ដោយៈ បាយ័ន / សៀមរាបៈ ដើម្បីចូលរួមចំណែក កាត់បន្ថយទុក្ខលំបាក របស់ប្រជា ពលរដ្ឋក្រីក្រ ក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ-១៩ ក្រុមប្រឹក្សាសង្កាត់សាលា កំរើក ដែលមានលោក សាម ឡន ជាប្រធានក្រុមប្រឹក្សាសង្កាត់បានខិតខំក្នុងការ ទំនាក់ទំនង រកជំនួយពីសប្បុរសជន និងអង្គការសង្គមស៊ីវិលនានា ក្នុងមូលដ្ឋាន ដូចជា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ ក្នុងមូលដ្ឋាន ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩។
ជាក់ស្តែង នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២១ នេះ រដ្ឋបាលសង្កាត់សាលាកំរើកដោយមាន កិច្ចសហការ ពីអង្គការផ្ទះអញ្ជលី និងអង្គការសម្រេចសុបិនកុមារកម្ពុជាបានផ្ដល់អំណោយ ជាលើទី៦ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៥៣ គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ដែលអំណោយ ទាំងនោះ រួមមាន: អង្ករ ១០គីឡូ ទឹកស៊ីអ៊ីវ ១ដប ទឹកត្រី ១ដប សាប៊ូលាងចាន ១ដប សាប៊ូម្សៅ ១កញ្ចប់ សាប៊ូដុំ ៥ដុំ ស្ករស ១ថង់ អំបិល ១ថង់ មាំល្ហុង ១គីឡូ និងសាច់ក្រក ០,៥ គីឡូក្រាម។
លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ដែលបាន អញ្ជើញចូលរួមត្រូវធ្វើអនាម័យ ឲ្យបានត្រឹមត្រូវ តាមវិធានការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីការពារពី ការឆ្លងជំងឺកូវីដ-១៩ និងត្រូវរាយការណ៍ អំពីសាច់ញាតិបងប្អូន ដែលត្រឡប់មកពីក្រៅប្រទេស ដល់អាជ្ញាធរភូមិសង្កាត់ ដើម្បីនាំពួកគាត់ឲ្យទៅធ្វើចត្តា ឡីស័ក ដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺកូវិត-១៩ ចូលក្នុងសហគមន៍យើង។
ជាមួយគ្នានេះ លោកបានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវចេះធ្វើអនាម័យបរិស្ថាន អោយបានស្អាត កុំបោះបង់ចោលសំរាម ពាសវាលពាសកាល និងត្រូវវេចខ្ចប់ឲ្យបាន ត្រឹមត្រូវ ហើយត្រូវភ្ជាប់ សេវាដឹកជញ្ជូនសំរាម ជាមួយក្រុមហ៊ុន ដឹកជញ្ជូនសំរាមឲ្យបាន គ្រប់ក្រុមគ្រួសារ ដើម្បីឲ្យបរិស្ថានយើងស្អាត និងដើម្បីសោភ័ណភាព ទីក្រុងសៀមរាប របស់យើងទាំងអស់គ្នា ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ ដ៏ល្បីរបស់ប្រទេសកម្ពុជា៕/V-PC