ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃនេះបានដឹកនាំក្រុមការងារចុះ ពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោក ជា សយ នាយកក្រុមហ៊ុន បានជម្រាបជូនលោក រដ្ឋមន្ត្រី ជ្រាបថា កន្លងមកក្រុមហ៊ុន ផលិតតែចំណីជ្រូក មាន់ ទា និងគោតែប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យវារីវប្បកម្មមាន ការីកចម្រើនក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។
បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតចំណីត្រីបាន ៦០០តោន/ខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧.០០០តោន/ថ្ងៃ លក់បាន ៩. ០០០តោន/ខែ ហើយក្នុង ឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥.០០០-៩០.០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុនបានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០.០០០តោន/ឆ្នាំ។ ក្រៅពីផលិតកម្មចំណី ក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមសត្វ និងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាម បណ្តាខេត្តផងដែរ។
នាឱកាសនោះលោក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមផលិតចំណីសត្វ បម្រើឲ្យវិស័យផលិតកម្មសត្វដែលកំពុងមានការវិវឌ្ឍន៍ គួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលមានការ រីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។
លោកបានបន្តថានេះគឺជាឱកាសដ៏ល្អរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកបង្កើនផលិតកម្ម ចិញ្ចឹមសត្វ និងត្រីតាមរយ:ការផលិតចំណីមានគុណភាពល្អ និងតម្លៃសមរម្យឆ្លើយតបតាម តម្រូវការក្នុងស្រុក បង្កើតការងារ និងបង្កើនចំណូលគ្រួសារ។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនប្រើវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើនជាងនេះ បន្ថែមទៀត តាមរយ:ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មដើម្បីលើកកម្ពស់ការប្រើប្រាស់ វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព កាត់បន្ថយការនាំចេញ៕/PC