថាន់ និង សាភាន់ គឺជាអនុប្រធានមន្ទីរតំបន់២៣ បានលួចយកថ្នាំពេទ្យចំនួន៦០ដប ក្នុងនោះមានថ្នាំ ប៉េនីស៊ីលីន៣០ដប និងសេរ៉ូមមួយឡាំង ទៅប្រគល់ឲ្យឈ្មោះ យ៉ូនគឺជាសមាជិកមន្ទីរតំបន់២៣ និង ណាក់ ទុកនៅក្នុងមន្ទីរតំបន់២៣។ ក្រោយមកនៅពេលយប់ខ្ញុំបាននាំគ្នារង់ចាំស្កាត់បាញ់ឡានពាណិជ្ជកម្ម និងឡានរបស់កម្មាភិបាលណាដែលបើកតាមផ្លូវស្ងាត់។
នៅខែកុម្ភៈ ឆ្នាំ១៩៧៦ សូ បានណែនាំខ្ញុំឲ្យទៅជួបជាមួយឈ្មោះ សាលីវ គឺជាលេខាស្រុកប្រសូត្រ។ បន្ទាប់មកកម្លាំងរបស់យើងបាននាំគ្នាទៅជួបឈ្មោះ ផន គឺជាយុទ្ធជនកងការពារ, ពេជ្រ និង សាវឿន គឺជាខ្សែចាស់តាំងពីឆ្នាំ១៩៧០។ អ្នកទាំងនោះបានធ្វើសកម្មភាព ដើម្បីយកទៅរាយការណ៍ឲ្យ សូ និងត្រៀមរៀបចំផែនការ កម្លាំងក្នុងការធ្វើរដ្ឋប្រហារនៅក្នុងខែមេសា ឆ្នាំ១៩៧៦។ នៅក្នុងខ្លឹមសារទីមួយ យើងត្រូវបានណែនាំឲ្យស្គាល់កម្លាំងថ្មីមួយចំនួន គឺឈ្មោះ សារ៉ន អនុប្រធានសន្តិសុខស្រុកកំពង់រោរិ៍, បូ សមាជិក សន្តិសុខស្រុកកំពង់រោរិ៍,សារិន អនុលេខាស្រុកកំពង់រោរិ៍ តាមរយៈ យ៉ា គឺជាប្រធានយោធាស្រុកកំពង់រោរិ៍។
នៅឆ្នាំ១៩៧៦ ដដែល បញ្ហាធ្វើវិច្ឆេទកម្មគឹ យ៉ា បានចាត់តាំងកម្លាំងឲ្យលួចដុតស្រូវនៅតាមព្រំដែនចំនួន២០ហិកតា ហើយក៏បានលាក់ស្រូវចំនួន១៥០០បាវ ទុកនៅក្នុងជង្រុករបស់ស្រុកកំពង់រោរិ៍ ស្ថិតនៅក្នុងភូមិត្រពាំងរោធ ឃុំត្រពាំងរោរិ៍ ដោយមិនបានរាយការណ៍ប្រាប់ថ្នាក់លើ។ ចំណែកការទំនាក់ទំនងជាមួយយួន យ៉ា ជាអ្នកក្ដាប់បានច្រើន។ ខ្ញុំបានយកព័ត៌មាននេះទៅរាយការណ៍ប្រាប់ សូ។ សូ បានឲ្យខ្ញុំ និង សាភាន់ នាំផែនការមួយចំនួនទៅឲ្យឈ្មោះ ផន និង បក្ខពួកនៅកំពង់រោរិ៍វិញ។ ក្រោយមកយើងកសាងបានកម្លាំងម្នាក់ទៀតឈ្មោះ វុន គឺជាអ្នកបកប្រែអក្សរទូរលេខតំបន់២៣។
នៅខែមីនា ឆ្នាំ១៩៧៦ សូ បានចាត់តាំងកម្លាំងចំនួន១០នាក់ដើម្បីយាមការពារជាសម្ងាត់នៅក្នុងឱកាសដែលប្រជុំជាមួយយួន នៅផ្ទះសម្ងាត់មួយ នៅភូមិត្បែង សង្កាត់គគីសោម របស់ស្រុកប្រសូត្រ។ សូ ចេញដំណើរនៅវេលាម៉ោង៣រសៀល ដោយជិះឡានស៊ីប ជាមួយឈ្មោះ ថាន់ និង កាក់ និងមានអ្នកបើកបរឈ្មោះ សំអេន។ នៅពេលទៅដល់កន្លែងប្រជុំខ្ញុំឃើញមានឈ្មោះ កួន, សាលីវ, ផន, ផល, ឆែម, ស៊ែល, ពិន, សាមន និងយួនឈ្មោះ បែកាវ និង ហុក ដោយមានអ្នកការពារជាជនជាតិយួនចំនួនបីនាក់ និង គណៈយោធាខេត្តតៃនិញ ចូលរួមប្រជុំដែរ។ បន្ទាប់មកអ្នកទាំងអស់នាំគ្នាទៅស៊ីផឹកនៅផ្ទះសម្ងាត់មួយ ស្ថិតនៅចុងភូមិត្បែងខាងជើង សង្កាត់គគីសោម រហូតដល់ម៉ោង១១យប់ទើបការប្រជុំបានបញ្ចប់។ ផាន់ ដែលបានចូលរួមក្នុងការប្រជុំបានប្រាប់ខ្ញុំអំពីផែនការរៀបចំកម្លាំងធ្វើរដ្ឋប្រហារផ្ដួលរំលំបក្សកុម្មុយនីស្តកម្ពុជា ដោយមានយួនជាកម្លាំងខាងក្រៅ, ការត្រៀមស្បៀង ថ្នាំពេទ្យ និងការត្រៀមឡានសម្រាប់ដឹកជញ្ជូន។
អដ្ឋិធាតុរបស់ជនរងគ្រោះនៅវត្តឬស្សីសាញ់ ក្នុងឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅខែមេសា ឆ្នាំ១៩៧៦ តាមការណែនាំរបស់ សូ, ខ្ញុំ និងឈ្មោះ ថាន់, សាក់ បាននាំគ្នាទៅជួបទាក់ទងជាមួយឈ្មោះ ផល ដើម្បីសួរអំពីសកម្មភាពរបស់បក្សនៅក្នុងស្រុកទាំងមូលដែលបានធ្វើសកម្មភាពកន្លងមក។ នៅខែសីហា ឆ្នាំ១៩៧៦ ដដែល តាមការណែនាំរបស់ សូ, ខ្ញុំ, ថុន, ហាន គឺជាអនុក្រុមកងការពារមន្ទីរ បាននាំគ្នាយកផែនការរបស់ សូ ទៅប្រគល់ឲ្យឈ្មោះ ស៊ែល និង ឈ្មោះ ម៉ក់ អនុវត្ត ដោយអង្គភាពរបស់អ្នកទាំងពីរមានភារកិច្ចជីកប្រឡាយ ព្រែកនៅទន្លេកំពង់ត្រាចពីស្រុករមាសហែករហូតទៅដល់ហែកសំណាញ់ក្នុងស្រុកសំរោង។ តាមការណែនាំនោះគឺត្រូវធ្វើយ៉ាងណារារាំងផែនការជីកប្រឡាញកុំឲ្យលឿន, បំផុសយុវជន និងយុវនារី ឲ្យរត់ចោលការដ្ឋាន និងចាត់តាំងកម្លាំងឲ្យដើរអុកឡុកពីបញ្ហាសីលធម៌បុរសនារី និងបង្កើតឲ្យមានការលួចឆក់ប្លន់ដើម្បីឲ្យច្របូកច្របល់នៅក្នុងសហករណ៍។
នៅខែវិច្ឆិកា តាមការណែនាំរបស់ សូ, ខ្ញុំ, ថុល, សាភាន់, ថាន់, សាក់ បានទាក់ទងជាមួយឈ្មោះ សាម គឺជាប្រធានសន្តិសុខតំបន់២៣, សារាន់ គឺជាអនុប្រធានសន្តិសុខតំបន់២៣ ដែលបានមកបានបោះទីតាំងនៅវត្តក្ដីរំដួល ធ្វើជាកន្លែងពន្ធធនាគារសម្រាប់ដាក់អ្នកទោស។ ចំណែកកន្លែងរស់នៅគឺធ្វើផ្ទះមួយនៅខាងលិចវត្តរំដួល ចម្ងាយ១០០ម៉ែត្រ។ បន្ទាប់មកបានចាត់តាំង សាម និង សាភាន់ ឲ្យផ្សព្វផ្សាយដល់បក្ខពួកឲ្យអនុវត្ត គឺ ១) អប់រំកសាងកម្លាំងនៅក្នុងជួរអ្នកទោសតំបន់២៣ មានឈ្មោះ យឹម គឺជាអនុប្រធាននារី គឺជាអ្នកក្ដាប់ ២) ចាប់មនុស្សដែលមិនអនុវត្តតាមការណែនាំពីកម្លាំងរបស់យើងដែលអូសទាញនិងកសាងកម្លាំងបន្ថែម ៣) ចម្លើយដែលឆ្លើយចំខ្សែរបស់យើងត្រូវតែបំបិទទុក ៤) បង្កើតឲ្យមានសីលធម៌ពាលានៅក្នុងមន្ទីរសន្តិសុខ។ កម្លាំងដែលយើងកសាងបាន គឺត្រូវយកទៅធ្វើស្រែនៅក្នុងការដ្ឋាន និងត្រូវមានភារកិច្ចកសាងកម្លាំង ពង្រីកកម្លាំងនៅតាមសហករណ៍ និងបំផុសឲ្យបង្កើតសីលធម៌នៅក្នុងសហរណ៍បន្ត។
នៅខែមេសា ឆ្នាំ១៩៧៧ តាមការណែនាំរបស់ សូ, សាក់ និង សាភាន់ យើងបាននាំគ្នាទៅទាក់ទងជាមួយឈ្មោះ ទៀប គឺជាអនុប្រធានសេដ្ឋកិច្ចតំបន់២៣ ដើម្បីសួរពីកម្លាំងថ្មីដែលកសាងបាន, ការត្រៀមធ្វើរដ្ឋប្រហារនៅខែកក្កដា ឆ្នាំ១៩៧៧ និង សកម្មភាពប្រឆាំងអង្គការ។ ទៀប បានឲ្យដឹងថា កម្លាំងថ្មីដែលកសាងបានចំនួនពីរនាក់មានឈ្មោះ សាវីន ត្រូវជាបងប្រុសរបស់ឈ្មោះ សារ៉ាន គឺជាប្រធានមន្ទីរស្រុកប្រសូត្រ។ សាវីន មានតួនាទីគឺជាប្រធានគមនាគមន៍តំបន់២៣។ ស៊ី មន មានតួនាទីជាប្រធានសិប្បកម្មតម្បាញ និង កាត់ដេរតំបន់២៣។ អ្នកទាំងពីរបានធ្វើសកម្មភាពប្រឆាំងអង្គការដោយលួចដុតស្រូវនៅវាលដើមពោធិ៍ ក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោរិ៍អស់ចំនួន២០០ហិកតា និងបានលួចលាក់ស្រូវសម្រាប់ផែនការបានចំនួន២០០០ថាំង។ ក្រោយមកខ្ញុំ, សាក់, យ៉ូន បាននាំគ្នាលួចយកថ្នាំពេទ្យលាក់បានចំនួន៥០០ដបតាមការណែនាំរបស់ សូ។
នៅខែសីហា ឆ្នាំ១៩៧៧ សាក់ បានហៅខ្ញុំ, សាភាន់ ទៅជួបទាក់ទងជាមួយ ទៀប, សាវីន និង ស៊ី មន ដើម្បីផ្សព្វផ្សាយអំពីផែនការដែល សូ លើកឡើងជាមួយ យួន។ ពេលនោះ យើងក៏បានលើកអំពីការលាក់ស្រូវត្រៀមទុកចំនួន៥០០ថាំង នៅខាងជើងវត្តព្រៃឆ្លាក់ និងការត្រៀមឡាន និងប្រេងចំនួន២០ពុយ។ រហូតដល់ខែតុលា ឆ្នាំ១៩៧៧ ខ្ញុំ, ផាន់, សាភាន់, សាម៉េត គឺជាសមាជិកមន្ទីរតំបន់២៣ បានទៅជួបទាក់ទងជាមួយ សាត និង សារ៉ាក់ ដើម្បីពិភាក្សាគ្នា និងចាត់តាំងកម្លាំងមួយក្រុមឲ្យត្រៀមកម្លាំងរង់ចាំបាញ់ឡានរបស់កម្មាភិបាល និងធ្វើសកម្មភាពអុកឡុកប្រជាជននៅតាមមូលដ្ឋាន។ សូ បានណែនាំឲ្យខ្ញុំ និងបក្ខពួកប្រាំនាក់ទៀតនៅក្នុងស្រុកកំពង់រោរិ៍ នាំកងទ័ពយួនចូលមកស្រុកកំពង់រោរិ៍ និងស្រុកប្រសូត្រ, ប្រមូលស្បៀងស្រូវអង្ករ គោ ក្របី ឲ្យយួនពេលយួនចូលមកដល់ និងឲ្យ យ៉ា ប្រាប់យួនពីជង្រុកស្រូវងធំៗ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៧ ពេលកងទ័ពយួនវាយបុកចូលមកខ្លាំង ខ្ញុំបានគេចទៅនៅភូមិតាពិច ឃុំស្វាយជ្រុំ ស្រុកមានជ័យថ្មី។ សូ បាននាំខ្ញុំឲ្យទៅស្គាល់ អូ និងប្រគល់ខ្ញុំឲ្យរស់នៅផ្ទាល់ជាមួយគាត់។ អូ គឺជាអនុប្រធានសេដ្ឋកិច្ចស្រុកមានជ័យថ្មី ដែលមានទីតាំងនៅភូមិតាពេជ គឺជាខ្សែសេ.អ៊ី.អា របស់សូ និង ឈៀវ លេខាឃុំស្វាយយា ស្រុកមានជ័យថ្មី។ ខ្ញុំ, អូ,ថាន់,អឿន គឺជាប្រធានក្រុមកងការពារមន្ទីរតំបន់ បាននាំគ្នាធ្វើសកម្មភាពឃោសនាបំផុសចលនានៅតាមមូលដ្ឋានដោយនិយាយថាកាំភ្លើងបេ៤០ និង បេ៤១ របស់ខ្មែរក្រហមបាញ់រថក្រោះរបស់យួនមិនឆេះទេ។ ខ្ញុំនៅជាមួយ អូ បានរយៈពេលកន្លះខែ ខ្ញុំនិងបក្ខពួកបានរត់ទៅនៅមន្ទីសង្កាត់ស្វាយយាវិញដើម្បីបន្តទាក់ទងជាមួយ ឈាវ គឺជាលេខាសង្កាត់ស្វាយយា។ ខ្ញុំនៅតែធ្វើសកម្មភាពបំផុសបំផុល និងទាក់ទងជាមួយកម្លាំងរបស់ខ្ញុំ ។
នៅចុងខែធ្នូ ឆ្នាំ១៩៧៧ សូ បានចេញពីសាលារៀនជាមួយអង្គការ ហើយបានប្រមូលបក្ខពួកមួយចំនួនទៅប្រជុំរៀបចំផែនការថ្មី នៅភូមិកីស្លា ស្ថិតនៅឃុំស្វាយយា ស្រុកមានជ័យថ្មី។ អ្នកដែលបានចូលរួមប្រជុំ រួមមាន ១) សាក់ ២) ឈាន ៣) យ៉ាន គឺជាប្រធានពេទ្យតំបន់ ៤)ទៀប, ៥) ម៉ក់ គឺជាប្រធានពាណិជ្ជកម្មតំបន់២៣ ៦) វុធ្ធី ៧) ធុំ ៨) ចាន់ គឺជាអនុលេខាស្រុកប្រសូត្រ ៩) ឆែម ១០) ស៊ែល ១១) ផន ១២) ផល គឺជាលេខាស្រុករមាសហែក និង សាលីវ។ នៅក្នុងខ្លឹមសារប្រជុំ សូ បានណែនាំ ឆែម និង ស៊ែល ឲ្យប្រមូលកម្លាំងទ័ពតំបន់២៣ និងទ័ពស្រុកទាំងអស់នៅក្នុងតំបន់២៣ ដែលត្រូវរត់ចេញពីអង្គភាពនិងជាកម្លាំងដែលត្រូវជាខ្សែរបស់យើងដោយបំផុស និងឲ្យរត់ចេញពីសមរភូមិ និងរត់ចេញពីកងពល២៩០នៅខាងលិចទីរួមខេត្តស្វាយរៀងដើម្បីបើកផ្លូវឲ្យយួនអាចចូលបាន និងឲ្យរៀបចំកម្លាំងរង់ចាំបាញ់កម្មាភិបាលរបស់អង្គការ ជាពិសេសកម្មាភិបាលកងពល។ ប៉ុន្តែដោយកងទ័ពស្រុក និងកងទ័ពតំបន់មួយចំនួនត្រូវបានបែកខ្ញែកកម្លាំង ដូច្នេះការអនុវត្តផែនការនេះត្រូវទទួលបរាជ័យ។ ក្រោយមកទ័ពរបស់អង្គការត្រូវបានបញ្ចូលមកកាន់តែច្រើន ហើយបានវាយទ័ពបណ្តេញកងទ័ពយួនឲ្យ
ចេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៨។ បន្ទាប់មកអង្គភាពរបស់ខ្ញុំបានត្រឡប់ទៅស្វាយរៀងវិញ។
នៅខែមករា ឆ្នាំ១៩៧៨ មានការប្រជុំមួយទៀត សូ បានណែនាំ ថាមានតែគណៈយោធាដែលអាចទាក់ទងជាមួយយួនបាន ព្រោះគណៈយោធាមានភារកិច្ចត្រួតពិនិត្យសមរភូមិ។ មុខសញ្ញាខាងជើងដូងមាន ស៊ែល ធ្វើជានីរសារទាក់ទងយួន ។ ចំណែកខាងត្បូងស្រុកចន្ទ្រាមាន ឆែម។ ក្រោយមក សូ បានឲ្យខ្ញុំតម្ដើងវិទ្យុចំនួនពីរគ្រឿងសម្រាប់ទាក់ទងជាមួយយួន មានសេ២៥ និង សេ៧៧ ដោយប្រគល់ឲ្យអ្នកកាន់តេអូ គឺមានខ្ញុំ និង ថាន់។ លេខសម្ងាត់ក្នុងការប្រើមានពីរសម្រាប់ពេលព្រឹកនិងពេលល្ងាច។ ពេលព្រឹកប្រើលេខ ៤០ និង ៤៥ ដោយបានកំណត់ចាប់ពីម៉ោង៦ព្រឹក និងពេលល្ងាចចាប់ពីម៉ោង៦ល្ងាច កំណត់លេខប្រើ៦៥ និង២៥។ នៅពេលទាក់ទងជាសម្ងាត់សម្រាប់តំបន់២៣ ហៅ០១៩ ។ ប្រសិនបើចង់ទាក់ទងហៅទៅយួន គណៈយោធាខេត្តតៃនិញគឺ អ៊ី-សូន្យ7 (I07) មុខសញ្ញាសម្រាប់ខេត្តឡុងអាង ប្រើ អ៊ី-សូន្យ៥ (I0៥) និង សម្រាប់ទាក់ទងជាមួយឈ្មោះ បៃកាវ និង បុក មុខសញ្ញាផ្លូវជាតិលេខ១ប្រើ អ៊ី-សូន្យ៩(I09)។
ក្រោយមកគណៈយោធាខេត្តតៃនិញ បានទាក់ទងយើងអំពីសភាពការណ៍យោធារបស់ប្រទេសកម្ពុជានៅតាមព្រំដែន និងក្រុងស្វាយរៀង ដោយចង់ដឹងពីកម្លាំងតិចឬច្រើន អាវុធ និង មានរថក្រោះឬទេ ហើយត្រៀមវាយប្រទេសរបស់ខ្លួនពេលណា។ តាមការណែនាំរបស់ សូ ខ្ញុំបានរាយការណ៍ ទៅឲ្យយួន និងបានប្រាប់អំពីទ័ពស្រួចរបស់អង្គការ មានកាំភ្លើងធំធុន១៣០ ចល័តជាប់។ ចំណែកសភាពការណ៍ខាងខ្សែរបក្ខពួករបស់ខ្ញុំកំពុងបែកការ ដោយអង្គការតាមស្រាវជ្រាវ និងចាប់បានមួយចំនួនជាបន្តបន្ទាប់។ នៅខែសីហា ឆ្នាំ១៩៧៨ បានជួបជាមួយ ម៉ន គឺជាលេខាវរសេនាធំតំបន់២៣។ ម៉ន បានប្រាប់ខ្ញុំ ឲ្យបានដឹងអំពីសកម្មភាពដែលបានយកកាំភ្លើងប្រហែលជាមួយឡានលាក់ទុកនៅរណ្ដៅចាស់មួយនៅក្នុងជំរំឬស្សី ដែលស្ថិតនៅខាងកើតវត្តសំបួរ ប្រហែលជា១០០ម៉ែត្រ។ កាំភ្លើងលាក់ទុកទាំងនោះសម្រាប់យកអនុវត្តសកម្មភាពនៅពេលខាងមុខ។
នៅចុងខែ កុម្ភៈ ឆ្នាំ១៩៧៨ ខ្ញុំឈឺគ្រុនញាក់និង បានដេកពេទ្យរបស់តំបន់២៣។ រហូតដល់ថ្ងៃទី១២ ខែមីនា សូ បានមកយកខ្ញុំចេញពីតំបន់២៣ ទៅនៅតំបន់២៤។ ខ្ញុំបាននៅជាមួយ សូ បានរយៈពេលបួនថ្ងៃ គឺនៅថ្ងៃទី១៣ ខែមីនា សូ ត្រូវបានអង្គការចាប់ខ្លួន។ លុះរំលងបានប៉ុន្មានថ្ងៃ នៅព្រឹកឡើងថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧៨ រូបខ្ញុំត្រូវអង្គការចាប់ខ្លួនដែរ។
កំណត់ចំណាំ ៖ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មយ៉ាធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម។ដូច្នេះយើងមិនអាចសន្និដ្ឋានបានទេថាចម្លើយសារភាពរបស់ ឥន សារ៉ុន ហៅ ថុល ពិតឬយ៉ាងណានោះទេ។ សរន